ខេត្ដកោះកុង ៖ ប្រតិភូក្រសួងទេសចរណ៍ចំនួនប្រមាណ៤០នាក់ ដឹកនាំដោយលោករដ្ឋមន្ដ្រីថោង ខុន និងមានការចូលរួមពីសមាគមទីភ្នាក់ងារទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងផ្នែកពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអ្នកសារព័ត៌មានផងដែរ បានទៅធ្វើការសិក្សាស្វែងយល់ពីវិស័យអេកូ ទេសចរណ៍ធម្មជាតិនៅក្នុងទឹកដីខេត្ដកោះកុង ។
ថ្ងៃទី៩ មករា ក្រុមគណៈប្រតិភូបានធ្វើដំណើរទៅដល់សហគមន៍អេកូទេសចរណ៍ ជី ផាត ស្ថិតនៅក្នុងឃុំជីផាត ស្រុកថ្មបាំង មានចំងាយ១៧គីឡូម៉ែត្រពីផ្លូវជាតិលេខ៤៨ ត្រង់ចំណុចស្ពានអណ្ដូងទឹក។ ក្នុងចំណោមប្រជាពលរដ្ឋប្រមាណជាង៥០០គ្រួសារ មាន៤០០គ្រួសារបានចូលជាសមាជិកសហគមន៍អេកូទេសចរណ៍ជីផាត ។
លោកព្រំ ហឹង ប្រធានសហគមន៍អេកូទេសចរណ៍ជីផាតបានឱ្យដឹងថា ពីដើមប្រជាពលរដ្ឋនៅភូមិជីផាតច្រើនប្រកបរបរបរបាញ់សត្វ នេសាទ កាប់ព្រៃ ឈើ រកខ្លឹមចន្ទន៍ និងប្រមូលអនុផលផ្សេងៗទៀត ។ ប៉ុន្ដែបច្ចុប្បន្នមុខរបរខាងលើនេះត្រូវប្រឈមនឹងការហាមឃាត់ដោយអាជ្ញាធរមូលដ្ឋាន និងអង្គការ សម្ព័ន្ធមិត្ដសត្វព្រៃ ដូច្នេះប្រជាពលរដ្ឋមួយចំនួនបានងាកទៅប្រកបមុខរបរផ្សេងវិញដូចជាដាំអំពៅ ស៊ីឈ្នួលកាប់ឆ្ការព្រៃ ធ្វើស្មៅតាមចំការឱ្យអ្នកវិនិ យោគ និងធ្វើនេសាទជាលក្ខណៈគ្រួសារ ។ ក្រោយពេលសហគមន៍អេកូទេសចរណ៍ត្រូវបានបង្កើតឡើង ប្រជាពលរដ្ឋនៅទីនេះ ត្រូវជំនួសដោយមុខរបរថ្មីទៀត គឺការនាំភ្ញៀវទេសចរលក់ម្ហូបអាហារ ដឹកជញ្ជូនទេសចរ និងការផ្ដល់សេវាស្នាក់នៅ ។ល។
លោកព្រំ ហឹង បានឱ្យដឹងទៀតថា សហគមន៍អេកូទេសចរណ៍ជីផាត បានបង្កើតឡើងនៅឆ្នាំ២០០៧ ដោយមានការគាំទ្រពីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ ។ ដោយឡែកមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ជីផាត ទើបបានសាងសង់រួចរាល់នៅដើមឆ្នាំ២០១០នេះ ហើយត្រូវកាត់ខ្សែបូសម្ពោធក្រោមអធិបតីភាព លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី៩ មករា ឆ្នាំ២០១០។ នៅតំបន់អេកូទេសចរណ៍ជីផាត មានកន្លែងដែលទាក់ទាញភ្ញៀវទេសចរចំនួន១៣កន្លែង ក្នុងនោះតំបន់ដែលទាក់ទាញបំផុតមាន ទឹកជ្រោះ ទឹកធ្លាក់ រមណីយដ្ឋានវាលតាប្រាក់រមណីយដ្ឋានភ្នំពាងបុរាណ ដែលទីនោះមាន តំបន់ឆ្អឹងបុរាណ និងមឈូសធ្វើពីឈើដែលមាននៅដល់សព្វថ្ងៃ និងតំបន់សំខាន់ៗជា ច្រើនទៀត ពិសេសព្រៃឈើដែលមានសត្វព្រៃជាសត្វកំរដូចជាដំរី ឈ្លូស ប្រើស កំពុងរស់នៅ។
