ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ជីវិត​គ្មាន​អ្វី​ៗ​ទាំងអស់

13 ឆ្នាំ មុន

រយៈពេល​៣២​ឆ្នាំ​មកនេះ បន្ទាប់​ពី​ជ័យ​ជំនះ​៧​មក​រា ប្រជាជន​កម្ពុជា​បាន​ប្រឹងប្រែង ក្រោកឈរ​ឡើង​វិញ និង​ធ្វើ​ដំណើរ​ទៅ​មុខ លើ​មាគ៌ា​មួយ​ដ៏​ត្រឹមត្រូវ ហើយ​បាន​បង្កើត​ឡើង​ប្រវត្ដិសាស្ដ្រ​ប្រកបដោយ​មោទនភាព ក្នុង​បុព្វហេតុ​ស្ដារ កសាង និង​ការ ពារ​មាតុភូមិ​។ ជាមួយ​គ្នា​នេះ យើង​ទាំងអស់​គ្នា​នៅ​តែ​ចង​ចាំ​ជា​និច្ច​នូវ​ដំណាក់កាល​ដ៏​ខ្មៅ​ងងឹត​បំផុត ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​កម្ពុជា គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក ប៉ុ​ល ពត ដែល​បាន​អនុវត្ដ

                                           ដោយ សា​ឯម​-​ផល្គុន
រយៈពេល​៣២​ឆ្នាំ​មកនេះ បន្ទាប់​ពី​ជ័យ​ជំនះ​៧​មក​រា ប្រជាជន​កម្ពុជា​បាន​ប្រឹងប្រែង ក្រោកឈរ​ឡើង​វិញ និង​ធ្វើ​ដំណើរ​ទៅ​មុខ លើ​មាគ៌ា​មួយ​ដ៏​ត្រឹមត្រូវ ហើយ​បាន​បង្កើត​ឡើង​ប្រវត្ដិសាស្ដ្រ​ប្រកបដោយ​មោទនភាព ក្នុង​បុព្វហេតុ​ស្ដារ កសាង និង​ការ ពារ​មាតុភូមិ​។ ជាមួយ​គ្នា​នេះ យើង​ទាំងអស់​គ្នា​នៅ​តែ​ចង​ចាំ​ជា​និច្ច​នូវ​ដំណាក់កាល​ដ៏​ខ្មៅ​ងងឹត​បំផុត ពុំ​ធ្លាប់​មាន​ក្នុង​ប្រវត្ដិសាស្ដ្រ​របស់​កម្ពុជា គឺ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក ប៉ុ​ល ពត ដែល​បាន​អនុវត្ដ​នយោបាយ​ប្រល័យពូជសាសន៍​មក​លើ​ប្រជាជាតិ​ខ្លួន ឯង ។ ក្នុង​រយៈកាល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ បន្ទាប់​ពី​បាន​ឡើង​កាន់​អំណាច​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ពួក​មេដឹកនាំ​នៃ​របប​កម្ពុជា​ប្រជា ធិ​ប​តេ​យ្យ​បាន​ប្រព្រឹត្ដ​ឧក្រិដ្ឋកម្ម​ដ៏​មហា​ឃោរឃៅ​លើ​គ្រប់​វិស័យ រុញច្រាន​ទឹកដី​មាតុភូមិ និង​ប្រជាជាតិ​យើង​ដែល​ត្រូវ​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដោយ សង្គ្រាម​រយៈពេល​៥​ឆ្នាំ​រួច​ទៅ​ហើយ​នោះ​ឱ្យ​ឈាន​ដល់​មាត់​រណ្ដៅ​នៃ​ការ​រលាយ​សូន្យ​ទាំងស្រុង​ពី​ពិភពលោក​។
