ខេត្តព្រះសីហនុ៖ នៅបញ្ជាការដ្ឋាននគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ដែលមានទីតាំងតាមបណ្តោយទំនប់កោះព្រាប ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ នារសៀលថ្ងៃទី៧ កក្កដា ឆ្នាំ២០១២ កន្លងទៅ លោកវរសេនីយ៍ទោ សាក់ សុវណ្ណ តំណាងលោកឧត្តមសេនីយ៍ទោ តេង សួន ប្រធាននាយកដ្ឋានព្រំដែនទឹក រួមទាំងមន្ត្រីនគរបាលអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រជាច្រើនរូបទៀតបានធ្វើពិធីប្រគល់កម្មករទូកនេសាទម្នាក់ ដែលជាជនរងគ្រោះទៅឱ្យក្រុមគ្រួសារវិញ។
កម្មកររូបនេះបានធ្វើចំណាកស្រុកខុសច្បាប់អស់រយៈពេល៨ឆ្នាំ ដោយរស់នៅលើទូកនេសាទ កណ្តាលសមុទ្រនៅប្រទេសថៃ ដោយមិនអាចស៊ូទ្រាំនឹងការធ្វើទារុណកម្មនិងការងារពលកម្មយ៉ាងធ្ងន់ធ្ងរ ក៏បង្ខំចិត្តលួចលោតទឹកហែលផ្សងសំណាងក្នុងមួយមឺុនគ្រោះថ្នាក់ ជាកុសលល្អ បានទូកនេសាទជនជាតិវៀតណាមជួបប្រទះ ហើយជួយស្រង់នាំយកទៅព្យាបាលប្រគល់ជូនមកអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រដើម្បីស្វែងរកក្រុមគ្រួសារនិងប្រគល់ឱ្យត្រឡប់ទៅស្រុកកំណើេតវិញ ។
លោកវរសេនីយ៍ទោ សាក់ សុវណ្ណ ប្រធានអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្របានឱ្យដឹងថា ជនរងគ្រោះដែលទៅធ្វើជាកម្មករទូកនេសាទនៅប្រទេសថៃនោះឈ្មោះ សុះ ស្លេះ ភេទប្រុស អាយុ២៥ឆ្នាំ ជាខ្មែរអ៊ិស្លាម មានស្រុកកំណើតនៅភូមិវិហារក្រោម ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ តាមការរៀបរាប់របស់ឈ្មោះសុះ ស្លេះ ឱ្យដឹងថា រូបគេបានធ្វើចំណាកស្រុកទៅធ្វើជាកម្មករទូកនេសាទនៅឯប្រទេសថៃតាមរយៈមេខ្យល់ តាំងពីអំឡុងឆ្នាំ២០០៤មកម្លេះ ហើយថៅកែទូកមិនអនុញ្ញាតឱ្យឡើងគោកម្តងណាឡើយ ។
តាមការរៀបរាប់ឱ្យដឹងទៀតថា នៅលើទូកនេសាទមានកម្មករប្រមាណ១០នាក់សុទ្ធសឹងជាជនជាតិថៃ ។ បន្ទាប់ពីវិលមកពីនេសាទនៅសមុទ្រឥណ្ឌូនេស៊ីក៏ត្រឡប់ចូលមកប្រទេសថៃរួចបន្តមកធ្វើការនេសាទនៅព្រំដែនសមុទ្រអន្តរជាតិកម្ពុជា ។ ពេលនោះរូបគេបានស្តាប់ឮពាក្យខ្សឹបខ្សៀវរបស់កម្មករទូកជាជនជាតិថៃពីការ រៀបចំគម្រោងសម្លាប់រូបគេទម្លាក់ទឹកសមុទ្រក៏សម្ងំស្ងៀមមិនហ៊ានស្តីតបតអ្វីទាំងអស់ បើទោះបីជារងការប្រមាថជេរស្តីពីកម្មករនេសាទថៃយ៉ាងណាក្តី ។ លុះដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ មិថុនា ឆ្នាំ២០១២ ខណៈទូកនេសាទត្រូវចូលចតសម្រាកនៅក្បែរកោះមួយក្នុងដែនសមុទ្រអន្តរជាតិ ស្របពេលអ្នកបើកបរ និងកម្មករនេសាទឯទៀតដេកលង់លក់អស់ រូបគេក៏សម្រេចចិត្តលោតទឹក រួចហែលផ្សងព្រេងទៅតាមយថាកម្មកណ្តាលសាគររកកោះត្រើយគ្មាន។
កម្មកររូបនេះរៀបរាប់ទៀតថា ការហែលនៅក្នុងលំហសមុទ្រអន្តរជាតិចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច គឺមានរយៈពេល៩ម៉ោងពេញតែម្តង ក្រោមការតស៊ូម្តងលិច ម្តងអណ្តែត និងស្ទើរតែលិចបាត់ទៅហើយ ជាសំណាងក៏ជួបទូកនេសាទវៀតណាម គេជួយស្រង់សង្គ្រោះយកទៅព្យាបាលនៅឯមន្ទីរពេទ្យយោធាការពារព្រំដែនសុងដុក ខេត្តកាម៉ៅ ប្រទេសវៀតណាម ។ បន្ទាប់ពីមានសុខភាព និងកម្លាំងប្រសើរឡើងវិញហើយសម្រាកនៅមន្ទីរពេទ្យឯប្រទេសវៀតណាមអស់រយៈពេល៨ថ្ងៃ ទើបសមត្ថកិច្ចប្រទេសវៀតណាមបញ្ជូនរូបគេឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនហាទៀង ខេត្តគៀងយ៉ាង ហើយសមត្ថកិច្ចវៀតណាម ខេត្តគៀងយ៉ាង ក៏បានប្រគល់ជូនអង្គភាពនគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រកម្ពុជា ។
ដោយអនុវត្តតាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ ជាពិសេសបទបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ទោតេង សួន ប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ឯម ប៊ុនសាត អនុប្រធាននាយកដ្ឋាននគរបាលបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ នារសៀលថ្ងៃទី៧ កក្កដា ឆ្នាំ២០១២ ព្រមទាំងជួយឧបត្ថម្ភជាថវិកាសម្រាប់ដោះស្រាយក្នុងការធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតវិញផងដែរ។
ជនរងគ្រោះសុះ ស្លេះ និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាលោកប្រធានអង្គភាពនគរបាលបង្ក្រាបបទល្មើស លើផ្ទៃសមុទ្រ រួមនឹងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានជួយឧបត្ថម្ភ ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត និងថវិកា ជួយសម្រួលដល់ការធ្វើដំណើរវិលត្រឡប់ទៅជួបជុំគ្រួសារវិញ ។
លោកវរសេនីយ៍ទោ សាក់ សុវណ្ណ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាញ់បោកមេខ្យល់ដែលតែងតែប្រើប្រាស់មធ្យោបាយគ្រប់រូបភាព ក្នុងការនាំពលករទៅធ្វើចំណាកស្រុកខុសច្បាប់ដែលងាយនឹងរងគ្រោះដោយការធ្វើទារុណកម្មពីសំណាក់ជាតិសាសន៍គេ ដែលគេចាត់ទុកជាទាសករដូចជនរងគ្រោះខាងលើនេះទៀត ៕
ចែករំលែកព័តមាននេះ