ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មានគោចំនួន១២ក្បាលបានងាប់ និង២៧ក្បាលទៀត ត្រូវបានសង្គ្រោះទាន់ពេល ដោយសារគោទាំងនោះ ស៊ីត្រួយដំឡូងមី ដែលគេបាញ់ថ្នាំនៅក្នុងចម្ការភូមិចំនួន២គឺ ភូមិស្រះជ្រៃនិងភូមិបន្ទាយឆ្មារលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក កាលពីល្ងាចថ្ងៃទី២៤ មិថុនា ឆ្នាំ២០១២ ។
ក្រោយពីមានហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃទី២៥ មិថុនា គេឃើញមន្ត្រីបសុពេទ្យខេត្ត និងមន្ត្រីបសុពេទ្យភូមិ(ពេទ្យសត្វប្រចាំភូមិ) ចុះទៅដល់ភូមិខាងលើ ដើម្បីបង្អកទឹកខ្មេះ និងចាក់ថ្នាំវីតាមីន ជួយសង្គ្រោះជីវិតសត្វគោទាំងនោះ ។ ប្រភពព័ត៌មានពីម្ចាស់គោ បានឲ្យដឹងថា គោទាំង៣៩ក្បាលនេះក្រោយពីបាត់ ម្ចាស់បាននាំគ្នាដើររកបានប្រទះឃើញគោទាំងនោះខ្លះដួលសន្លប់ ខ្លះប្រកាច់ខ្លះទៀតងាប់ក្នុងចម្ការដំឡូងមី ហើយក៏មានការភ្ញាក់ផ្អើលឆោឡោទាំងល្ងាច ។
លោកហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាលខេត្តឲ្យដឹងថា ការដែលគោទាំងនោះពុលមកពីវាស៊ីត្រួយដំឡូងមីក្នុងចម្ការដែលទើបតែបាញ់ថ្នាំបំប៉នត្រួយនិងមើម។ ទោះជាយ៉ាងណា ក្នុងចំណោមគោទាំង៣៩ក្បាល នោះមាន២៧ក្បាល ត្រូវបានមន្ត្រីបសុពេទ្យខេត្ត និងមន្ត្រីបសុពេទ្យភូមិចុះអន្តរាគមន៍ជួយសង្ត្រោះ ដោយបង្អកទឹកខ្មេះ និងចាក់ថ្នាំវីតាមីនបំប៉នកម្លាំងបានធូរស្រាលឡើងវិញ ។ ដោយឡែក គោចំនួន១២ក្បាលទៀតមានអាការៈពុលធ្ងន់ បានងាប់នៅក្នុងភូមិស្រះជ្រៃចំនួន១១ក្បាលនិងនៅភូមិបន្ទាយឆ្មារលិច១ក្បាល ៕
ចែករំលែកព័តមាននេះ