សិល្បៈ​-វប្ប​​​ធម៌ » វប្ប​​​ធម៌

ប្រវត្តិ​ភ្ជុំ​បិណ្ឌ​ (តចប់)

ដោយ ៖ សា​ម៉​ន   

ថ្ងៃអង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:១៩   (21-09-2010 10:19)

នៅ​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​ មាន​រឿង​រ៉ាវ​ជា​ច្រើន​និយាយ​ទាក់​ទង​នឹង​ប្រេត​​ តែ​ក្នុង​ទី​នេះ​ខ្ញុំ​គ្រាន់​តែ​លើក​ចំណុច​តូច​មួយ​អំពី​ប្រេតមក​​បក​​ស្រាយ​ទុក​ក្នុង​ឯកសារ​នេះ។ នៅ​ក្នុង​គម្ពីរ​ធម្ម​បទ​ដ្ឋកថា​ ​បាន​និយាយ​ពី​រឿង​ពួក​ប្រេត​របស់​ព្រះ​រាជា​ព្រះ​នាម​ពិម្ពិសារ​មួយ​ក្រុម​ បាន​បំពេញ​ទាន​មាន​វត្ថុ​មិន​ស្អាត​បរិសុទ្ធ​ ពោល​គឺ​សីុ​បាយ​មុន​លោក ​លុះ​ធ្វើ​​​មរណ​កាល​​ទៅ​បាន​ទៅ​កើត​ក្នុង​ប្រេត​វិស័យ​«កើត​ជា​ប្រេត» សោយ​ទុក្ខ​វេទនា​អស់​កាល​ដ៏​យូរ​អង្វែង ​គឺ​តាំង​ពីមុន​ភទ្ទ​កប្ប​​យើង​នេះ​ទៅ​ទៀត​។ លុះ​មក​ដល់​ភទ្ទកប្ប​យើង​នេះ​មាន​ព្រះ​ពុទ្ធ​ត្រាស់​ដឹង​ធម៌​ប្រាំ​ព្រះ​អង្គ​គឺ​ កុក្ក​សន្ធោ កោ​​នាគម​នោ កស្ស​បោ សមណ​គោ​ត្តម​ និង​អរិយ​មេត្តេយ្យ​។ នៅ​សល់​ព្រះ​មួយ​អង្គ​ទៀត​ដែល​មិនទាន់​បាន​ត្រាស់​គឺ​ព្រះ​អរិយ​មេ​ត្តេយ្យ​ដែល​លោក​កំពុង​តែ​បំពេញ​បារមី​នៅ​ឋាន​តុសិត​សព្វ​ថ្ងៃ​នេះ​។

