ខេត្តកណ្តាល ៖ កម្មកររោងចក្រកាត់ដេរម្នាក់ បានត្រូវនគរបាលស្រុកស្អាងចាប់ខ្លួនបន្ទាប់ពីកម្មកររូបនេះឈ្លោះប្រកែកជាមួយប្រធានផ្នែកជាជនជាតិចិន ហើយយកដែកទីបបួនជ្រុងវាយប្រធានផ្នែកនោះបណ្តាលឱ្យរងរបួសជាច្រើនកន្លែង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ មិថុនា នៅក្នុងរោងចក្រកាត់ដេរហ្គោលហ្វេម ស្ថិតក្នុងភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ។
លោកសេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឱ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹងពី ជនរងគ្រោះ លោកក៏បានបញ្ជាឱ្យកម្លាំងព្រហ្មទណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍សិត្បូ ធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាមៗ ក្រោយពេលកើតហេតុ ។ ចំណែកលោកលន ចន្ថា អធិការរងនគរបាលស្រុកទទួលផែនយុត្តិធម៌ឱ្យដឹងថា ជនដែលត្រូវចាប់ខ្លួនពីបទប្រើហិង្សាដោយចេតនានេះឈ្មោះស៊ីម ផានិត អាយុ៣២ឆ្នាំ ជាប្រធានក្រុមទទួលអាវនៃរោងចក្រហ្គោលហ្វេម និងមានទីលំនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ។
រីឯជនជាតិចិនដែលរងរបួសឈ្មោះម៉ ជៀនភីង ភេទប្រុស អាយុ៤១ឆ្នាំ ជាប្រធានផ្នែកជ្រលក់អាវ ស្នាក់នៅក្នុងភូមិ-ឃុំខាងលើដែរ។ លោកអធិការរងបានឱ្យដឹងទៀតថា នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៩ មិថុនា ជនរងគ្រោះបានប្រើឈ្មោះស៊ីម ផានិត ឱ្យប្រមូលអាវកត់បញ្ជី ប៉ុន្តែពេលនោះឈ្មោះស៊ីម ផានិត មិនព្រមធ្វើតាមព្រោះខុសតួនាទីរបស់ខ្លួន ។ នៅគ្រានោះអ្នកទាំងពីរបានទាស់ពាក្យសម្តីគ្នាតឹងសរសៃ.ក ហើយឈ្មោះម៉ ជៀនភីង ក៏បានជេរបញ្ចោរឈ្មោះស៊ីម ផានិត និងជេរម្រ៉ាយ ប្រមាថមើលងាយធ្វើឱ្យឈ្មោះស៊ីម ផានិត ខឹងខ្លាំងក៏ស្ទុះទៅយកដែកទីបជ្រុងមកវាយឈ្មោះម៉ ជៀនភីង ត្រូវចំឆ្អឹងជំនីរខាងឆ្វេង៣កន្លែងនិងត្រូវចំដៃខាងឆ្វេងមួយកន្លែងទៀត រងរបួសយ៉ាងដំណំ ហើយត្រូវឈ្មោះម៉ ជៀនភីង ប្តឹងឱ្យប៉ូលិសចាប់ខ្លួនតែម្តង ។
កម្មករឈ្មោះស៊ីម ផានិត ត្រូវបាននគរបាលស្រុកស្អាងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕
ចែករំលែកព័តមាននេះ