ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រមុខ​ការ​ទូត​ចិន និង​អាមេរិក​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ប្រកប​ដោ​យ​ភាព​វិជ្ជ​មាន​ និង​ស្ថាបនា​មុន​កិច្ច​ប្រជុំ​កំពូល​អេប៉ិច​​

1 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន លោក​វ៉ាង​យី សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​​ជា​មួយ​សម​ភាគី​អាមេរិក​ លោក​រូប៊ី​អូ (Rubio) «ប្រកប​ដោយ​ភាព​វិជ្ជ​មាន និង​ស្ថាប​នា» កាល​ពី​យប់​មិញ​។ នេះ​បើ​យោ​ងតាម​ការ​ផ្សាយ​របស់​របស់​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ចិន ​ស៊ីន​ហួ​។ ក្នុង​នោះ ភាគី​ចិន​បង្ហាញ​ឆន្ទៈ​ចង់​ពង្រឹង​ប្រព័ន្ធ​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​ទី​ក្រុង​វ៉ាស៊ីនតោន។ ការ​ពិភាក្សា​គ្នា​ពី​ចម្ងាយ​លើក​នេះ​កើត​មាន​ឡើង​ប្រហែល​មួយ​សប្ដាហ៍​មុន​គម្រោង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អេប៉ិច​ (APEC) នៅ​ទី​ក្រុង​ស៊ឹន​ចិន (Shenzhen) ប្រទេស​ចិន​ ហើយ​​​គេ​រំពឹង​ថា​លោ​ក​​ត្រាំ និង​លោក​ស៊ី​ជីន​ពីង​នឹង​ចូល​រួម​កិច្ច​ប្រជុំ​។

លោក​វ៉ាង​យី​បាន​លើក​ឡើង​ថា​ទម្រាំ​​អាច​រក្សា​បាន​ស្ថិរ​ភាព​នៃ​ទំនាក់​ទំនង​អាមេរិក-​ចិន​បាន​ដូច​​​សព្វ​ថ្ងៃ​នេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ​​។ ដូច្នេះ​ លោក​ស្នើ​សុំ​ឱ្យ​ប្រទេស​ទាំង​២​​​បង្កើត​ជម្រើស​​​ប្រកប​ដោយ​វិចារណញាណ​ដោយ​ផ្អែក​ទៅ​លើ​លើ​គោល​ការណ៍​គោរព​គ្នា​ និង​តម្កល់​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក​។​ គេ​​​ឮ​ដំណឹង​ពី​​​​ខាង​ភាគី​​ចិនតែ​​ប៉ុណ្ណោះ​តាម​រយៈ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ជា​ផ្លូវ​ការ​​។ ចំណែក​ខាង​ភាគី​អាមេរិក​មិន​​ទាន់​ចេញ​សេចក្ដី​ប្រកាស​ជា​លាយ​លក្ខ​អក្សរ​ពី​ក្រសួង​ការ​បរទេស​នៅ​ឡើយ​ទេ​។ លោក​ត្រាំ និង​លោក​ស៊ី​ជីន​ពីងបាន​​ជួប​គ្នា​២​ដងរួច​ហើយ​​​នៅ​ឆ្នាំ​នេះ​។ លោក​រូប៊ីអូ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃ​អង្គារ​ថា​ក្រុម​ការ​ងារ​កំពុង​រៀប​ចំ​គម្រោង​ជួប​គ្នា​ត្រី​ភាគី​រវាង​លោក​ពូទីន លោក​ត្រាំ និង​លោក​ស៊ី​ជីន​ពីង​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​អេ​ប៉ិច​។

