ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​ស្ទឹង​ត្រែង ​ងាក​មក​ដាំ​ត្រសក់​ពូជ​ផ្លែ​៨ ខណៈ​ទីផ្សារ​មាន​តម្រូវការ​ខ្ពស់

12 ម៉ោង មុន

ខេត្តស្ទឹងត្រែង ​៖ ក្រុម​ឆ្លាត​វៃ​នៅ​ខេត្តស្ទឹងត្រែង កំពុង​ទទួល​បាន​លទ្ធផល​ល្អ​ពី​ការ​ដាំ​ដុះ​ត្រសក់​ពូជ​ផ្លែ​៨ ដោយសារ​ពូជ​នេះ ​ផ្តល់​ទិន្នផល​ខ្ពស់ ងាយស្រួល​ថែទាំ និង​មាន​អ្នកបញ្ជា​ទិញ​ជា​បន្តបន្ទាប់ ដែល​ជួយ​ឱ្យ​ក​សិករ​មាន​ប្រាក់​ចំណូល​កាន់តែ​ប្រសើរ ព្រមទាំង​រួម​ចំ​ណែក​បំពេញតម្រូវការ​បន្លែ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ ។

ក្នុង​ពេល​ចុះ​ប្រមូល​ផល​ត្រសក់​ នៅ​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៦ លោក ខ្វៃ យឿ​ន សមាជិក​ក្រុម​កសិករ​ឆ្លាត​វៃ​ទី​៤ បានឱ្យ​ដឹង​ថា លោក​មាន​បំណង​ចែករំលែក​បទ​ពិសោធន៍​ ដាំ​ដុះ​របស់​ខ្លួន ដើម្បី​ជំរុញ​ឱ្យ​កសិករ​ដទៃ​ទៀត ​ចាប់អារម្មណ៍​លើ​ការ​ផលិត​បន្លែ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ និង​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​បន្លែ​នាំ​ចូល ​។

លោក​បញ្ជាក់​ថា ត្រសក់​ពូជ​ផ្លែ​៨ គឺជា​ជម្រើស​សមស្រប​សម្រាប់​ការ​ដាំ​ដុះ ព្រោះ​មាន​អតិថិជន​ ចាប់​អារ​ម្មណ៍​ទិញ​យក​ទៅ​ចែកចាយ​បន្ត​ច្រើន​។ ទោះបី​សំបក​ផ្លែ​មាន​លក្ខណៈ​ក្រាស់​បន្តិច​ក៏​ដោយ ប៉ុន្តែ​វា​អាច​រក្សា​ទុក​បាន​យូរ ដែល​ជា​ចំណុច​អំណោយផល​ដល់​ការ​ដឹកជញ្ជូន និង​ការ​លក់​នៅ​លើ​ទីផ្សារ​ ។

លោក​បន្ថែម​ថា ត្រសក់​ពូជ​នេះ ​អាច​ប្រមូល​ផល​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង​មួយ​ខែ មិន​ចាំបាច់​ចំណាយ​កម្លាំង​ថែទាំ​ច្រើន និង​មាន​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​បាន​ល្អ​ប្រសើរ ​។

ជាមួយ​គ្នា​នេះ លោក យ៉ា ថា អនុប្រធាន​កា​រិ​យាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម បាន​លើក​ឡើង​ថា បទ​ពិសោធន៍​ជោគជ័យ​របស់​ក្រុម​កសិករ​ឆ្លាត​វៃ គួរ​ត្រូវ​បាន​យក​ទៅ​អនុវត្ត និង​ពង្រីក​បន្ថែម ដោយ​សមាជិក​ត្រូវ​សហការ​គ្នា​ផលិត​បន្លែ​ឱ្យ​បាន​សម​ស្រប​តាម​បរិមាណ និង​តម្រូវការ​របស់​អ្នកបញ្ជា​ទិញ ​។

មន្ត្រី​រូប​នេះ​ក៏​បាន​ណែនាំ​ឱ្យ​កសិករ​យកចិត្តទុកដាក់​លើ​ការ​ប្រើប្រាស់​ជីធម្មជាតិ​ឱ្យ​បាន​ច្រើន ដោយ​កាត់បន្ថយ​ការ​ប្រើប្រាស់​ជី និង​ថ្នាំ​កសិកម្ម​គីមី ដើម្បី​លើកកម្ពស់​គុណភាព​ផលិតផល និង​ឆ្លើយ​តប​នឹង​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ប្រើប្រាស់ ​។

លោក​បាន​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​ខេត្តស្ទឹងត្រែង​ មាន​លទ្ធភាព​ផ្គត់ផ្គង់​បន្លែ​ផ្លែ​ជា​ច្រើន​ប្រភេទ ដូច​ជា ត្រសក់ ត្រឡាច ម្រះ ននោង សណ្តែក និង​ប៉េងប៉ោះ បាន​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ក្នុង​ខេត្ត​។ ជា​ពិសេស ត្រសក់ និង​ត្រឡាច​មួយ​ចំនួន ​ក៏​ត្រូវ​បាន​ដឹក​ជញ្ជូន​ទៅ​ផ្គត់ផ្គង់​តាម​បណ្តា​ខេត្ត​ជិតខាង​ផង​ដែរ ​។

គួរ​បញ្ជាក់​ថា ខេត្តស្ទឹងត្រែង​មាន​ក្រុម​កសិករ​ឆ្លាត​វៃ ​សរុប​ចំនួន​២១​ក្រុម ហើយ​ត្រសក់​ជា​ប្រភេទ​ដំណាំ ​ដែល​កសិករ​និយម​ដាំ​ដុះ​ច្រើន ដោយសារ​មាន​ទីផ្សារ​ល្អ និង​តម្លៃ​សមរម្យ​។ បច្ចុប្បន្ន ត្រសក់​មាន​តម្លៃ​ចន្លោះ​ពី​១.៣០០​ ទៅ​១.៨០០​រៀល ​ក្នុង​មួយ​គីឡូក្រាម ត្រ​ឡាច​មួយ​ផ្លែ​មាន​តម្លៃ​ពី​១.០០០ ​ទៅ​១.៥០០​រៀល និង​ម្រះ​មួយ​គីឡូក្រាម​មាន​តម្លៃ​ពី​១.៥០០​ ទៅ​២.០០០​រៀល ដែល​ជា​តម្លៃ​អំណោយផល​ដល់​ការ​បង្កើន​ប្រាក់​ចំណូល​របស់​កសិករ ​៕