កីឡាករប្រដាល់អ៊ុយក្រែន វ្ល៉ាឌីមៀ ឃ្លីតស្កូរក្សាបានខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកស្ថាប័ន WBA, IBFនិង WBOរបស់ខ្លួន បន្ទាប់ពីបំបាក់កីឡាករអាមេរិក តូនី ថំសុន ឱ្យចុះចាញ់ក្នុងទឹកទី៦ ។ ការប្រកួតនេះត្រូវបានរៀបចំធ្វើនៅសង្វៀនពហុកីឡដ្ឋានបាល់ទាត់ Stade de Suisseស្ថិតក្នុងទីក្រុង Bern ប្រទេសស្វ៊ីស កាលពីរាត្រីថ្ងៃសៅរ៍ទី៧កក្កដាកន្លងមកនេះ ។
ចាប់ផ្តើមការប្រកួតពីទឹកទី១ដល់ទឹកទី៤ ថំសុន នៅពុំមានបញ្ហាជាមួយនឹងកណ្តាប់ដៃរបស់វ្ល៉ាឌីមៀនោះទេ ប៉ុន្តែនៅក្នុងទឹកទី៥ បញ្ហាក៏បានកើតឡើងនៅចុងទឹក។ វ្ល៉ាឌីមៀ បានបញ្ជូន១ដៃស្តាំយ៉ាងធ្ងន់ចំពេញផ្ទៃមុខថំសុន ធ្វើឱ្យគេដួលរលំលើក្តាររេញទាំងជំហរ និងត្រូវអាជ្ញាកណ្តាលរាប់ជាលើកដំបូង ចំពេលជាមួយគ្នានោះ ជួងបញ្ចប់ទឹកក៏បានបន្លឺឡើង ។
ទោះជាយ៉ាងណា ការប្រកួតបន្តក្នុងទឹកទី៦ វ្ល៉ាឌីមៀ មិនបានទុកឱកាសច្រើនឱ្យកីឡាករវ័យ៤០ឆ្នាំរូបនេះទេ ដោយបានចាប់វាយសន្ធាប់ជាមួយកណ្តាប់ដៃឆ្វេងស្តាំចំៗផ្ទៃមុខ ធ្វើឱ្យគេទន់ជង្គង់ ហើយអាជ្ញាកណ្តាលក៏សម្រេចចិត្តបញ្ឈប់ការប្រកួតត្រឹមទឹកនេះដោយសំអាងមូលហេតុនៃការមិនអាចតដៃបានរបស់ថំសុន ។ ដូច្នេះជាលទ្ធផល វ្ល៉ាឌីមៀនៅតែជាអ្នកគ្រប់គ្រងខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោកជាមួយបងប្រុសរបស់គេដដែល ។
នេះជាជោគជ័យលើកទី៥៨ក្នុងអាជីពរបស់កីឡាករវ័យ៣៦ឆ្នាំវ្ល៉ាឌីមៀ និងជាលើកទី៥១នៃការឈ្នះដៃគូដោយផ្តួលឱ្យសន្លប់។ បន្ទាប់ពីឈ្នះការប្រកួតវ៉្លាឌីមៀរ និយាយថា៖«ខ្ញុំបានដឹងតាំងពីចាប់ផ្តើមក្នុងទឹកដំបូងមកម្ល៉េះពថា ខ្ញុំពិតជាអាចការពារខ្សែក្រវាត់របស់ខ្លួនបាន។ ពិតណាស់ វាពិបាកក្នុងការវាយឱ្យត្រូវចំគោលដៅ ។ ថំសុន ពិសេសខ្លាំងណាស់ គេអាចមើលឃើញរាល់កណ្តាប់ដៃវាយចេញរបស់ខ្ញុំ ។ ខ្ញុំដឹងថា ខ្លួនឯងមានកម្លាំង និងល្បឿនវាយចេញក៏រហ័សរហួន»។
ចំណែកថំសុន នេះគឺជាលើកទី២ហើយដែលគេបរាជ័យក្រោមកណ្តាប់ដៃវ្ល៉ាឌីមៀ ខណៈដែលការបរាជ័យលើកទី១គឺនៅឆ្នាំ២០០៨ ។ កាលនោះ រូបគេត្រូវបានបញ្ឈប់ក្នុងទឹកទី១១ ។ គេបានសរសើរវ្ល៉ាឌីមៀថា ៖«នេះជាលើកទី២នៃការបរាជ័យរបស់ខ្ញុំ។ គេពិតជាជើងឯកដ៏អស្ចារ្យម្នាក់ ហើយការពិតបានបង្ហាញឱ្យឃើញនៅរាត្រីនេះស្រាប់ »៕
ចែករំលែកព័តមាននេះ