ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nvidia ជួល​ក្រុម​ហ៊ុន​ជំនាញ​ផ្នែក​ច្បាប់​ដើម្បី​ស៊ើប​អង្កេត​រឿង​អា​ស្រូវ​ស្នេហា​របស់​នាយក​ប្រតិ​បត្តិ​​ខ្លួន​

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ យើង​ងាក​មក​បន្ត​ចាប់​អារម្មណ៍​​​​​រឿង​អាស្រូវ​ស្នេហា​ដ៏​កក្រើក​ពិភព​លោក​​រវាង​នាយក​ប្រតិ​បត្តិ​​ក្រុម​ហ៊ុន​​ផលិត​បន្ទះ​ឈីប​អឹន​វីឌា (Nvidia) លោក​ជេន​សិន​ ហួង (Jensen Huang)​ និង​ស្ត្រី​អ្នក​ជំនួញ​កាលីប​ខ្ពស់​ម្នាក់​ឈ្មោះ​អាលីស​ ហួង (Alice Huang) ដែល​រដ្ឋា​ភិបាល​អាមេរិក​​កំពុង​ដាក់​ការ​សង្ស័យ​ថា​អ្នក​ស្រី​អាច​ជា​ភ្នាក់​ងារ​​ចារកម្ម​​របស់​​​រដ្ឋាភិបាល​ចិន​។ អាមេរិក​សង្ស័យ​ថា​ចិន​ប្រើ​ប្រាស់​អ្នក​ស្រី​អាលីស ហួង​​ធ្វើ​ជា​នុយ​ដើម្បី​ទៅ​កៀក​នឹង​លោក​ជេន​សិន ហួង​ និង​ដើម្បី​​កេង​ចំណេញ​ពី​ទំនាក់ទំនង​ស្នេហា​នេះ​​លួច​ផ្ទេរ​បន្ទះ​ឈីប​​បំពាក់​បច្ចេក​វិទ្យា​ទំនើប​ទៅ​ឱ្យ​​ក្រុម​ហ៊ុន​តូច​ធំ​នានា​ទូទាំង​ប្រទេស​ចិន​។

ឥឡូវ​នេះ បើ​យោង​តាម​លោក​ដូណាល់​ត្រាំ អែហ្វ​ប៊ី​អាយ (FBI) ​ចាប់​ផ្ដើម​បើក​ការ​ស៊ើប​អង្កេត​​ទៅ​លើ​លោក​ជេន​សិន​ ហួង​ និង​ប្រវត្តិ​ទំនាក់​ទំនង​ស្នេហា​នេះ​ហើយ​។ ប្រសិន​បើ​ទៅ​ថ្ងៃ​មុខ លទ្ធ​ផល​ស៊ើប​​អង្កេត​បង្ហាញ​ថា​នាយក​ប្រតិ​បត្តិ​រូប​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង «​អន្ទាក់​ស្រី​ស្អាត​ ឬ​ Honey Trap»​ ដើម្បី​បម្រើ​ឱ្យ​ផល​ប្រយោជន៍​ចារកម្ម​ដូច​ការ​សង្ស័យ​មែន​ មាន​ន័យ​ថា​លោក​ក៏​ជា​អ្នក​រង​គ្រោះ​នៅ​​ក្នុង​រឿង​នេះ​ដែរ​។ មែន​ទែន​ទៅ រដ្ឋា​ភិបាល​​ប្រទេស​មួយ​ប្រើ​យុទ្ធ​សាស្ត្រ​ស្រី​ស្អាត​ដើម្បី​ធ្វើ​ជា​នុយ​ទាក់​​​មនុស្ស​ប្រុស​ វា​ជា​រឿង​ដែល​​ពិបាក​ឱ្យ​ភាគី​ដែល​គេ​តាម​ប្រមាញ់​នោះ​គេច​ផុត​​ណាស់​​។​ សូម្បី​តែ​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​រវាង​លោក​ប៊ីល​ហ្គេត​ សហ​ស្ថាបនិក​ក្រុម​ហ៊ុន​ម៉ៃ​ក្រូសូហ្វ (Microsoft) ​ជា​មួយ​នាង​​មីឡា​ អាន​តូណូវ៉ា (Mila Antonova) ក៏​ត្រូវ​គេ​សង្ស័យ​ថា​នាង​ជា​ភ្នាក់​ងារ​​ចារកម្ម​របស់​រុស្ស៊ី​ផង​ដែរ​។