នៅ​ក្នុង​កាលៈទេសៈ​ដ៏​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត​នេះ មាន​តែ​កម្មាភិបាល យុទ្ធ​ជន និង​យុទ្ធ​នារី​ដ៏​ស្មោះត្រង់​របស់​គណបក្ស ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​បាន​ក្រោកឈរ​តស៊ូ ហើយ​បាន​ប្រមូលផ្ដុំ​គ្នា​ជា​កំលាំង​ដ៏​ខ្លាំងក្លា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​របប ប៉ុ​ល ពត ។ ការ​បដិសន្ធិ​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នៅ​ស្រុក​ស្នួល ខេត្ដក្រចេះ នា​ថ្ងៃ​ទី​២ ធ្នូ ១៩៧៨ គឺជា​របត់ ថ្មី​នៃ​ចលនា​តស៊ូ​ប្រឆាំង ប៉ុ​ល ពត ដែល​មាន​អត្ថន័យ​កំណត់​សំរាប់​បដិវត្ដន៍​សង្គ្រោះ​ជាតិ ។ រណសិរ្ស​បាន​ចេញ​សេចក្ដី​ប្រកាស​ជា ប្រវត្ដិសាស្ដ្រ​ស្ដី​ពី​គោលនយោបាយ​“១១​ខ​” បំផុស​បានការ​ចូលរួម​ដ៏​ពុះពារ​ពី​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ទិស​ទី និង​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​នៃ បណ្ដា​ប្រទេស​ដែល​ស្រឡាញ់​សន្ដិភាព និង​យុត្ដិធម៌​នៅ​លើ​ពិភពលោក ។

ថ្ងៃ​៧ មក​រា ឆ្នាំ​១៩៧៩ វីរ​កងទ័ព​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បាន​ទទួល​កិច្ចសហការ​ជួយ​ឧបត្ថម្ភ​ពី​កងទ័ព ស្ម័គ្រចិត្ដ​វៀតណាម បាន​វាយ​ផ្ដួលរំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​រំដោះ​ទីក្រុង​ភ្នំពេញ ដណ្ដើម​បាន​សិទ្ធិ​សេរីភាព​បរិបូណ៌​មក ជូន​ប្រជាជន​វិញ ។ ជ័យ​ជំនះ​៧ មក​រា បាន​បញ្ចប់​ដំណាក់កាល​ដ៏​ខ្មៅ​ងងឹត​បំផុត​នៃ​កម្ពុជា ហើយ​បើក​ឡើង​នូវ​សករាជ​ថ្មី គឺ​ឯករាជ្យ សន្ដិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ។ ប្រជាជន​កម្ពុជា​បាន​ចង​ចាំ​ជា​និច្ច​ថា “៧​មក​រា  គឺជា​ថ្ងៃកំណើត​ទី​២​របស់​ខ្លួន បើ​គ្មាន​ជ័យ​ជំនះ​៧ មក​រា គឺ​គ្មាន​ជីវិត គ្មាន​អ្វី​ៗ​ដូច​ថ្ងៃនេះ​ឡើយ​”​។ រំ​ឮ​ក​ដល់​មហា​ជ័យ​ជំនះ​នេះ ប្រជាជន​យើង​គ្រប់​រូប គ្រប់​វ័យ កាន់តែ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​នូវ​គុណូបការៈ​ដ៏​ឧត្ដុង្គឧត្ដម​របស់​កម្មាភិបាល យុទ្ធ​ជន យុទ្ធ​នារី​នៃ​កងទ័ព​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល​បាន​ប្រយុទ្ធ​យ៉ាង​ក្លាហាន​អង់អាច ហ៊ាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់ និង​អាយុជីវិត​របស់​ខ្លួន ដើម្បី​បុព្វហេតុ​សង្គ្រោះ ជាតិ​ការពារ​មាតុភូមិ និង​ការពារ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជាតិ​។ ព្រម​ជាមួយ​នេះ ប្រជាជន​កម្ពុជា​បាន​ចារឹក​ជាប់​ជា​រៀង​រហូត​ក្នុង​ដួង ចិត្ដ​របស់​ខ្លួន​នូវ​ឧបការគុណ​ដ៏​ថ្លៃថ្លា​របស់​កងទ័ព​ស្ម័គ្រចិត្ដ និង​ប្រជាជន​វៀតណាម ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ដ វៀតណាម ដែល​បាន​ឆ្លើយ​តប​យ៉ាង​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​អំពាវនាវ​របស់​ប្រជាជន​កម្ពុជា ដើម្បី វាយ​រំលំ​របប​ប្រល័យពូជសាសន៍ និង​ការពារ​ការ​រស់​ឡើង​វិញ​របស់​ជាតិ ។

