អាជ្ញាធរក្រុងរ៉ូម ប្រទេសអុីតាលីបង្ហើបឱ្យដឹងថា និមិត្តរូបប្រចាំទីក្រុងគឺកីឡដ្ឋានបុរាណ «កូឡូសសៀម» ដែលជាសំណង់បុរាណសាងសង់ឡើងតាំងពីឆ្នាំ៧២នៃគ្រិស្តសករាជនោះ កំពុងចាប់ផ្តើមផ្អៀងនៅត្រង់កន្លែងអ្នកគាំទ្រអង្គុយ ដោយផ្នែកខាងត្បូងទាបជាងផ្នែកខាងជើងដល់ទៅ១៦អ៊ីញ ឬប្រហែល៤៤សង់ទីម៉ែត្រ និងអាចផ្អៀងថែមទៀត ខណៈពេលមុននេះផ្នែកទាំង២ស្ថិតក្នុងកម្រិតកម្ពស់ដូចគ្នា ។
លោក ច័រចូ ម៉ុនទី អ្នកជំនាញផ្នែកវិស្វកម្មសំណង់ពីមហាវិទ្យាល័យឡាសាពីយ៉ានហ្សា ក្នុងទីក្រុងរ៉ូម បានបង្ហើបឱ្យដឹងតាមរយៈកាសែតប្រចាំថ្ងៃ «ហ្គ័ររីរ៉េ ដឺឡា សេរ៉ា» ដោយបញ្ជាក់ថា កីឡដ្ឋានបុរាណខាងលើ ចាំបាច់ត្រូវទទួលការជួសជុលឡើងវិញជាបន្ទាន់ ដែលការជួសជុលត្រូវធ្វើដូចគ្នានឹងអគារបុរាណដែលផ្អៀងនៅក្នុងទីក្រុងពីហ្សា ព្រោះមានតម្រុយថាអាចនឹងបាក់បែកដួលរលំក្នុងពេលអនាគត ។
ក្នុងដំណាក់កាលដំបូងមានការរំពឹងទុកថា កម្លាំងញ័ររញ្ជួយពីការធ្វើចរាចរណ៍តាមដងផ្លូវដ៏ចង្អៀតក្នុងទីក្រុងរ៉ូម និងកម្លាំងញ័ររញ្ជួយពីសេវាកម្មរថភ្លើងក្រោមដី ជាមូលហេតុដ៏សំខាន់ដែល ធ្វើឱ្យសំណង់បុរាណគ្មានគ្រឹះនេះ កើតការប្រេះ និងចាប់ផ្តើមទ្រុឌទ្រោមបណ្តាលឱ្យផ្អៀងរកកល់ដួលរលំតែម្តង ។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការជួសជុលកែលម្អសំណង់បុរាណ «កូឡូសៀម» នេះ ត្រូវចំណាយប្រាក់យ៉ាងមហាសាល និងក្លាយជាបញ្ហាចម្បងសម្រាប់រដ្ឋាភិបាលអុីតាលី ដែលកំពុងជួបវិបត្តិដ៏ធ្ងន់ធ្ងរពីផលប៉ះពាល់នៃបំណុលក្រុមប្រទេសនៅអឺរ៉ុប (EU) ។លោក ឡូរ៉េនសូ អ័រណាហ្គី រដ្ឋមន្ត្រីវប្បធម៌របស់អុីតាលីបញ្ជាក់ថា ការជួសជុលអាចចាប់ផ្តើមធ្វើនៅក្នុងខែធ្នូ ឆ្នាំ២០១២ និងអាចចំណាយពេលជាង៣ឆ្នាំទើបដោះស្រាយបញ្ហាផ្អៀងរួចរាល់ ៕
ចែករំលែកព័តមាននេះ