យុទ្ធ​សាស្ត្រ​ស្រី​ស្អាត-​​ប្រុស​ស្អាត​ (honey trap ​ឬ​ sexpionage) ធ្លាប់​ត្រូវ​អតីត​សហ​ភាព​សូវៀត​អនុ​វត្ត​យ៉ាង​មាន​ជោគ​ជ័យ​ ហើយបាន​​អូស​ទាញ​ក្រុម​អ្នក​ការ​ទូត​ និង​មន្ត្រី​រដ្ឋាភិបាល​លោក​ខាង​លិច​ឱ្យ​បម្រើ​សូវៀត​ទាំង​បង្ខំ​ចិត្ត,​​ បើ​មិន​បម្រើ​គឺ​មិន​បាន ​ព្រោះ​ចំណុច​ខ្សោយ​ត្រូវ​គេ​គ្រប់​គ្រង​បាន​អស់​ហើយ​, ហ៊ាន​តែ​រើ​ខ្លួន​គឺ​កាន់​តែ​ធ្ងន់​ក។ ​ប្រភពខ្លះ​ថា​ក្រុម​ហ៊ុន​ Nvidia បាន​ចាត់​តាំង​ក្រុម​ហ៊ុន​ជំនាញ​ខាង​កិច្ច​ការ​ច្បាប់​​​ដ៏​ធំ​​មួយ​របស់​អាមេរិក​ដើម្បី​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​របស់​អង្គ​ភាព​ខ្លួន «​ប្រកប​ដោយ​ភាព​ស៊ី​ជម្រៅ​គ្រប់​ជ្រុង​ជ្រោយ​ និង​ដោយ​ឯក​រាជ្យ» ​ដើម្បី​ចង់​ដឹង​ថា​តើ​ប្រវត្តិ​ទំនាក់​ទំនង​ស្នេហា​នេះ​​​មាន​ដំណើរ​ដើម​ទង​បែប​ណា​ខ្លះរវាង​លោក​ជេន​សិន​ ហួង និង​អ្នក​ស្រី​អាលីស​ ហួង​ដែល​គេ​សង្ស័យ​ថា​ជា​ភ្នាក់​ងារ​សម្ងាត់​ដែល​រដ្ឋាភិបាល​ចិន​បញ្ជូន​ទៅ​ធ្វើ​ជា​នុយ​ទាក់​លោក​ឱ្យ​ចូល​ទៅ​ក្នុង​អន្ទាក់​ស្រី​ស្អាត​នោះ?​

ក្រុម​ហ៊ុន​ផលិត​បន្ទះ​ឈីប​លំដាប់​កំពូល​ដែល​មាន​តម្លៃ​ភាគ​ហ៊ុន​ជាង​៤​ទ្រី​លាន​ដុល្លារ​មួយ​នេះ​​ជួល​ក្រុម​ហ៊ុន Wachtell, Lipton, Rosen & Katz ដែល​មាន​ទីស្នាក់​ការ​នៅ​​ទី​ក្រុង​ញូយ៉ក​ដើម្បី​បើក​ការ​ស៊ើប​អង្កេត ​ក្រោម​កិច្ច​សហ​ការ​ពី​លោក​ជូន​គីម​​ (Joon Kim)។ Nvidia ​​ត្រូវ​ការ​បង្ហាញ​​នូវ​ភាព​​ស្អាត​ស្អំ​របស់​ខ្លួន​នៅ​ក្នុង​រឿង​នេះ​ព្រោះ​បញ្ហា​នេះ​មិន​លេង​សើច​ទេ​ អាច​ឈាន​ដល់​វិវាទ​រវាង​រដ្ឋា​ភិ​បាល​ និង​រដ្ឋាភិបាល​។ ប្រទេស​ចិន​បាន​ចេញ​មុខ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ ឬ​ការ​សង្ស័យ​របស់​អាមេរិក​រួច​ហើយ​។ ប៉ុន្តែ​សំខាន់​ស៊ី​សង​លើ​លទ្ធ​ផល​ស៊ើប​អង្កេត​ទៀត​។ លើក​នេះ​ស៊ើប​អង្កេត​ពី​ច្រើន​ស្ថាប័ន។