ព្រះ​ពុទ្ធ​ព្រះ​នាម​កុក្ក​សន្ធោ ​បាន​ត្រាស់​ដឹង​ឡើង​មុន​គេ​ក្នុង​ភទ្ទកប្ប​នេះ​ ពួក​ប្រេត​ទាំង​នោះ​ក៏​នាំ​គ្នា​ទៅសួរ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន​ ចុះ​យើង​ខ្ញុំ​ទាំង​ឡាយ​កាល​ណា​ទើប​បាន​អាហារ​បរិ​
ភោគ​ ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា​ ចាំ​សួរ​ព្រះ​ពុទ្ធ​​ជាន់​ក្រោយ​ចុះ​ ក្នុង​សាសនា​តថា​គត​នេះ​អ្នក​ទាំង​ឡាយ​មិន​ត្រូវ​បាន​អាហារ​បរិភោគ​ទេ​។ លុះ​ផែន​ដី​ដុះ​បាន​មួយ​យោជន៍​ឡើង ​ព្រះ​ពុទ្ធ​ព្រះ​នាម​កោនាគម​នោ​បាន​ត្រាស់​ដឹង​ ពួក​ប្រេត​ទាំង​នោះ​ក៏​បាន​នាំ​គ្នា​ទៅ​សួរ​ទៀត​ ព្រះ​អង្គ​ក៏​បាន​ត្រាស់​ដូច​ព្រះ​ពុទ្ធ​មុន​ដែរ ។ លុះ​​ដល់​ព្រះ​ពុទ្ធ​ព្រះ​នាម​សម​ណ​គោ​ត្តម​យើង​នេះ​បាន​ត្រាស់​ដឹង​ឡើង​ក្នុង​លោក​ ពួក​ប្រេត​ទាំង​នោះ​បាន​នាំ​គ្នា​ទៅ​សួរ​ព្រះ​អង្គ​ ហើយ​ព្រះ​អង្គ​ត្រាស់​ថា​ អ្នក​ទាំង​ឡាយ​ត្រូវ​បាន​អាហារ​បរិភោគ​ក្នុង​សាសនា​តថា​គត​នេះ​ហើយ​ តែ​ចាំ​មើល​ពេល​ណា​ដែល​ព្រះ​បាទ​ពិម្ពិ​សារ​ជា​ញាតិ​របស់​អ្នក​ទាំង​ឡាយ​ថ្វាយ​ទាន​ដល់​តថា​គតនឹង​ញ៉ាំង​អាហារ​ឱ្យ​សំរេច​ដល់​អ្នក​ទាំង​ឡាយ​ អ្នក​ទាំង​ឡាយ​នឹង​បាន​អាហារ​បរិ​ភោគ​ក្នុង​ពេល​នោះ​។
លុះ​ព្រះ​បាទ​ពិម្ពិសារ​បាន​ថ្វាយ​ទាន​ក្នុង​ថ្ងៃ​ដំបូង ហើយ​មិន​បាន​ផ្សាយ​ផល​ទៅ​ឱ្យ​ពួក​ញាតិ​ ក៏​ស្រាប់​តែ​ពួក​ប្រេត​ទាំង​ឡាយ​នោះ​យំ​ស្រែក​ទ្រហឹង​អឺង​កង​ក្នុង​រាត្រី​នោះ​ ជា​សំលេង​គួរ​ឱ្យ​ព្រឺ​ព្រួច​ភ័យ​ខ្លាច​ពេក​ណាស់​ ដែល​ស្ថិត​នៅ​ពាស​ពេញ​ព្រះ​រាជ​ដំណាក់​។ លុះ​ព្រឹក​ឡើង​ព្រះ​បាទ​ពិម្ពិសារ​ក៏​បាន​យាង​ទៅ​កាន់​វត្ត​វេឡុវ័ន​ ហើយ​សួរ​ព្រះ​សម្ពុទ្ធ​ពី​ហេតុ​ការណ៍​យប់​នោះ​ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា​ ពួក​ប្រេត​ជា​ញាតិ​របស់​ព្រះ​អង្គ​នាំ​គ្នា​យំ​ស្រែក​រក​អាហារ​ ព្រោះ​ពួក​ប្រេត​ទាំង​នោះ​ត្រូវ​បាន​អាហារ​បរិ​ភោគ​ក្នុង​សាសនា​តថា​គត​នេះ​ហើយ​។ ព្រះ​រាជា​គ្រាន់​តែ​បាន​ដឹង​ហេតុ​យ៉ាង​ដូច្នេះ​ហើយ ​ក៏​បាន​ចាត់​ចែង​ធ្វើ​បុណ្យ​ទាន​ម្តង​ទៀត​មាន​បាយ ទឹក​ នំ​ចំណី ត្រី​ សាច់​ សំពត់​អាវ​ស្បៃ​ជា​ដើម​ដល់​ព្រះ​សង្ឃ​ទាំង​ឡាយ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន​ ព្រះ​អង្គ​ក៏​បាន​​​អនុមោទនា​ដោយ​«តិរោកុឌ្ឌសូត្រ»​ស្រេច​ហើយ ​ពួក​ប្រេត​ទាំង​នោះ​ក៏​ទទួល​ផល​ក្នុង​ពេល​នោះ ហើយ​ក៏​បាន​រួច​ចាក​អំពី​ប្រេត​វិស័យ​ទៅ​កើត​ក្នុង​សុគតិ​ភព​អស់​ទៅ​។ រឿង​នេះ​លើក​យក​មក​បំភ្លឺ​ឱ្យ​ឃើញ​អំពី​ទំនាក់​ទំនង​ជា​មួយ​បុណ្យ​ភ្ជុំ​បិណ្ឌ​ ហើយ​ជា​រឿង​ដែល​គួរ​យក​ជា​ប្រមាណ​ក្នុង​កិច្ច​កុសល​បាន។ គួរ​បញ្ជាក់​ថា​ មនុស្ស​ដែល​ស្លាប់​ទៅ​មិន​មែន​សុទ្ធ​តែ​ចាប់​កំណើត​​ជា​ប្រេត​ទាំង​អស់​នោះ​ទេ​អ្នក​ធ្វើ​ល្អ​តែង​ទៅ​​កើត​ក្នុង​សុគិត​ភព​មាន​​ឋាន​ទេវ​លោក​ជា​ដើម​​ ហើយ​កុសល​​ផល​បុណ្យ​​​ដែល​ញាតិ​ធ្វើ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​ក៏​ទៅ​ជួយ​សណ្តោង​អ្នក​ល្អ​ទាំង​នោះ​ឱ្យ​រឹង​រឹត​សុខ​ចំរើន​ទ្វេ​ឡើង​ថែម​ទៀត​ ការ​លើក​ឡើង​នេះ​ក្រែង​មាន​ទស្សនៈ​យល់​ច្រឡំ​​ និង​ដើម្បី​បញ្ចៀស​នូវ​ការ​យល់​ខុស​។