ក្រោយ​ជ័យ​ជំនះ​៧ មក​រា គណបក្ស​ប្រជាជន​កម្ពុជា​បាន​កាន់​អំណាច ដឹកនាំ​ប្រទេស​ជាតិ​ក្នុង​ស្ថានភាព​ដែល​ប្រទេស​មាន​សន្ដិភាព​ផង និង​សង្គ្រាម​ផង ។ ក្រុមប្រឹក្សា​ប្រជាជន​បដិវត្ដន៍​កម្ពុជា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ ថ្ងៃ​ទី​៨ ខែមករា ១៩៧៩ ដែល​ជា​តំណាង​ស្របច្បាប់​តែ​មួយ​គត់​របស់​ប្រទេស និង​ប្រជាជន​កម្ពុជា​បាន​ចាប់ផ្ដើម​ស្ដារ ប្រទេស​ឡើង​វិញ​ពី​ចំណុចសូន្យ ហើយ​ត្រូវ​គេ​ហ៊ុម​ព័ទ្ធ​ខាង​សេដ្ឋកិច្ច​យ៉ាង​អយុត្ដិធម៌​ថែម​ទៀត ។  ព្រម​ជាមួយ​នោះ ពួក​បាក់ទ័ព ប៉ុ​ល ពត ដែល​ត្រូវ​បាន​បន្ដ​ដង្ហើមរស់​បាន​បង្ក​សង្គ្រាម​ប្រឆាំង​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​ក្នុង​ឧបាយកល​យុទ្ធសាស្ដ្រ​ទន្ទ្រាន និង​ផ្ដួលរំលំ​សាធារណ រដ្ឋ​ប្រជាមានិត​កម្ពុជា ។ អាស្រ័យ​ហេតុនេះ ប្រជាជន​កម្ពុជា​ត្រូវ​រែកពុន​នូវ​ភារកិច្ច​ធំ​ៗ​ពីរ​ក្នុង​ពេល​តែ​មួយ គឺ​ដៃ​ម្ខាង​បង្កបង្កើន​ផល​ស្ដារ ប្រទេស​ជាតិ​ផង ហើយ​ដៃ​ម្ខាង​ទៀត​ត្រូវ​កាន់​អាវុធ​ការពារ​ប្រទេស និង​ទប់ស្កាត់​ការ​ប៉ុនប៉ង​វិល​ត្រឡប់​មក​វិញ​នៃ​របប ប្រល័យពូជសាសន៍​ផង ។ ជា​ការ​ពិត ពួក​អ្នកប្រឆាំង​នឹង​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​ប៉ុនប៉ង​ច្របាច់ក​សាធារណរដ្ឋ​ប្រជា មា​និ​ត​កម្ពុជា​ឱ្យ​ស្លាប់​ភ្លាម​ៗ​តាម​គ្រប់​វិធានការ ទាំង​នយោបាយ សតិអារម្មណ៍ យោធា សន្ដិសុខ សេដ្ឋកិច្ច និង​ការទូត​។ ប៉ុន្ដែ​គ្រប់​សកម្មភាព​របស់​ពួក​គេ​ត្រូវ​បរាជ័យ​ជា​បន្ដបន្ទាប់ ក្រោម​កំលាំង​មហា​សាមគ្គី​ជាតិ និង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​របស់​មិត្ដភក្ដិ​ជិត​ឆ្ងាយ​ទាំង ឡាយ ។ គណបក្ស​ប្រជាជន​កម្ពុជា រណសិរ្ស និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បានការ​ពារ​អាយុ​ជិ​វិត​ប្រជាជន​ធ្វើ​ឱ្យ​កំលាំង​ពិត គ្រប់​ផ្នែក​មានការ​ចំរើន​ធំធាត់​ឆាប់រហ័ស ជីវភាព​រស់នៅ​ក៏​មាន​ស្ថិរភាព​ជា​បណ្ដើរ​ៗ​ដែល​បាន​បង្ក​លក្ខណៈ​ដល់​ដំណើរការ​ស្ដារ និង​កសាង​ប្រទេស ឡើង​វិញ​ជា​ជំហាន​ៗ ។

