ខេត្តកំពត ៖ សង្សារមួយគូ ដែលជិះរថយន្តកូរ៉ូឡាពណ៌ខ្មៅ១គ្រឿង ចេញមកពីផ្លូវតំបន់រមណីយដ្ឋានទឹកឈូ លុះមកដល់ពាក់កណ្តាលស្ពានថ្ម ព្រែកកំពង់បាយ ក៏ស្រាប់តែឈប់រថយន្តរួចគេឃើញនារីវ័យក្មេងម្នាក់បានបើកទ្វាររថយន្តរត់ឡើងលើបង្កាន់ដៃស្ពាន ហើយលោតទឹកតែម្តង ។ គេពុំដឹងថា គូស្នេហ៍ទាំង២នេះមានទំនាស់ពាក្យសម្តីជាមួយគ្នាយ៉ាងណានោះទេ ទើបនារីជាដៃគូដាច់ចិត្តលោតទឹកសម្លាប់ខ្លួនយ៉ាងនេះ ។
ហេតុការណ៍ដែលកម្រកើតមាននេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២២ មិថុនា នៅលើស្ពានថ្មថ្មីព្រែកកំពង់បាយ ហៅព្រែកកំពត ចំពាក់កណ្តាលស្ពាន ស្ថិតក្នុងភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត។ ក្រោយពីមានហេតុការណ៍កើតឡើង គេឃើញមនុស្សរាប់រយរាប់ពាន់នាក់ខ្លះជិះរថយន្ត ខ្លះជិះម៉ូតូ អ្នកខ្លះដើរ បានមកឈរមើលកម្លាំងនគរបាលព្រំដែនទឹកកំពុងបើកអូប័រល្បាតរកមើលសាកសពក្រែងលោអណ្តែត ។ ទោះបីជាមានការជួយអន្តរាគមន៍ពីកម្លាំងនគរបាលព្រំដែនទឹកយ៉ាងណាក្តី ក៏ការរុករកសពនារីលោតទឹកពុំឃើញទេ ។
នៅវេលាម៉ោង៧និង៣០នាទីយប់ គេឃើញក្រុមគ្រួសារនារីរងគ្រោះបានយកផ្លែឈើមកដាក់សែននៅចំណុចដែលនាងលោតទឹកនោះ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីជួយឱ្យរកឃើញសពឱ្យបានឆាប់ ។ ក្នុងនោះដែរគេឃើញក្រុមគ្រួសារនារីរងគ្រោះបានជួលទូក២គ្រឿង ដើម្បីជួយរាវរកសព ។ នៅវេលាម៉ោង១០និង៣០នាទីយប់ ទូករាវក៏បានរកឃើញសាកសពក្នុងមង ហើយក៏បានស្រង់ឡើងដាក់រថយន្តសាមុយមន្ទីរពេទ្យបង្អែកខេត្តកំពត ដឹកសពមកដាក់ក្នុងបន្ទប់មន្ទីរពេទ្យ ដើម្បីឱ្យនគរបាលការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តធ្វើកោសល្យវិច័យ ដើម្បីរកមូលហេតុច្បាស់លាស់ពីការលោតទឹកសម្លាប់ខ្លួននេះ ។
ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញឱ្យដឹងថា នៅលើខ្លួនសពគ្មានឃើញស្លាកស្នាមអ្វីគួរឱ្យសង្ស័យទេ ។ នារីដែលលោតទឹកនេះឈ្មោះឡាញ ដាណែត អាយុ២៧ឆ្នាំ ស្រុកកំណើតនៅសង្កាត់អូរប្ញស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ទាំងក្រុមគ្រួសារសព ទាំងសមត្ថកិច្ចពុំផ្តល់ព័ត៌មានពីមុខរបររបស់នារីរូបនេះថាធ្វើអ្វីនោះទេ ប៉ុន្តែមានប្រភពក្រៅផ្លូវការមួយឱ្យកោះសន្តិភាពដឹងថា នារីដែលលោតទឹកសម្លាប់ខ្លួននេះមានមុខងារជាមន្ត្រីគណនេយ្យគយ និងរដ្ឋាករ នៅចំណតយន្តហោះអន្តរជាតិភ្នំពេញ បច្ចុប្បន្នស្នាក់នៅភូមិ៣៣អឺ ផ្លូវលេខ១៦៦ ក្រុមទី៨ សង្កាត់អូរប្ញស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រីឯបុរសជាគូស្នេហ៍ដែលសមត្ថកិច្ចហៅទៅសាកសួរឱ្យដឹងថា ខ្លួនឈ្មោះយ័ន ប៊ុនឆៃ អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២៣០ ផ្លូវលេខ៣៩១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ សមត្ថកិច្ចពុំបានផ្តល់ព័ត៌មានពីមុខរបរច្បាស់ទេ ប៉ុន្តែតាមព័ត៌មានក្រៅផ្លូវការនិយាយថា បុរសជាដៃគូនារីរងគ្រោះធ្វើការនៅទីស្តីការគណៈរដ្ឋមន្ត្រី។
បុរសជាសង្សារបានឱ្យសមត្ថកិច្ចដឹងថា នាងជាគូស្នេហ៍បានហៅខ្លួនជាសង្សារឱ្យជូនមកលេងផ្ទះជីតានៅក្រុងកំពត តែពេលធ្វើដំណើរមកពុំទាន់បានចូលលេងផ្ទះជីតាទេ នារីជាសង្សារបានឱ្យខ្លួនបើករថយន្តតាមបណ្តោយស្ពានថ្មី ពីកើតទៅលិច បើកហួសបន្តិចបានឱ្យខ្លួនបត់ទៅស្តាំដៃចូលផ្លូវទៅរមណីយដ្ឋានទឹកឈូ បាន១០០ម៉ែត្រក៏ឱ្យខ្លួនបត់រថយន្តមកស្ពានថ្មីវិញ ។ លុះបើកមកដល់ខាងលិចគល់ស្ពាន នាងបាននិយាយទូរស័ព្ទ ប៉ុន្តែមិនដឹងថានិយាយជាមួយអ្នកណាទេ ព្រមទាំងឱ្យខ្លួនបង្អង់រថយន្តតិចៗដើម្បីនិយាយទូរស័ព្ទ ។
ទាក់ទិនប្រភពព័ត៌មានជុំវិញករណីឈានទៅលោតទឹកសម្លាប់ខ្លួននោះ គេពុំបានបង្ហើបឱ្យអ្នកយកព័ត៌មានដឹងទេ ។ ប៉ុន្តែមានប្រភពពីសាក្សីអ្នកឃើញហេតុការណ៍បានឱ្យដឹងថា គេឃើញរថយន្តកូរ៉ូឡាពណ៌ខ្មៅ ពុំចាំស្លាកលេខ១គ្រឿងបានបើកមកពីទិសខាងលិចទៅកើត លើស្ពានបានបើកល្បឿនយឺតៗ លុះដល់ចំណុចពាក់កណ្តាលស្ពាន ឃើញរថយន្តនោះឈប់ ហើយក៏ឃើញនារីម្នាក់បើកទ្វារចេញពីរថយន្តរត់ឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកតែម្តង។ ក្រោយមកទើបឃើញបុរសក្នុងរថយន្តបើកទ្វារចេញពីរថយន្តមកឈរកន្លែងនារីលោតទឹកនោះទាំងត្រហេបត្រហប ហាក់ដូចជាចង់រកគេឱ្យជួយ ប៉ុន្តែមិនដឹងពឹងអ្នកណា បើមើលទៅក្នុងទឹកគ្មានឃើញទូកមួយគ្រឿងសោះ ។
