ទីក្រុងឡុង៖ អ្នកដែលធាត់លើសទម្ងន់កុំទាន់អាលភ័យ និងកុំទាន់អាលជ្រួលច្របល់។ ថ្មីៗនេះ ក្រុមអ្នកសិក្សាស្រាវជ្រាវរកឃើញថានៅក្នុងចំណោមអ្នកធាត់ដុះក្បាលពោះធំទាំងអស់ មានត្រឹមតែចន្លោះពី២៥%ទៅជាង៣០%ប៉ុណ្ណោះដែលចាត់ចូលទៅក្នុងចំណាត់ថ្នាក់ជាអ្នកដែលមានសុខភាពមិនល្អ។ លទ្ធផលស្រាវជ្រាវដែលចេញផ្សាយដោយទស្សនាវដ្ដី «ធម្មជាតិ-Nature» កាលពីម្សិលមិញកើតមានឡើងបន្ទាប់ពីមានសំណើពីក្រុមអ្នកជំនាញ និងស្ថាប័នសុខាភិបាលកាលពីឆ្នាំមុន។ ពួកគេចង់កំណត់ស្តង់ដារថាតើអ្វីទៅដែលហៅថា «ភាពធាត់»? ពួកគេចង់មានន័យថាគួរកុំកំណត់ភាពធាត់ដោយ ផលធៀបរវាងកម្ពស់ និងទម្ងន់ ឬហៅម៉្យាងទៀតថារង្វាស់ប៊ីអឹមអាយ (BMI) នោះគឺមិនគ្រប់គ្រាន់ទេ។

ពួកគេចង់បូកបញ្ចូលទាំងកត្តាដទៃទៀតដូចជាខ្លាញ់សរុបនៅក្នុងខ្លួន និងស្ថានភាពសុខភាពជាទូទៅរបស់បុគ្គលម្នាក់ៗ។ ការសិក្សាស្រាវជ្រាវនេះចង់បង្ហាញថាតើការកំណត់និយមន័យថ្មីនេះមានន័យយ៉ាងដូចម្ដេចចំពោះការវិនិច្ឆ័យរោគ, អត្រាភាគរយនៃអ្នកធាត់លើសទម្ងន់ដែលត្រូវចាត់ទុកថាមានបញ្ហាចោទចំពោះសុខភាព និងវិធីដោះស្រាយបញ្ហាធាត់លើសទម្ងន់ដែលអង្គការសុខភាពពិភពលោកប៉ាន់ប្រមាណថាមានជាងមួយពាន់លាននាក់ទូទាំងសាកលលោក។ អ្នកធាត់លើសទម្ងន់អាចប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២, ជំងឺខ្លាញ់ក្នុងសរសៃបេះដូង, ជំងឺមហារីកថ្លើម និងជំងឺតម្រងនោម។

ការសិក្សានេះកំណត់និយមន័យ២។ ទី១-ការត្រៀមទទួលយកការព្យាបាល ប្រសិនបើស្ថានភាពធាត់នោះប្រឈមនឹងហានិភ័យ និងទី២-ការត្រូវតែទទួលយកការព្យាបាល ប្រសិនបើសុខភាពចាប់ផ្ដើមមានបញ្ហា។ ការសិក្សានោះបានដកស្រង់យកទិន្នន័យពីមនុស្សពេញវ័យសរុបជិត៨,៥សែននាក់នៅប្រទេសចិន អង់គ្លេស អាមេរិក និងអេស្ប៉ាញ ហើយប៉ាន់ប្រមាណថាក្រោមក្របខណ្ឌថ្មីនេះ មនុស្សចន្លោះពី១%ទៅ៣%ដែលប្រើប្រាស់ផលធៀបកម្ពស់ និងទម្ងន់ (BMI) តែមួយមុខគត់ ហើយកំណត់ថាធាត់លើសទម្ងន់នោះ តាមពិតទៅមិនមែនដូច្នេះទេ។ ក្រៅពីនេះ មនុស្សចន្លោះពី៥%ទៅ៩%ដែលខ្លាញ់សរុបនៅក្នុងខ្លួនច្រើនច្រើនលើសស្តង់ដារត្រូវចាត់ទុកថាពិតជាធាត់លើសទម្ងន់មែន។

បើគេប្រៀបធៀបជាមួយប្រជាជនជាទូទៅ មនុស្សរាប់សិបលាននាក់ប្រើវិធីនេះអាចកំណត់ដឹងថាជាអ្នកដែលធាត់លើសទម្ងន់។ លោកហ្វ្រាន់ស៊ីស្កូ រូប៊ីណូ (Francesco Rubino) ជាអ្នកតាក់តែងការសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅសាកលវិទ្យាល័យ King’s College នៃទីក្រុងឡុង។ លោកថ្លែងថារង្វាស់ BMI មិនមានភាពសុក្រិតទេ, រឿងនេះត្រូវគេដឹងជាទូទៅរួចទៅហើយ។ ប៉ុន្តែយើងមិនទាន់មានប្រព័ន្ធកំណត់មុខសញ្ញាឱ្យបានប្រសើរជាងហ្នឹងនៅឡើយទេ។ នេះហើយជាអ្វីដែលការកំណត់និយមន័យថ្មីចង់សម្រេចឱ្យដល់គោលដៅ។ យើងអាចបង្កើតស្តង់ដារត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រដើម្បីកំណត់ថាតើធាត់កម្រិតណាដែលសាមីខ្លួនដល់ពេលត្រូវយកចិត្តទុកដាក់គិតគូរអំពីសុខភាព? និងថាតើត្រូវកំណត់គោលនយោបាយស្ដីពីបញ្ហាធាត់នេះដោយរបៀបណា? ប្រភព៖ Reuters

ចែករំលែកព័តមាននេះ