​ក្រុម​ហ៊ុន​ Watchtell ចាត់​ទុក​លោក​គីម​ជា​អ្នក​ជំនាញ​ការ​លើ​ច្រើន​វិស័យ​រួម​ទាំង​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង​, ការ​​​ការ​ពារ​ក្ដី​ឱ្យ​ឧក្រិដ្ឋ​ជន​​លំដាប់​​ខ្ពស់​ និង​​ការ​គ្រប់​គ្រង​វិបត្តិ​​ជា​ដើម​​។ លោក​ធ្លាប់​កាន់​ការ​ងារ​ជា​រដ្ឋ​អាជ្ញា​ប្រចាំ​ទី​ក្រុង​ញូយ៉ក​។ ការ​ស៊ើប​អង្កេត​​​នេះ​​មិន​ប៉ះ​ពាល់​ដំណើរ​ប្រព្រឹត្ត​ទៅ​របស់​ក្រុម​ហ៊ុន​​ទេ​។ ​ក្រុម​ហ៊ុន​អះ​អាង​ថា​​​លោក​ជេន​សិន​ ហួង​នឹង​​​បន្ត​ដឹក​នាំ​ក្រុម​ហ៊ុន​ដោយ​មិន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ការ​ងារ​ឡើយ​។ ​ក្រុម​ហ៊ុន Nvidia ​​កំពុង​ទទួល​រង​ព្យុះ​ភ្លៀង​នៃ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ដ៏​មិន​ធម្ម​តា​មួយ។ ​​រឿង​អាស្រូវ​នេះ​បើ​ពាក់​ព័ន្ធ​តែ​នឹង​​អំពើ​​ផិត​ក្បត់​ក្រៅ​ចំណង​អាពាហ៍​ពិពាហ៍​​វា​ជា​រឿង​មួយ​។ ប៉ុន្តែ​បើ​រឿង​​នេះ​ត្រូវ​បាន​គេ​រៀប​ចំ​ជា​ខ្សែ​សង្វាក់​មាន​បណ្ដាញ​ចាត់​តាំង​ជា​របៀប​ក្រុម​អេគីប​ចារកម្ម​ដើម្បី​ធ្វើ​ស៊ី​លោក​ជេន​ស៊ី​ ហួង ​ដូច​អ្វី​ដែល​រដ្ឋាភិបាល​អាមេរិក​ដាក់​ការ​សង្ស័យ​​មែន​នោះ វា​នឹង​ក្លាយ​ជា​រឿង​មិន​ធម្មតា។ ប៉ុន្តែ​ការ​ពិត​យ៉ាង​ណា​នោះ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។ យើង​មាន​តែ​រង់​ចាំ​អ៊ុត​ទាំង​អស់​គ្នា​។

ពាក់​ព័ន្ធ​នឹងពាក្យ​ចចាម​អារ៉ាម​នៃ​រឿង​អាស្រូវ​ស្នេហា​នេះ​ ពី​ដំបូង​ទី​ ក្រុម​ហ៊ុន​ Nvidia ព្យាយាម​​បដិ​សេធ​។ ប៉ុន្តែ​​កាល​ពី​ថ្ងៃ​អាទិត្យ​​កន្លង​ទៅ​នេះ​​​​ លោ​កជេន​សិន ហួង​ខ្លួន​លោក​ផ្ទាល់បាន​​និយាយ​សារ​ភាព​តាម​ត្រង់​ថា​លោក​ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​មិន​ស្មោះ​ត្រង់​ចំពោះ​ភរិយា​ពេញ​ច្បាប់​របស់​លោក​មែន​។ លោក​និយាយ​ដោយ​ប្រយោល​ ដោយ​មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​ស្រី​អាលីស​ ហួង​នោះ​ទេ​។ នៅ​ថ្ងៃ​ដដែល​នោះ ក្រុម​ហ៊ុន​ Nvidia ប្រកាស​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​របាយ​ការណ៍​របស់​សារ​ព័ត៌​មាន​ដែល​ចុះ​ផ្សាយ​ថា​លោក​ជេន​សិន ហួង​ក្លាយ​ជា​ចំណាប់​ខ្មាំង​នៃអន្ទាក់​ចារកម្ម​បរទេស​។ គ្រាន់​តែ​ផ្ទុះ​រឿង​អាស្រូវ​នេះ​​​មិន​យូរ​ប៉ុន្មាន​​ តម្លៃ​ភាគ​ហ៊ុន​របស់​ Nvidia ធ្លាក់​ចុះ​៤៣០​ពាន់​លាន​ដុល្លារ​ភ្លាម​ៗ​ព្រោះ​ម្ចាស់​ភាគ​ហ៊ុន​បារម្ភ​អំពី​ផល​ប៉ះពាល់​របស់​រឿង​អាស្រូវ​នេះ​ទៅ​លើ​ក្រុម​ហ៊ុន​ និង​កេរ្តិ៍​ឈ្មោះ​របស់​នាយក​ប្រតិ​បត្តិ​ដែល​គេ​ប្រៀប​​ប្រដូច​ទៅ​នឹង​ការ​អភិវឌ្ឍ​ដ៏ធំ​សម្បើម​នៅ​ក្នុង​វិស័យ​បញ្ញា​សិប្ប​និម្មិត​អេ​អាយ៕ ប្រភព៖ The Guardian​

លោក​ជេន​ស៊ី ហួង និង​ភរិយា​