ទីក្រុងអាប៊ូដាប៊ី៖ កិច្ចជំនួបត្រីភាគីរវាងគណៈប្រតិភូអាមេរិក រុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអាប៊ូដាប៊ី (Abu Dhabi) ប្រទេសអារ៉ាប់រួម បានបិទបញ្ចប់ទៅវិញហើយ ដោយមិនទទួលបានកិច្ចព្រមព្រៀងអ្វីជាដុំកំភួននោះទេ ក្រៅពីការព្រមព្រៀងដូរឈ្លើយសឹកគ្នាទៅវិញទៅមក។ អាមេរិកក្នុងនាមជាអ្នកសម្របសម្រួលការចរចាយល់ថាអ្វីដែលជាចំណុចស្នូលរារាំងមិនឱ្យមានកិច្ចព្រមព្រៀងគឺការមិនជឿទុកចិត្តគ្នា។ នៅមានបញ្ហាខ្វែងគំនិតគ្នាច្រើនណាស់ រួមទាំងបញ្ហាពាក់ព័ន្ធនឹងបូរណភាពទឹកដីផងដែរ។ នៅក្នុងការជួបគ្នាជាថ្មីបន្ទាប់ពីខកខានអស់រយៈពេល៩ខែ (ដោយសារអាមេរិកជាប់ដៃនៅក្នុងសង្គ្រាមអុីរ៉ង់) ប្រទេសទាំង២ឯកភាពជាគោលការណ៍ថានឹងដូរឈ្លើយសឹកគ្នា ហើយនៅថ្ងៃនេះពួកគេនឹងកំណត់ថាត្រូវដូរចំនួនប៉ុន្មាននាក់។

លោកឃូសស្នឺ (Kushner) ដែលជាប្រេសិតពិសេសរបស់អាមេរិក និងជាកូនប្រសាលោកត្រាំផងនោះ ថ្លែងថាការដូរឈ្លើយសឹកលើកនេះនឹងក្លាយជាការដោះលែងអ្នកទោសសង្គ្រាមតាមគោលការណ៍មនុស្សធម៌ដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្គ្រាមផ្ទុះឡើងរយៈពេលជិតប្រាំឆ្នាំកន្លងទៅនេះ។ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី ថ្លែងថាឈ្លើយសឹកដែលដូរគ្នាលើកនេះអាចនឹងមានចំនួនច្រើន។ ទាំងរុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែនិយាយដូចៗគ្នាថាការចរចាគ្នានៅអាប៊ូដាប៊ីមានការរីកចម្រើនទៅមុខ។ ម៉្យាងទៀត ការចរចានឹងបន្តធ្វើនៅពេលក្រោយទៀត។ ទោះជាមានការអះអាងបែបនេះក្ដី គេឃើញថាភាគីទាំង២គ្មានចរចាគ្នាចេញជាសាច់ការអ្វីទាំងអស់។ ជាពិសេស គ្មានការប្រកាសអំពីការរកឃើញដំណោះស្រាយប្រកបដោយជំហានហ្មត់ចត់ទាល់តែសោះក្រោយកិច្ចជំនួបនោះ។

លោកឃូសស្នឺថ្លែងថាក្រុមអ្នកសម្របសម្រួលស្នើសុំឱ្យភាគីម្ខាងៗយកចិត្តទុកដាក់ខ្ពស់ចំពោះការរកវិធីបញ្ចប់សង្គ្រាមអ៊ុយក្រែន។ លោកនៅតែមានទំនុកចិត្តថាប្រទេសគូបដិបក្សទាំង២នឹងរកឃើញច្រកចេញឆ្ពោះទៅរកសន្តិភាព។ ទោះបីលោកត្រាំមានសុទិដ្ឋិនិយមចំពោះការចរចានេះយ៉ាងណាក្ដី មិនមានសញ្ញាថាភាគីម្ខាងៗយល់ព្រមធ្វើសម្បទានឱ្យគ្នានៅក្នុងបញ្ហាសំខាន់ៗនោះទេ។ លោកពូទីនទាមទារឱ្យអ៊ុយក្រែនប្រគល់តំបន់ដុនបាស់ (Donbas) ទាំងមូលទៅឱ្យរុស្ស៊ីដើម្បីជាថ្នូរនឹងសន្តិភាព។ ប៉ុន្តែការទាមទារនេះត្រូវរដ្ឋាភិបាលទីក្រុងកៀវជំទាស់ជាដាច់ខាត។ ដោយមើលឃើញថាការចរចាអំពីបញ្ហាទឹកដីនៅជាប់គាំងដូច្នេះ ក្រុមអ្នកសម្របសម្រួលរបស់អាមេរិកក៏ងាកទៅពិភាក្សាគ្នាអំពីការផ្ដល់ការធានាផ្នែកសន្តិសុខជាតិ និងការកសាងប្រទេសជាតិឡើងវិញក្រោយពេលចប់សង្គ្រាម។

លោកឃូសស្នឺថ្លែងថាសម្រាប់ពេលនេះ ភាគីទាំង២មិនទាន់ជឿទុកចិត្តគ្នានៅឡើយទេ។ លោកយល់ថាវាជារឿងធម្មតាបន្ទាប់ពីមានជម្លោះដ៏ធំកើតឡើងដូចករណីនេះ។ បញ្ហាបូរណភាពទឹកដីត្រូវបានលើកយកមកចរចាគ្នា ហើយនេះជាបញ្ហាដែលពិបាកដោះស្រាយបំផុត។ លោកយល់ថានេះជាការបោះជំហានទៅមុខដ៏ល្អមួយជាលើកដំបូង។ លោក និងលោកស្ទីវវីតខូស (Steve Witkoff) នឹងបន្តដំណើរទៅទីក្រុងម៉ូស្គូនៅថ្ងៃនេះដើម្បីពិភាក្សាគ្នាជាមួយលោកពូទីន។ លោកទាំង២នឹងស្នើសុំឱ្យលោកពូទីនទទួលយកអឺរ៉ុបដើម្បីមានចំណែកនៅក្នុងការចរចាគ្នា។ លោកឃូសស្នឺយល់ថាអឺរ៉ុបត្រូវតែមានកៅអីអង្គុយនៅក្នុងកិច្ចចរចាលើកក្រោយៗ។ ក្រុមអ្នកចរចាអាមេរិកនឹងបន្តដំណើរទៅប្រទេសអៀកឡង់ដើម្បីជួបលោកហ្សេឡិនស្គី៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