ជោគជ័យ​នៃ​ការ​ប្រឹងប្រែង​របស់​យើង​ធ្វើ​ឱ្យ​យើង​បាន​ឆ្លង​ផុត​ពី​ដំណាក់កាល​ដ៏​លំបាកលំបិន​បំផុត ហើយ​ឈាន​មក​កាន់ ដំណាក់កាល​ពង្រឹងពង្រីក​ខ្លួន​តែ​ក្នុង​រយៈពេល​១០​ឆ្នាំ ប៉ុណ្ណោះ ។ គឺ​ភាពរឹងមាំ​នៃ​កំលាំង​ពិត​គ្រប់​ផ្នែក​របស់​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា ដែល​បន្ទាប់​មក​បាន​ប្ដូរ​ឈ្មោះ​ជា​រដ្ឋ​កម្ពុជា​នេះ​ហើយ ដែល​បាន​ធ្វើ​ជា​កំលាំង​ស្នូល​នៃ​ដំណើរការ​ស្វែងរក និង​អនុវត្ដ​នូវ​ដំណោះស្រាយ​នយោបាយ​នៃ​បញ្ហា​កម្ពុជា​។ ចាប់ពី​ឆ្នាំ​១៩៩៣​មក​ដល់​បច្ចុប្បន្ន លើ​មូលដ្ឋាន​សមិទ្ធផល​ដែល​រដ្ឋ​កម្ពុជា​សំរេច បាន​រយៈពេល​១៤​ឆ្នាំ ប្រជាជន​កម្ពុជា​បាន​សំរេច​សមិទ្ធផល​ធំ​ៗ ថ្មី​ៗ​ទៀត​លើ​គ្រប់​វិស័យ​ដែល​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ថា កម្ពុជា​កំពុង​តែ​បន្ដ​ឈាន ទៅ​មុខ​តាម​ទិស​ដៅ​មួយ​ដ៏​ត្រឹមត្រូវ ។ សង្គ្រាម​ត្រូវ​បាន​បញ្ចប់ ទឹកដី និង​ប្រជាជន​ទាំងមូល​បាន​ឯកភាព បង្កើត​បាន​សន្ដិភាព​ពេញ លេញជា​លើក​ដំបូង​ចាប់ពី​ចុងឆ្នាំ​១៩៩៨​មក​តាម​រយៈ​នយោបាយ​ឈ្នះ​=​ឈ្នះ ។ រាល់​ដំណើរការ​នៃ​កិច្ច​អភិវឌ្ឍន៍​សង្គម​ជាតិ​បាន​និង កំពុង​ប្រព្រឹត្ដ​ទៅ​យ៉ាង​ល្អ ដោយ​ឈរ​លើ​មូលដ្ឋាន​រដ្ឋធម្មនុញ ។ នីតិរដ្ឋ សិទ្ធិ​សេរីភាព និង​តំលៃ​មនុស្ស​កាន់តែ​ត្រូវ​បាន​លើកកំពស់ លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​កំពុង​ចាក់​ឫស​កាន់តែ​ជ្រៅ​នៅ​ក្នុង​បរិបទ​របស់​កម្ពុជា ។ បណ្ដា​ការដ្ឋាន​កំណែទំរង់​រដ្ឋ​ដ៏​ស៊ីជំរៅ កំពុង​ត្រូវ​បាន​អនុវត្ដ​ប្រកបដោយ​ផ្លែផ្កា ។ កិត្ដិយស កិត្យានុភាព​ជាតិ​លើ​ឆាក​អន្ដរជាតិ​ក៏​កាន់តែ​ត្រូវ​បាន​លើកកំពស់​ឡើង ហើយ​កម្ពុជា​បាន​ធ្វើ សមាហរណកម្ម​ពេញលេញ​ទៅ​ក្នុង​សហគមន៍​អន្ដរជាតិ​ទាំង​ក្នុង​ក្រប​ខណ្ឌ​តំបន់ អនុ​តំបន់ និង​ពិភពលោក ។ ក្នុង​មោទនភាព​ដ៏​ខ្ពង់ខ្ពស់ របស់​ជាតិ គណបក្ស​ប្រជាជន​កម្ពុជា​សូម​ចូលរួម​សប្បាយ​រីករាយ​ជាមួយ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង ប្រទេស ដែល​ប្រាសាទព្រះវិហារ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​២០០៨ ហើយ​កម្ពុជា​ត្រូវ​បាន បោះ​ឆ្នោត​ជា​សមាជិក​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​២០០៩​កន្លង​មកនេះ ដែល​បង្ហាញ​ឱ្យ​ឃើញច្បាស់ ថា កម្ពុជា​កំពុង​ងើបឈរ​ឡើង​ក្នុង​ឋានៈ​ជា​ប្រជាជាតិ​មួយ​ដែល​ស្មើភាព ស្មើ​សិទ្ធិ ជាមួយ​ប្រជាជាតិ​ផ្សេង​ទៀត និង​កំពុង ធ្វើ​សហប្រតិបត្ដិការ​ល្អ​ក្នុង​ក្រប​ខណ្ឌ​តំបន់ និង​ពិភពលោក ។