បុណ្យ​ភ្ជុំ​បិណ្ឌ​មាន​លក្ខណៈ​ពិសេស​បី​យ៉ាង​គឺៈ​១-ដើម្បី​ឧទិ្ទស​កុសល​ផល​បុណ្យជូន​​ចំពោះ​ពួក​ប្រេត​មាន​មាតា​ បិតា ញាតិកា​ប្រាំ​ពីរ​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក​ ទោះ​ទៅ​កើត​នៅ​ទី​ណា​ ជា​អ្វី​ក៏​ដោយ។ ​គោល​ដៅនៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះគឺ​​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​ពួក​ប្រេត​ទាំង​អស់​ដែល​បាន​ស្លាប់​ទៅ  ទោះ​កើត​ជា​អ្វី​ក៏​ដោយ​ ក៏​ឱ្យ​រួច​រដោះ​កម្ម​ពៀរ​បាន​ ហើយ​ទៅ​កើត​ក្នុង​ឋាន​សុគតិ​ភព​ សុខ​ចំរើន​ជា​ភយ្យោ​ភាព​តទៅ​។
២-ដើម្បី​ឱ្យ​បាន​សុខ​ចំរើន​សិរី​សួ​ស្តី​ដែល​កើត​ពី​ផល​ទាន​នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​​ដល់​ខ្លួន​ និង​សង្គម​គ្រួសារ​។ មនុស្ស​គ្រប់​រូប​ទោះ​ល្អ​ឬ​អាក្រក់​តែង​ប្រាថ្នា​ចង់​បាន​សុខ​ចំរើន មិន​ចង់​ជួប​សេចក្តី​ទុក្ខ​ឡើយ​ ប៉ុន្តែ​សុខ​ឬ​ទុក្ខ​ជា​សភាវៈ​ពិត​ស្តែង​ចេញ​តាម​អំពើ​ឬ​សកម្ម​ភាព​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​ដូច​ពាក្យ​ថា​ ធ្វើ​ល្អ​ បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់​ នេះ​ជា​​សច្ច​ភាព​។
៣-ដើម្បី​បង្កើត​សាមគ្គី​ធម៌​របស់​ជាតិ​ព្រោះហេតុ​នោះ​ទើប​មាន​កំណត់​ថ្ងៃ ​ខែ​ ពេល​វេលា​ និង​មាន​កំណត់​ទាន​វត្ថុ​ ដូច​ជា​នំ​អន្សម​ជា​ដើម​ ប្លែក​ជាង​ទាន​នៃ​បុណ្យ​ផ្សេងៗ​ ហើយ​ស្រុះ​ស្រួល​​បបួល​គ្នា​ធ្វើ​ស្ទើរ​គ្មាន​សល់​ម្នាក់​ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ បាន​ជា​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ​ប្រជា​ពល​រដ្ឋ​ទូ​ទាំង​ប្រទេស​នាំ​គ្នា​ធ្វើ​នំ​អន្សម​ដូចៗ​គ្នា​យ៉ាង​នេះ​ដើម្បី​កុំ​ឱ្យ​ផ្អូម​ខូច​ ព្រោះ​ក្នុង​វត្ត​នី​មួយៗ​ពុទ្ធ​បរិ​ស័ទ​នាំ​យក​នំ​អន្សម​ទៅប្រគេន​ព្រះ​សង្ឃមាន​ចំនួន​ច្រើន​ហួស​ប្រមាណ​ ព្រះ​សង្ឃ​មិន​អាច​ឆាន់​ក្នុង​ថ្ងៃ​នោះ​ឱ្យ​អស់​បាន​ទេ​ ដូច្នេះ​ពួក​អ្នក​បំរើ​ព្រះ​សង្ឃ​អាច​អាំង​​ឬ​ឆ្អើរ​ទុក​ប្រគេន​ព្រះ​សង្ឃ​ឆាន់​បាន​យូរ​ថ្ងៃ​ដរាប​ដល់​អស់​។ ផ្ទុយ​ទៅ​វិញ​​បើ​ធ្វើ​នំ​ដទៃ​ដូច​ជា​អាកោ​ លត​ ចេក​ខ្ទិះ​ ជា​ដើម​ទុក​តែ​មួយ​ថ្ងៃ​ក៏​ខូច​អស់​ទៅ​ហើយ​ ពុំ​មែន​ដូច​មតិ​លើក​ឡើង​ថា​ ធ្វើ​នំ​អន្សម​ដើម្បី​រំលឹក​​ដល់​លិង្គ​ព្រះ​ឥសូរ​ ហើយ​ធ្វើ​នំ​គម​រំលឹក​ដល់​យោនី​នាង​ឧមា​ដែល​ជា​​ព្រះជា​យា​​តំណាង​​​ឱ្យ​ការ​​បង្កើត​មនុស្ស​លោក​តាម​លទ្ធិ​ពាហិរ​សាសនា​នោះ​ទេ​។
ជា​រួម ​ភ្ជុំ​បិណ្ឌ​ជា​បុណ្យ​មួយ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​ដែល​ជា​ទី​ពេញ​និយម​ពី​សំណាក់​ពុទ្ធ​បរិ​ស័ទ​គ្រប់​មជ្ឈ​ដ្ឋាន​ ​ទោះ​ជា​វិទ្យា​សាស្ត្រ​រីក​ចំរើន​ដល់​កំពូល​ក្តី​ក៏នៅ​​តែ​មិន​អាច​គ្រប​ដណ្តប់លើ​​ជំនឿ​កម្ម​ផល​បាន​ឡើយ​ ៕