សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ថ្លើមជាសរីរាង្គសំខាន់ដែលជួយដំណើរការអាហារ និងចម្រោះសារធាតុកាកសំណល់ចេញពីរាងកាយ។ ការជ្រើសរើសអាហារដែលមានប្រយោជន៍ និងញ៉ាំជាប្រចាំ អាចជួយថែរក្សាសុខភាពថ្លើមបាន។ ក្នុងចំណោមអាហារទាំងនោះ កាហ្វេ បន្លែសេលេរី ផ្លែទទឹម និងបន្លែអាទីចុក គឺជាអាហារ ៤ ប្រភេទដែលមានសារធាតុចិញ្ចឹមជួយការពារកោសិកាថ្លើម និងគាំទ្រដល់ដំណើរការរបស់ថ្លើម។
ទី១. កាហ្វេ ការផឹកកាហ្វេជាប្រចាំក្នុងបរិមាណសមស្រប ត្រូវបានរកឃើញថាមានទំនាក់ទំនងនឹងការប្រមូលផ្តុំខ្លាញ់ក្នុងថ្លើមតិចជាងមុន និងការថយចុះហានិភ័យជំងឺថ្លើមរ៉ាំរ៉ៃ ការក្រិនថ្លើម និងមហារីកថ្លើម។ ទោះជាយ៉ាងណា គួរជ្រើសរើសកាហ្វេខ្មៅ ឬកាហ្វេដែលមានជាតិស្ករតិច ព្រោះការទទួលទានស្ករច្រើនអាចបង្កើនការប្រមូលផ្តុំខ្លាញ់ក្នុងថ្លើម។ ទី២. បន្លែសេលេរី មានសារធាតុដែលជួយការពារកោសិកាពីការខូចខាត និងកាត់បន្ថយការរលាក។ បន្លែប្រភេទនេះអាចយកទៅស្ងោរ ឆា ឬដាក់ក្នុងសម្ល។ គួរញ៉ាំទាំងដើម និងស្លឹក ព្រោះមានជាតិសរសៃដែលជួយដល់ការរំលាយអាហារ ជាជាងយកទៅច្របាច់យកតែទឹកផឹក។
ទី៣. ផ្លែទទឹម សម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយការពារកោសិការាងកាយពីការខូចខាត និងជួយកាត់បន្ថយការរលាក។ សារធាតុទាំងនេះក៏ត្រូវបានសិក្សាអំពីតួនាទីក្នុងការកាត់បន្ថយការប្រមូលផ្តុំខ្លាញ់ក្នុងកោសិកាថ្លើមផងដែរ។ អាចញ៉ាំគ្រាប់ផ្លែទទឹមស្រស់ៗ ឬលាយជាមួយទឹកដោះគោជូរ និងសាលាដ ដើម្បីបន្ថែមសារធាតុចិញ្ចឹមក្នុងរបបអាហារ។ ទី៤. បន្លែអាទីចុក មានជាតិសរសៃ និងសារធាតុចិញ្ចឹមមួយចំនួនដែលអាចជួយដល់ការផលិតទឹកប្រមាត់ និងការរំលាយខ្លាញ់ ព្រមទាំងជួយការពារកោសិកាថ្លើមពីការខូចខាត។ បន្លែនេះអាចយកទៅស្ងោរ ឬដាក់ក្នុងសម្ល ដើម្បីទទួលបានសារធាតុចិញ្ចឹមពីវា។
ជារួម កាហ្វេ បន្លែសេលេរី ផ្លែទទឹម និងបន្លែអាទីចុក សុទ្ធតែជាអាហារដែលអាចជួយគាំទ្រដល់សុខភាពថ្លើម ប្រសិនបើបរិភោគក្នុងរបបអាហារដែលមានតុល្យភាព។ ទោះជាយ៉ាងណា អាហារទាំងនេះមិនមែនជាថ្នាំព្យាបាលជំងឺថ្លើម ឬអាចសម្អាតថ្លើមដោយផ្ទាល់នោះទេ។ ដើម្បីថែរក្សាថ្លើមឱ្យមានសុខភាពល្អ គួរញ៉ាំបន្លែ និងផ្លែឈើឱ្យបានចម្រុះ កាត់បន្ថយអាហារផ្អែម និងខ្លាញ់ច្រើន ជៀសវាងគ្រឿងស្រវឹង និងរក្សាទម្លាប់រស់នៅឱ្យបានល្អ៕
ចែករំលែកព័តមាននេះ