ក្រោយហេតុការណ៍បន្តិចទើបឃើញមនុស្សភ្ញាក់ផ្អើលមកមើលត្រៀបត្រា ។ រីឯសមត្ថកិច្ចចរាចរគោលដៅក្បាលស្ពានខាងលិចក៏មកជួយធ្វើអន្តរាគមន៍កន្លែងកើតហេតុ ។ ក្រោយពីទូកនេសាទដែលក្រុមគ្រួសារនារីរងគ្រោះជួលឱ្យជួយអូសរាវរកឃើញសាកសព ហើយរថយន្តពេទ្យដឹកទៅកាន់មន្ទីរពេទ្យ ភ្លាមៗនោះ គេពិនិត្យឃើញស្ត្រីជាម្តាយនារីដែលលោតទឹក និងសាច់ញាតិមានតែសំឡេងស្រែកទ្រហោយំសោកស្តាយកូនស្រីមានតែមួយមិនគួរកូនចិត្តដាច់ធ្វើដល់ថ្នាក់ហ្នឹងសោះ។ ក្នុងនោះដែរគេឃើញម្តាយធំ ខាងនារីលោតទឹកធ្វើអត្តឃាតបានស្រែកយំផង ព្រមទាំងលើកដៃចង្អុលបុរសម្នាក់ដែលគេដឹងថា ជាក្រុមគ្រួសារខាងប្រុសថា ក្រុមគ្រួសារអ្នកឯងហ្នឹងធ្វើឱ្យកូនគាត់ស្លាប់ រួចបុរសនោះឆ្លើយថា កុំបន្ទោសខ្ញុំ ខ្ញុំអត់ដឹងអីទេ ។
យោងតាមប្រភពព័ត៌មានក្រៅផ្លូវការឱ្យដឹងថា គូស្នេហ៍ទាំង២នេះស្រឡាញ់គ្នាជាងមួយឆ្នាំមកហើយ តែពុំទាន់ភ្ជាប់ពាក្យទេ ហើយមានថ្ងៃមួយភាគីខាងស្រីសំណូមពរមកភាគីខាងប្រុស តែត្រូវភាគីខាងប្រុសបដិសេធមិនទាន់ទទួលយកសំណូមពរពីភាគីខាងស្រី ធ្វើឱ្យភាគីសាមីខ្លួនខាងស្រីមានការខកបំណង ទើបឈានដល់លោតទឹកសម្លាប់ខ្លួន ។ ប៉ុន្តែនេះគ្រាន់តែជាប្រភពព័ត៌មានដែលលេចឮក្រៅផ្លូវការប៉ុណ្ណោះ ព្រោះមិនមែនគ្រាន់តែស្រឡាញ់គ្នាហើយមិនចូលដណ្តឹងនាងត្រូវលោតទឹកនោះទេ ។ សាកសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅតម្កល់ទុកនៅវត្តត្រើយកោះ ក្នុងភូមិត្រើយកោះ សង្កាត់ត្រើយកោះ ក្រុងកំពត ដើម្បីធ្វើបុណ្យតាមប្រពៃណី។ សពនារីរងគ្រោះត្រូវបានធ្វើបុណ្យ៣យប់៣ថ្ងៃគិតចាប់តាំងពីយប់ថ្ងៃទី២២ មិថុនា រហូតមកដល់ថ្ងៃទី២៥ មិថុនា នេះ ទើបបូជា ។
គួររំលឹកដែរថា ស្ពានថ្មីព្រែកកំពតនេះកើតរឿងករណីលោតទឹកចំនួន៣លើកមកហើយ តាំងពីស្ពានត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចមក ។ លើកទី១ យុវជនសរសៃប្រសាទម្នាក់លោតទឹកដោយគ្មាននរណាម្នាក់បានឃើញ និងស្លាប់ក្រោយពេលសពអណ្តែត (ពេលថ្ងៃ)។ បន្ទាប់មកនារីឡង់សេស្រាបៀរម្នាក់បានលោតពេលល្ងាចម៉ោង៥ ឆ្នាំ២០១១ ម្តងដែរតែត្រូវបានសង្សារចេះហែលទឹកជួយស្រង់បាននៅរស់រានមានជីវិត ហើយលើកទី៣នេះគឺនារីរងគ្រោះជិះរថយន្ត២នាក់គូស្នេហ៍នេះតែម្តង ៕
ចែករំលែកព័តមាននេះ