លោក​រូប៊ីអូ​ថ្លែង​ថា​លោក​ត្រាំ​ចង់​ឱ្យ​មាន​កិច្ច​ជំនួប​នេះ​កើត​ឡើង​ ហើយ​​អា​មេរិក​​គិត​ថា​វា​អាច​ទៅ​រួច​។ លោក​ត្រាំ​​​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​​ថា​លោក​អាច​នឹង​ជួប​លោក​ស៊ី​ជីន​ពីង និង​លោក​ពូទីន​នៅ​ទី​ក្រុង​ស៊ឹន​ចិន​ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​បញ្ចប់​សង្គ្រាម​អុីរ៉ង់​ និង​​បញ្ចប់​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​ប្រទេស​នេះ​។ លោក​​​ថា​លោក​បើក​ទូលាយ​ជា​និច្ច​សម្រាប់​ការ​ពិភាក្សា​​​គ្នា​ត្រី​ភាគី​ដើម្បី​គ្រប់​គ្រង​គ្រឿង​សព្វា​វុធ​ដោយ​ផ្ដោត​សំខាន់​លើ​ការ​គ្រប់​គ្រង​អាវុធ​នុយ​ក្លេ​អ៊ែរ​។ ប៉ុន្តែ​ប្រទេស​ចិន​ហាក់​មិន​ចាប់​អារម្មណ៍​នឹង​កិច្ច​ពិភាក្សា​នេះ​ទេ។ លោក​ត្រាំ​យល់​ថា​ប្រទេស​ចិន​មិន​យូរ​ទេ​នឹង​ផលិត​បាន​អាវុធ​នុយ​ក្លេអ៊ែរ​ប្រហាក់​ប្រហែល​នឹង​អាមេរិក​​។ ប៉ុន្តែ​ក្រសួង​ការ​បរទេស​ចិន​និយាយ​របៀប​ដាក់​ខ្លួន​​​ថា​បរិមាណ​អាវុធ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​មាន​តិច​តួច​ស្ដួច​ស្ដើង​ណាស់​ មិន​អាច​ប្រៀប​ផ្ទឹម​ជា​មួយ​អាមេរិក និង​រុស្ស៊ី​បាន​ឡើយ​។ ដូច្នេះ មិន​មាន​​ហេតុ​ផល ឬ​ភាព​ប្រាកដ​និយម​ណា​មួយ​​ដែល​ចិន​ចាំ​បាច់​​ត្រូវ​ចូល​រួម​ការ​​ពិភាក្សា​គ្នា​ត្រី​ភាគី​នោះ​ទេ​។

សារ​ព័ត៌​មាន​វ៉ល​ស្ទ្រីត​ជើ​ណល (Wall Street Journal) ​ចុះ​ផ្សាយ​ថា​លោក​ពូទីន​ក៏​ចង់​យក​ឱកាស​នៃ​ការ​ជួប​គ្នា​ត្រី​ភាគី​លើក​នេះ​ដើម្បី​រក​វិធី​បិទ​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​ផង​ដែរ​។ ការ​ជួប​គ្នា​កម្រិត​កំពូល​រវាង​លោក​ស៊ី និង​លោក​ត្រាំ​នៅ​ឆ្នាំ​​នេះ​បាន​ជួយ​រក្សា​​ស្ថិរ​ភាព​​​នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​​ចិន និង​អា​មេ​រិក​ពិត​មែន​ហើយ​។ ក៏​ប៉ុន្តែ​ប្រទេស​ទាំង​២​នៅ​តែ​មាន​ចំណុច​ខ្វែង​​គំនិត​គ្នា​ច្រើន​។ នៅ​ពេល​ជួប​គ្នា​កាល​ពី​ខែ​កញ្ញា​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន ប្រទេស​ទាំង​២​យល់​ព្រម​បន្ត​សុពល​ភាព​នៃ​ការ​ផ្អាក​សង្គ្រាម​ពាណិជ្ជ​កម្ម​រយៈ​ពេល​២​ខែ​ ហើយ​នឹង​ផុត​សុពល​ភាព​ត្រឹម​ខែ​វិច្ឆិកា​នេះ​។ ជម្លោះ​ពាក់​ព័ន្ធ​នឹង​ការ​ដំឡើង​ពន្ធ ការ​ជំរុញ​ឱ្យ​ចិន​ទិញ​ទំនិញ​ពី​អាមេរិក​ ការ​ដាក់​កំហិត​លើ​ការ​នាំ​ចេញ​រ៉ែ​កម្រ​។ល។​ នៅ​តែ​មិន​ទាន់​ដោះ​ស្រាយ​ចេញ​ដដែល​៕​ ប្រភព៖ Reuters