បន្ទាប់ពីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ជីផាតរួចមក លោករដ្ឋមន្ដ្រីថោង ខុន និងគណៈ ប្រតិភូបានទៅទស្សនាតំបន់ទេសចរណ៍មួយចំនួននៅទីនោះ ។ ក្នុងឱកាសនោះដែរ លោក ថោង ខុន ក៏បានណែនាំដល់មន្ដ្រីក្រោមឱវាទឱ្យធ្វើការសិក្សាស្វែងយល់អំពីសក្ដានុ ពលទេសចរណ៍នៅទីនេះ ព្រមទាំងបានណែនាំដល់សហគមន៍អេកូទេសចរណ៍ជីផាតឱ្យបង្កើនការគ្រប់គ្រង និងផ្ដល់សេវាកម្មឱ្យបានល្អសំរាប់ភ្ញៀវទេសចរដែលបានមកកំសាន្ដនៅទីនេះ ។
ថ្ងៃទី១០ មករា គណៈប្រតិភូបានមកដល់កន្លែងវិនិយោគផ្នែកទេសចរណ៍តាតៃរបស់ក្រុមហ៊ុនបរទេស ដោយបានបង្កើតផ្ទះស្នាក់លើទឹក (Eco-Lodge) ដោយអនុវត្ដតាមបទដ្ឋានបច្ចេកទេសយ៉ាងត្រឹមត្រូវ។ នៅទីនេះ លោកថោង ខុន បានបញ្ជាក់ថា នេះជាយុទ្ធសាស្ដ្រថ្មីក្នុងការពង្រីកតំបន់អេកូទេសចរណ៍ ដែលជាតំបន់ឆ្នេរនេះ បន្ទាប់ពីតំបន់អេកូវប្បធម៌អង្គរវត្ដ ។ លោកថោង ខុន បានបង្ហាញនូវមោទនភាពចំពោះយុទ្ធសាស្ដ្រ របស់រាជរដ្ឋាភិបាលក្នុងការងារអនុវត្ដវិស័យអេកូទេសចរណ៍ដែលកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវនេះ ។
ចំពោះក្រុមហ៊ុនវិនិយោគ លោកថោង ខុន បញ្ជាក់ថា យើងស្វាគមន៍ទាំងអស់ទាំង ក្រុមហ៊ុនវិនិយោគក្នុងស្រុក និងក្រៅប្រទេស ប៉ុន្ដែធ្វើយ៉ាងណាត្រូវគោរពតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងបរិស្ថាន ។ នៅទីនេះយើងអាចពិនិត្យមើលថា បើមានការគោរពត្រឹមត្រូវនឹងត្រូវផ្ដល់ជូននូវរង្វាន់ពិសេស ថែមទៀត ។ ទីនេះជាកន្លែងគំរូសំរាប់ការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍នៅកន្លែងដទៃទៀត ។ លោករដ្ឋមន្ដ្រីបញ្ជាក់ថា គ្រប់ភ្ញៀវទេសចរទាំងអស់ទោះ ក្នុងស្រុក ឬក្រៅស្រុកក្ដី ត្រូវតែសិក្សារៀនសូត្រស្វែងយល់អំពីបញ្ហាបរិស្ថាន។ ជាមួយនេះ បានផ្ដាំផ្ញើដល់ប្រធានមន្ទីរទេសចរណ៍ ទាំងអស់ត្រូវតែហ៊ាននិយាយកន្លែងណា ដែលការអនុវត្ដន៍មិនបានត្រឹមត្រូវ គឺត្រូវតែលំអឡើងវិញ ៕
ចែករំលែកព័តមាននេះ