កសិករនៅស្ទឹងត្រែងងាកមកដាំត្រសក់ពូជផ្លែ៨ ខណៈមានតម្រូវការខ្ពស់លើទីផ្សារ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ កសិករនៅខេត្តស្ទឹងត្រែង កំពុងទទួលបានលទ្ធផលល្អពីការដាំដុះត្រសក់ពូជផ្លែ៨ ដោយសារពូជនេះផ្តល់ទិន្នផលខ្ពស់ ងាយស្រួលថែទាំ និងមានអ្នកបញ្ជាទិញជាបន្តបន្ទាប់ ដែលជួយឱ្យកសិករមានប្រាក់ចំណូលកាន់តែប្រសើរ ព្រមទាំងរួមចំណែកបំពេញតម្រូវការបន្លែក្នុងទីផ្សារក្នុងស្រុក។
ក្នុងពេលចុះប្រមូលផលត្រសក់នៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ខ្វៃ យឿន សមាជិកក្រុមកសិករឆ្លាតវៃទី៤ បានឱ្យដឹងថា លោកមានបំណងចែករំលែកបទពិសោធន៍ដាំដុះរបស់ខ្លួន ដើម្បីជំរុញឱ្យកសិករដទៃទៀតចាប់អារម្មណ៍លើការផលិតបន្លែក្នុងស្រុកឱ្យបានច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើបន្លែនាំចូល។
លោកបញ្ជាក់ថា ត្រសក់ពូជផ្លែ៨ គឺជាជម្រើសសមស្របសម្រាប់ការដាំដុះ ព្រោះមានអតិថិជនចាប់អារម្មណ៍ទិញយកទៅចែកចាយបន្តច្រើន។ ទោះបីសម្បកផ្លែមានលក្ខណៈក្រាស់បន្តិចក៏ដោយ ប៉ុន្តែវាអាចរក្សាទុកបានយូរ ដែលជាចំណុចអំណោយផលដល់ការដឹកជញ្ជូន និងការលក់នៅលើទីផ្សារ។
លោកបន្ថែមថា ត្រសក់ពូជនេះអាចប្រមូលផលជាបន្តបន្ទាប់ក្នុងរយៈពេលជាងមួយខែ មិនចាំបាច់ចំណាយកម្លាំងថែទាំច្រើន និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុបានល្អប្រសើរ។
ជាមួយគ្នានេះ លោក យ៉ា ថា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានលើកឡើងថា បទពិសោធន៍ជោគជ័យរបស់ក្រុមកសិករឆ្លាតវៃ គួរត្រូវបានយកទៅអនុវត្ត និងពង្រីកបន្ថែម ដោយសមាជិកត្រូវសហការគ្នាផលិតបន្លែឱ្យបានសមស្របតាមបរិមាណ និងតម្រូវការរបស់អ្នកបញ្ជាទិញ។
មន្ត្រីរូបនេះក៏បានណែនាំឱ្យកសិករយកចិត្តទុកដាក់លើការប្រើប្រាស់ជីធម្មជាតិឱ្យបានច្រើន ដោយកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំកសិកម្មគីមី ដើម្បីលើកកម្ពស់គុណភាពផលិតផល និងឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។
លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នខេត្តស្ទឹងត្រែងមានលទ្ធភាពផ្គត់ផ្គង់បន្លែផ្លែជាច្រើនប្រភេទ ដូចជា ត្រសក់ ត្រឡាច ម្រះ ននោង សណ្តែក និងប៉េងប៉ោះ បានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងខេត្ត។ ជាពិសេស ត្រសក់ និងត្រឡាចមួយចំនួនក៏ត្រូវបានដឹកជញ្ជូនទៅផ្គត់ផ្គង់តាមបណ្តាខេត្តជិតខាងផងដែរ។
គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានក្រុមកសិករឆ្លាតវៃសរុបចំនួន២១ក្រុម ហើយត្រសក់ជាប្រភេទដំណាំដែលកសិករនិយមដាំដុះច្រើន ដោយសារមានទីផ្សារល្អ និងតម្លៃសមរម្យ ។ បច្ចុប្បន្ន ត្រសក់មានតម្លៃចន្លោះពី១.៣០០ទៅ១.៨០០រៀល ក្នុងមួយគីឡូក្រាម ត្រឡាចមួយផ្លែមានតម្លៃពី១.០០០ ទៅ១.៥០០រៀល និងម្រះមួយគីឡូក្រាមមានតម្លៃពី១.៥០០ ទៅ២.០០០រៀល ដែលជាតម្លៃអំណោយផលដល់ការបង្កើនប្រាក់ចំណូលរបស់កសិករ៕








ចែករំលែកព័តមាននេះ