ខេត្តស្វាយរៀង ៖ មានអំពើហិង្សាមួយធ្វើឱ្យផ្អើលដល់អ្នកភូមិកាលពីព្រលប់ថ្ងៃទី១៧ កក្កដា ខណៈក្មេងទំនើង១ក្រុមបានស្ទាក់វាយនិងកាប់បុរសម្នាក់ដោយគ្មានមូលហេតុ ខណៈបុរសរងគ្រោះកំពុងជិះកង់តាមផ្លូវ ។ ក្នុងហេតុការណ៍នេះ បណ្តាលឱ្យបុរសរងគ្រោះរងរបួសយ៉ាងធ្ងន់ដោយត្រូវក្រុមក្មេងទំនើងកាប់ចំក្បាល២កាំបិតមុតផុងលលាដ៍ ចំកខាងឆ្វេង១កាំបិត ហូរឈាមដូចអារ.កជ្រូក និង១កាំបិតទៀតចំកដៃខាងស្តាំ ជិតដាច់ ព្រមទាំងវាយជាច្រើនព្រនង់ទៀតទៅលើជើងនិងដងខ្លួន និងដួលសន្លប់ពេលរត់ចូលដល់ផ្ទះម្តាយបង្កើត ។
សកម្មភាពក្រុមក្មេងទំនើងស្ទាក់វាយនិងកាប់បុរសរូបនេះបានកើតឡើងកាលពីថ្ងៃទី១៦ កក្កដា វេលាម៉ោង៧និង៣០នាទីយប់នៅភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាប ។ ទាក់ទិននឹងករណីនេះជនរងគ្រោះបានរៀបរាប់ថា គាត់ឈ្មោះនាង សាម៉ាន់ អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះគុយ សុផេង អាយុ៣២ឆ្នាំ ដូចគ្នា និងមានស្រុកកំណើតនៅភូមិ-ឃុំកើតហេតុខាងលើ ។ ពេលរៀបការរួចគ្រួសារគាត់ទៅរស់នៅឯរាជធានីភ្នំពេញ ដោយគាត់ធ្វើសំណង់ ឯប្រពន្ធជាកម្មការិនីរោងចក្រកាត់ដេរ ដែលពេលនេះមានផ្ទៃពោះ៥ខែ ក៏នាំគ្នាមកលេងស្រុកកំណើត ។
ប្រភពដដែលបានបន្តទៀតថា ពេលមកដល់ផ្ទះម្តាយដឹងថាម្តាយក្មេកខ្វះអង្ករ គាត់ក៏កិនស្រូវម្តាយបង្កើតចំនួន៣តៅ ដឹកតាមកង់យកទៅឱ្យម្តាយក្មេកនៅភូមិជាមួយគ្នាតែឃ្លាតពីគ្នាប្រមាណ៣០០ម៉ែត្រ ព្រមទាំងយកស្រូវម្តាយក្មេកមកហាលកិនជាងអង្ករទុកឱ្យគាត់ផង ពីព្រោះម្តាយក្មេកចាស់ជរាទៅហើយ ។ លុះពេលជិះកង់ត្រឡប់ពីផ្ទះម្តាយក្មេកមកផ្ទះម្តាយបង្កើតវិញនៅប្រមាណ៥០ម៉ែត្រទៀតដល់ផ្ទះម្តាយ ស្រាប់តែមានក្រុមក្មេងទំនើងជិត១០នាក់ មកស្ទាក់ផ្លូវ ហើយឈ្មោះព្រឿង សង អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្ទុះចូលមកកាប់គាត់យ៉ាងសន្ធាប់ និងក្មេងទំនើង៣នាក់ទៀតស្ទុះចូលមកព្រួតវាយយ៉ាងដំណំ ។ ក្នុងពេលទទួលរងការកាប់និងវាយនោះ គាត់ក៏ស្រែកឱ្យអ្នកជិតខាងជួួយ ទើបផ្អើលអ្នកភូមិស្រែកឆោឡោនាំគ្នារត់មកជួួយ ហើយក្រុមក្មេងទំនើងក៏រត់គេចខ្លួនអស់ទៅ កុំអីរូបគេត្រូវក្រុមក្មេងទំនើងវាយនិងកាប់ស្លាប់ទៅហើយ ហើយក្រោយពីអ្នកភូមិមកជួយរូបគាត់ក៏បានដួលសន្លប់នៅក្នុងថ្លុកឈាមដែរ ។
តាមស្ត្រីជាប្រពន្ធឱ្យដឹងថា ពេលអ្នកស្រុកមកជួយគេឃើញឈ្មោះព្រឿង សង កាន់កាំបិត ឈ្មោះដា ឈ្មោះចាន់ណា និងឈ្មោះផល្លី កាន់ព្រនង់ និងមានគ្នាប្រមាណជា៥នាក់ផ្សេងទៀតមិនស្គាល់ឈ្មោះ អ្នកទាំងអស់នេះមានទីលំនៅក្នុងភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ជាភូមិជាប់គ្នា ។ អ្នកភូមិនិយាយដែរថា ក្រុមក្មេងទំនើងទាំងនេះតែងតែដើរមកអុកឡុកអ្នកភូមិដោយគ្មានខ្លាចអ្នកណាឡើយ សូម្បីតែសមត្ថកិច្ចក៏ពួកគេមិនខ្លាចដែរ ។ ក្រោយពីកើតហេតុភ្លាម ក្រុមគ្រួសារក៏ប្រញាប់បញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះ ហើយរហូតមកដល់ម៉ោង៣រសៀលថ្ងៃទី១៧ កក្កដា ជនរងគ្រោះនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ។
ទាក់ទងនឹងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួនជនល្មើស ហើយម៉ោង៣រសៀលថ្ងៃទី១៧ កក្កដា ចាប់បានម្នាក់ និងបន្តចាប់ខ្លួនថែមទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