ចំពោះ​ដំណើរការ​អភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ច រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ជំរុញ​អនុវត្ដ​ប្រកបដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ដ្រ​ត្រីកោណ យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​១ និង​កំពុង​អនុវត្ដ​យុទ្ធសាស្ដ្រ​ចតុកោណ ដំណាក់កាល​ទី​២​។ លើ​មូលដ្ឋាន​នេះ ពី​ឆ្នាំ​១៩៩៨​ដល់​២០០៨ សេដ្ឋកិច្ចជាតិ​សំរេច​បាន​កំណើន​កំរិត​ខ្ពស់​ជា​បន្ដបន្ទាប់ ។ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ត្រូវ បាន​ធានា​ទុនបំរុង​ជាតិ​ជា​រូបិយប័ណ្ណ​បាន​កើន​ជា​ប្រចាំ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ដ​ត្រូវ​បាន​ជំរុញ​យ៉ាង​ខ្លាំងក្លា​ឥត​ឈប់​ឈរ អត្រា​នៃ​ភាព​ក្រីក្រ បាន​ថយ​ចុះ​មក​ត្រឹម​៣០% ដោយ​សំរេច​បានការ​កាត់​បន្ថយ​ជាង​១%​ក្នុង​មួយ​ឆ្នាំ ហើយ​សុខុមាលភាព​របស់​ប្រជាជន​ក៏​ត្រូវ​បាន​លើកកំពស់​ជា លំដាប់​។ ប្រការ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​សន្ទុះ​រីក​ចំរើន​ប្រកបដោយ​ថាមពល​នៃ​សេដ្ឋកិច្ច​កម្ពុជា សំដៅ​ឈាន​ដល់​ដំណាក់កាល អភិវឌ្ឍន៍​មួយ​ថ្មី​ទៀត​ដោយ​ផ្សារ​ភ្ជាប់​នឹង​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​បែងចែក​ដោយ​សមធម៌​។

រាល់​ជ័យ​ជំនះ​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ គឺជា​សមិទ្ធផល​រួម​របស់​ប្រជាជាតិ​យើង​ទាំងមូល​ដែល​បាន​សាមគ្គី​គ្នា បង្កើត​ឡើង​ដោយ​បាន​កំចាត់​ចេញ​ទាំង​ទស្សនៈ និង​ទ​ង្វើ​នៃ​ការ​បែកបាក់​ផ្ទៃក្នុង​ជាតិ ដែល​បាន​ចង​រួតរឹត​ប្រជាជាតិ​យើង រាប់​ទស​វត្ស​មក​ហើយ ។ ប្រការ​នេះ​បាន​បញ្ជាក់​ច្បាស់​ថា នៅ​ពេល​ដែល​ប្រជាជន​យើង​មាន​មាគ៌ា​ដឹកនាំ​ត្រឹមត្រូវ មាន​សាមគ្គី ភាពរឹងមាំ និង​ការ​ជឿជាក់​លើ​ខ្លួនឯង​នោះ យើង​ពិតជា​នឹង​សំរេច​បាន​នូវ​គោលបំណង​របស់​យើង ។ ក្នុង​ឱកាស​នេះ​ដែរ ក្នុង នាម​ប្រជាជន​កម្ពុជា ក៏​សូម​សំដែង​ការ​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សហគមន៍​អន្ដរជាតិ​ដែល​បាន​ផ្ដល់​ជំនួយឧបត្ថម្ភ និង​កិច្ច​សហប្រតិបត្ដិការ​ដ៏​ស្មោះសរ​ចំពោះ​ប្រជាជន​កម្ពុជា​ក្នុង​បុព្វហេតុ​សង្គ្រោះ​ជាតិ​ពី​របប​ប្រល័យពូជសាសន៍ ការ​ស្វែងរក​សន្ដិភាព បង្រួបបង្រួម​ជាតិ និង​ការ​កសាង​កម្ពុជា​ឡើង​វិញ៕