សង្គមជាតិដែលមានការអភិវឌ្ឍបានឆាប់រហ័ស ទាមទារឱ្យមានការចូលរួមចំណែកពីគ្រប់មជ្ឈដ្ឋាន ទាំងស្ថាប័នរដ្ឋ និងឯកជន ។ ក្រុមហ៊ុន អង្គការ សហគ្រាសខ្នាតតូច ខ្នាតមធ្យម និងខ្នាតធំ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចតាមរយៈការវិនិយោគគ្រប់វិស័យ ការបណ្ដុះបណ្ដាលការងារមនុស្សធម៌ និងសកម្មភាពទទួលខុសត្រូវក្នុងសង្គម ។ កន្លងមកនេះ មានក្រុមហ៊ុនជាតិ និងអន្ដរជាតិជាច្រើនដែលមានវត្ដមានក្នុងព្រះរាជាណាចក្រកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើនសេដ្ឋកិច្ចកម្ពុជា និងការធ្វើកិច្ចការក្នុងសង្គមយ៉ាងផុលផុស ។
ជាក់ស្ដែង កាលពីសប្ដាហ៍កន្លងទៅនេះមានក្រុមហ៊ុនចំនួន៤ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានទទួលពានរង្វាន់សហគ្រាសឆ្នើមក្រៅប្រទេស(Overseas Enterprise Award) ពី The SME1 ASIA AWARDS ឆ្នាំ២០១២ ដែលរៀបចំឡើងដោយ APF Group Pte Ltd នៅប្រទេសសិង្ហបុរី ។ ពានរង្វាន់នេះ បង្កើតឡើងសម្រាប់គាំទ្រ និងទទួលស្គាល់សហគ្រាសខ្នាតតូច និងមធ្យម នៅក្នុងប្រទេសសិង្ហបុរី និងប្រទេសតំបន់អាស៊ី ដែលមានភាពជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ហើយសកម្មភាពអាជីវកម្មនោះមិនប៉ះពាល់ដល់សុខុមាលភាពរបស់មនុស្ស មិនប៉ះពាល់ដល់សង្គម និងបរិស្ថាន ហើយស្ថាប័ននោះទៀតសោតបានចូលរួមចំណែកជួយសង្គមតាមរយៈសកម្មភាពទទួលខុសត្រូវក្នុងសង្គមជាច្រើនកន្លងមក ។
ឆ្នាំនេះ ក្នុងតំបន់អាស៊ីទាំងមូលមាន ក្រុមហ៊ុនចំនួន៦៥ ដែលបានទទួលពានរង្វាន់៨ប្រភេទផ្សេងៗគ្នាពីThe SME1 ASIA AWARDS ដែលពានរង្វាន់ទាំងនោះមាន Special Awards, Distinguished Award, Prominent Award, Notable Award, Emerging Award, Foreign Enterprise Award, Overseas Enterprise Award និង SME One Asia Awards Honoree ។
ជាមោទនភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់យើងផងដែរ ដែលមានក្រុមហ៊ុនចំនួន៤បានទទួលពានរង្វាន់ Overseas Enterprise Award ឆ្នាំ២០១២ នៃប្រទេសសិង្ហបុរី ក្នុងនោះមាន ក្រុមហ៊ុន Mengly J. Quach Education Co.,Ltd បង្កើតឡើងនៅក្នុងឆ្នាំ២០០៥ ដែលមានលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្ដិ ហើយមានបម្រើសេវាកម្មផ្នែកអប់រំចំណេះទូទៅពីថ្នាក់ក្រោមមត្ដេយ្យសិក្សាដល់ថ្នាក់ទី១២ (សាលារៀនអន្ដរទ្វីបអាមេរិកាំង) និងថ្នាក់ភាសាអង់គ្លេសទូទៅគ្រប់កម្រិត និងកុំព្យូទ័រ (វិទ្យាស្ថានអន្ដរទ្វីបអាមេរិកាំង) ។
