ទីក្រុងរ៉ង់ហ្គូន៖ ថៃកំពុងផ្អែមមាត់មិនស្ទើរទេប្រសិនបើមានជម្លោះជាមួយមីយ៉ាន់ម៉ា។ បន្ទាប់ពីរៀបចំការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្ររួច រដ្ឋាភិបាលមីយ៉ាន់ម៉ាលែងជារបបយោធាតទៅទៀតហើយ ប៉ុន្តែជារដ្ឋាភិបាលពេញច្បាប់ដែលមានប្រមុខដឹកនាំគឺលោកមីនអុងឡាំង។ ដោយសារមិនអាចមើលស្រាលស្ថានការណ៍ ស្រួលមិនស្រួលអាចនឹងផ្ទុះសង្គ្រាមជាមួយមីយ៉ាន់ម៉ា ហេតុនេះថៃសម្រេចចិត្តបញ្ជូនភួងកេតកែវដែលជារដ្ឋមន្ត្រីការបរទេសរបស់ខ្លួនទៅស្ទង់ចិត្តមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗរបស់មីយ៉ាន់ម៉ា។

ប្រធានបទសំខាន់ៗនៃការជួបគ្នាលើកនេះគឺពាក់ព័ន្ធនឹងជម្លោះដែលបន្តកើតមានឡើងនៅប្រទេសមីយ៉ាន់ម៉ា, បញ្ហាសន្តិសុខព្រំដែន, បញ្ហាពាណិជ្ជកម្ម និងបញ្ហាបំពុលបរិស្ថានតាមព្រំដែន។ ភួងកេតកែវថ្លែងថាគាត់នឹងជួបលោកមីនអុងឡាំង, ជួបអនុប្រធានាធិបតីមីយ៉ាន់ម៉ា និងជួបរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ានៅរដ្ឋធានីណៃពិដោរ។ ដដែលឡើងវិញ ការពិភាក្សាគ្នានឹងផ្ដោតសំខាន់លើបួនចំណុចសំខាន់ៗ រួមទាំងស្ថានការណ៍វិវត្តថ្មីៗនៅមីយ៉ាន់ម៉ាផងដែរ។ ថៃចង់វាយតម្លៃទៅលើបញ្ហានេះមុនរៀបចំកិច្ចប្រជុំអាស៊ាននាពេលខាងមុខ។

ថៃនិយាយត្រង់ៗតែម្ដងថាខ្លួនកំពុងខ្វាយខ្វល់យ៉ាងខ្លាំងជុំវិញការប្រយុទ្ធគ្នាពោរពេញដោយសម្រែកគ្រាប់កាំភ្លើងតូច-ធំយ៉ាងកងរំពងព្រៃ កៀកនឹងព្រំប្រទល់របស់ខ្លួន ហើយស្រួលមិនស្រួលអាចហៀរចូលទឹកដីរបស់ខ្លួនទៀតផង។ ជាពិសេស ថៃកំពុងញញើតនឹងការវាយប្រហារឥតបន្ធូរដៃពីសំណាក់កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាតាមអាកាស ដែលមើលទៅពិតជាមិនធម្មតាមែន។ រដ្ឋាភិបាលមីយ៉ាន់ម៉ាបើកប្រតិបត្តិការសឹកម្ដងៗកក្រើកមេឃា និងធ្វើឱ្យថៃញាក់សាច់មិនស្ទើរឡើយ។ នេះមិនទាន់គិតដល់គ្រាប់កាំភ្លើងធំហោះប្រសាចពេញមេឃដែលអាចធ្លាក់ចូលទឹកដីថៃ និងបង្កការខូចខាតយ៉ាងដំណំ។

ប្រភពខ្លះថាភួងកេតកែវក៏ត្រៀមលើកយកបញ្ហាពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមព្រំដែនដែលជួបប្រទះនឹងការកកស្ទះទៅជជែកគ្នាជាមួយមីយ៉ាន់ម៉ាផងដែរ។ ជាពិសេស ច្រកព្រំដែនរវាងស្រុកមេសូត (Mae Sot) របស់ថៃ និងទីក្រុងមីយ៉ាវ៉ាត់ឌី (Myawaddy) របស់មីយ៉ាន់ម៉ា។ ទោះបីប្រទេសទាំង២យល់ព្រមបើកច្រកចេញចូលឡើងវិញមែន ប៉ុន្តែការបារម្ភអំពីបញ្ហាសន្តិសុខ និងការតម្រូវឱ្យមីយ៉ាន់ម៉ានាំចូលទំនិញទៅថៃត្រូវមានអាជ្ញាប័ណ្ណនៅតែជាកត្តារំខានការធ្វើពាណិជ្ជកម្ម។

បញ្ហានេះតែបង្កផលប៉ះពាល់សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ថៃនៅមីយ៉ាន់ម៉ាដដែល។ នេះបើយោងតាមភួងកេតកែវ។ បញ្ហាទីបួននៃគម្រោងពិភាក្សាគ្នាលើកនេះគឺការបំពុលបរិស្ថាននៅទន្លេគោក (Kok) និងទន្លេសៃ (Sai)។ ថៃចាត់ទុកថាបញ្ហានេះឈានដល់ដំណាក់កាលធ្ងន់ធ្ងរដែលត្រូវតែដោះស្រាយជាបន្ទាន់។ ក្រុមអ្នកស្រាវជ្រាវថៃអះអាងថាទឹកកាកសំណល់ដែលហូរចេញពីពីសកម្មភាពជីកយករ៉ែនៅតាមតំបន់ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់យោធារដ្ឋាភិបាលមីយ៉ាន់ម៉ាធ្វើឱ្យគុណភាពទឹកទន្លេសៃធ្លាក់ធ្លាក់ចុះគួរឱ្យព្រួយបារម្ភ៕ ប្រភព៖ ពីបរទេស

ចែករំលែកព័តមាននេះ