ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប សហការ​ជាមួយ​កងកម្លាំង​យោធា រក​ឃើញ​ដី​ព្រៃ​ការពារ​រាប់​សិប​ហិ​កតា ​រង​ការ​កាប់​រុករាន និង​អាស្រ័យ​ផល​ខុសច្បាប់

12 ម៉ោង មុន

ខេត្តសៀមរាប ៖ មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កងកម្លាំង​យោធា តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប ចាប់ពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០២៦ ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៦ បាន​ចុះ​អនុវត្ដ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ភូមិសាស្ត្រ​ខេត្តសៀមរាប​។ ក្រុមការងារ បាន​ធ្វើការ​ចុះ​ល្បាត ពិនិត្យ​ជាក់ស្ដែង ឃើញ​មាន​ទីតាំង​ដី​អាស្រ័យ​ផល​ក្នុង​តំបន់ការពារធម្មជាតិ សរុប​ចំនួន​១៦​ទីតាំង ស្មើនឹង​ទំហំ​ផ្ទៃដី​៤៥,៤៥​ហិ​កតា ។

នៅ​ក្នុងអំឡុងពេល​ជាមួយ​គ្នា ក្រុមការងារ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​ធ្វើការ​ចុះ​ល្បាត​ពិនិត្យ​ជាក់ស្ដែង​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប និង​បាន​រក​ឃើញ មាន​ទីតាំង​ដី​ព្រៃ​រង​ការ​ទន្ទ្រាន​ថ្មី ដើម្បី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ ចំនួន​០១​ទីតាំង ស្មើនឹង​ទំហំ​ផ្ទៃដី​០,៥៧​ហិ​កតា​និង​ទីតាំង​ដី អាស្រ័យ​ផល​ក្នុង​តំបន់ការពារធម្មជាតិ សរុប​ចំនួន​០៥ ទីតាំង ស្មើនឹង ទំហំ​ផ្ទៃដី​១២,៧១​ហិ​កតា ។

ដោយឡែក​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្រុមការងារ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​ធ្វើការ​ចុះ​ល្បាត​ពិនិត្យ​ជាក់ស្ដែង ឃើញ​មាន ទីតាំង​កាប់​រុករាន​ដី​ព្រៃ​ថ្មី ដើម្បី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ ចំនួន​០១​ទីតាំង ស្មើនឹង​ទំហំ​ផ្ទៃដី​១,០៨​ហិ​កតា​។ ក្រុមការងារ​បាន​រៀបចំ និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​រួច​ហើយ​។ លើស​ពី​នេះ ក្រុមការងារ​បាន​បង្ក្រាប ទីតាំង​ដាក់​សញ្ញា​សម្គាល់​ថ្មី ក្នុង​គោលបំណង​កាន់កាប់​ដី​ធ្វើ​ជា​កម្ម​សិទ្ធ ចំនួន​០១​ទីតាំង ស្មើនឹង​ទំហំ​ផ្ទៃដី ៣​ហិ​កតា និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា បទល្មើស​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ដូច​មាន​ចែង ក្នុង​មាត្រា​៨៤៩, មាត្រា​៨៥០, មាត្រា​៨៥១ និង​មាត្រា​៨៥២ ត្រូវ​បាន​ផ្តន្ទាទោស​តាម​មាត្រា​នីមួយ​ៗ​នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ ៕