ក្រុមហ៊ុន Aplus Consulting Co.,Ltd បង្កើតឡើងនៅក្នុងឆ្នាំ២០០៨ ដែលមានលោក ស គីណាល់ ជានាយកគ្រប់គ្រងទូទៅ និងមានបម្រើសេវាកម្មផ្នែកធនធានមនុស្ស និិងប្រឹក្សាផ្នែកពន្ធដារសម្រាប់ក្រុមហ៊ុនជាតិ និងអន្ដរជាតិក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុន Westline Education Group Co.,Ltd បង្កើតឡើងនៅក្នុងឆ្នាំ២០១១ ដែលមានលោក ប៉ិច បូឡែន ជាប្រធានក្រុមប្រឹក្សាភិបាល និងប្រធាននាយកប្រតិបត្ដិ ដើម្បីគ្រប់គ្រងសាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ ដែលបម្រើសេវាកម្មផ្នែកអប់រំចំណេះទូទៅ ពីថ្នាក់មត្ដេយ្យសិក្សា ដល់ថ្នាក់ទី១២ មត្ដេយ្យភាសាអង់គ្លេស និងថ្នាក់ភាសាអង់គ្លេសសម្រាប់សិស្សធំគ្រប់កម្រិត និងវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ដែលផ្ដល់សេវាកម្មបណ្ដុះបណ្ដាល ប្រឹក្សាយោបល់ និងស្រាវជ្រាវ ។
ក្រុមហ៊ុនAdvanced Glory Logistics (Cambodai) Co.,Ltd បង្កើតឡើងនៅក្នុងឆ្នាំ២០០៤ ដែលមានលោក គួច ផេង ជាស្ថាបនិក និងលោកស្រី តាំង លីផេង ជាអគ្គនាយកប្រតិបត្ដិ ដែលមានបម្រើសេវាកម្មផ្នែកដឹកជញ្ជូនក្នុង និងក្រៅប្រទេស ។
មុននឹងផ្ដល់ជូននូវពានរង្វាន់សហគ្រាសឆ្នើមក្រៅប្រទេសនេះ ក្រុមហ៊ុនទាំងអស់ គឺត្រូវឆ្លងកាត់ការសិក្សាវាយតម្លៃជាច្រើនដំណាក់កាល រួមទាំងការចុះមកសិក្សាផ្ទាល់ដល់ក្រុមហ៊ុននៅប្រទេសកម្ពុជា ពីសំណាក់គណៈកម្មការ The SME1 ASIA AWARDS ទៅលើដំណើរការរបស់ក្រុមហ៊ុន ការដឹកនាំ ភាពជោគជ័យ កេរ្ដិ៍ឈ្មោះ និងការចួលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមជាតិ តាមរយៈការផ្ដល់នូវគុណភាពនៃការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្ដល់នូវឱកាសការងារជូនដល់ប្រជាជនរាប់ពាន់នាក់ ការផ្ដល់ប្រឹក្សា និងជួយសម្រួលដល់ដំណើរការបើកអាជីវកម្មថ្មីរបស់វិនិយោគិនទាំងក្នុងស្រុក និងបរទេសលើផ្នែកធនធានមនុស្ស និងច្បាប់ពន្ឋដារ ព្រមទាំង ការទាក់ទងនឹងការដឹកជញ្ជូនជាដើម ។
ជាងនេះទៅទៀត គេក៏បានឱ្យតម្លៃទៅលើការទទួលខុសត្រូវសង្គម និងសកម្មភាពជំនួយសប្បុរសធម៌នានាដូចជាការពិនិត្យ និងព្យាបាលជំងឺ ការបណ្ដុះបណ្ដាល ការចែករំលែកផ្ដល់ចំណេះដឹងទៅដល់សហគមន៍ អង្គការ កុមារកំព្រា និងប្រជាជនដែលមានជីវភាពខ្វះខាត ។ នេះជាជោគជ័យថ្មីមួយទៀត ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមានកេរ្ដិ៍ឈ្មោះល្បីល្បាញនៅលើឆាកអន្ដរជាតិ និងកាន់តែមានការទទួលស្គាល់ពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០១២នេះ ៕
ចែករំលែកព័តមាននេះ