ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង​សម្រាក​នាំ​គ្នា​ជក់​ថ្នាំ​ញៀន​ក្នុង​បន្ទប់ទឹក​! ឃាត់ខ្លួន​​កម្មករ៥​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់ រក្សា​ទុក និង​ចែកចាយ​គ្រឿ​.​ង​.​ញៀ​.​ន

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្មករ​រោងចក្រ​ចំនួន​៥​នាក់ ជា​មុខសញ្ញា​ប្រើប្រាស់​រក្សា​ទុក និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ត្រូវ​បាន​រដ្ឋបាល​រោងចក្រ​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​បន្តបន្ទាប់ ខណៈ​ដែល​ក្រុម​កម្មករ​រោងចក្រ​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់ទឹក​ពេល​សម្រាក​ពី​ការងារ ។

ការ​ឃាត់ខ្លួន​ក្រុម​កម្មករ​ប្រើប្រាស់​រក្សា​ទុក និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុង​បន្ទប់ទឹក​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​ភូមិ​ក្រាំង​លាវ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ដឹង​ថា នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ គឺ​នៅ​វេលា​ម៉ោង​១១ និង​៤០​នាទី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៦ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​សំរោង​ទង សហការ​ជាមួយ​រដ្ឋបាល​រោងចក្រ​កាត់ដេរ យីហោ (​លេស​ស្ទីល មេ​ថ​ល​ប្រដាក់ ខេ​ម​បូ​ឌា ឯ​.​ក ) បាន​ធ្វើការ​ឃាត់​មុខសញ្ញា​រក្សា​ទុក​ប្រើប្រាស់ និង​ចែកចាយ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​៥​នាក់​ជា​បន្តបន្ទាប់​គ្នា នៅ​ចំណុច​កន្លែង​បន្ទប់ទឹក​នៃ​បរិវេណ​រោងចក្រ ភូមិ​ក្រាំង​លាវ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុខសញ្ញា​ប្រើប្រាស់​រក្សា​ទុក និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ត្រូវ​ឃាត់ខ្លួន ទី​១-​ឈ្មោះ ប៉ិល សំណាង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ក្នុងភូមិ​ត្រពាំង​វែង​ទី​២ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ដកហូត​៖ គ្រឿងញៀន​ចំនួន​១ កញ្ចប់​តូច​,​ទូរស័ព្ទ ដៃ​១ គ្រឿង ។ ទី​២-​ឈ្មោះ សុ​ន សុ​ផាត ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ។ ដកហូត​៖ គ្រឿងញៀន​ចំនួន​១ កញ្ចប់​តូច​,​ទូរស័ព្ទ​ដៃ ២ គ្រឿង ។

ទី​៣-​ឈ្មោះ ខន កែវ ភេទ ប្រុស អាយុ​៣២​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​អ្នក​ទាំង​២​នាក់ រស់នៅ​ក្នុងភូមិ​ត្រពាំង​សុ​ភី ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។ ដកហូត​៖ គ្រឿងញៀន​ចំនួន ១ កញ្ចប់​តូច​,​ទូរស័ព្ទ​ដៃ ១ គ្រឿង​,​ខ្សៀ ១​ដើម ។ ទី​៤-​ឈ្មោះ ស្រស់ សៀ​ក​ឡេ​ង ភេទ ប្រុស អាយុ ២៨​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ក្នុងភូមិ​ដំណាក់​កកោះ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ដកហូត​៖ ខ្សៀ​ចំនួន ១ ដើម​,​ទូរស័ព្ទ​ដៃ​ចំនួន ១ គ្រឿង ។

យោង​តាម​ចម្លើយ​ឈ្មោះ សុ​ន សុ​ផាត បាន​ឆ្លើយ​ថា គ្រឿងញៀន​នោះ​រូបគេ​បាន​ទិញ​ពី​ឈ្មោះ ធី កម្លាំង​ជំនាញ​បាន​បន្ត​ឃាត់​មុខសញ្ញា​ឈ្មោះ ជក់ ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ក្នុងភូមិ​វត្ត​ភ្នំ ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។​ក្រោយ​ឃាត់ខ្លួន ដកហូត​៖ ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង ។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​សរុប នគរបាល​ជំនាញ​បាន​ឃាត់​មុខសញ្ញា ចំនួន​៥​នាក់ និង​ដកហូត​វត្ថុ​តាង -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ៣ កញ្ចប់​តូច​,​ទូរស័ព្ទ​ដៃ​ចំនួន ៦ គ្រឿង​, និង​ខ្សៀរ សម្រាប់​ជក់​គ្រឿងញៀន​ចំនួន​២ ដើម​ផង​ដែរ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