រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវប៉ូលិសប៉ុស្តិ៍បឹងសាឡាងឃាត់ខ្លួនកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១២ មិថុនា ពីបទចោទប្រកាន់ថាបានលបលួចចូលទៅក្នុងផ្ទះលេខ២៨D ផ្លូវលេខ២២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចាប់រំលោភស្ត្រីម្នាក់អាយុ៥៦ឆ្នាំ រហូតបានសម្រេច កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១២ មិថុនា ។ ទោះបីជាយ៉ាងណា យុវជនជាប់ចោទបានបដិសេធយ៉ាងដាច់អហង្ការ ។
យុវជនដែលត្រូវបានឃាត់ខ្លួននេះឈ្មោះមាន កក្កដា ហៅចក់ អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលតាមផ្លូវលេខ២២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ហើយក៏ជាមនុស្សដែលស្គាល់គ្នា ជាមួយស្ត្រីរូបនោះដែរ ។តាមស្ត្រីដែលអះអាងថា បានរងគ្រោះដោយយុវជននេះចាប់រំលោភឱ្យដឹងថា នៅយប់ថ្ងៃកើតហេតុគាត់ដេកនៅផ្ទះតែម្នាក់ឯង ដោយដេកផ្ទាល់នឹងដីក្នុងរោងប្រក់ស័ង្កសី ព្រោះផ្ទះកំពុងជួសជុល ។
ពេលកំពុងដេកលង់លក់ស្រាប់តែឈ្មោះមាន កក្កដា ហៅចក់ លបចូលទៅហើយយកភួយខ្ទប់មាត់គាត់ក្នុងគោលបំណងប្លន់ ។ ស្ត្រីរូបនេះបន្តថា ពេលនោះគាត់ស្គាល់ថាពិតជាឈ្មោះចក់ តែគាត់ធ្វើជាមិនស្គាល់ដោយសារខ្លាចជននោះចាក់សម្លាប់ ព្រោះមានកូនកាំបិតនៅដៃផង ។ ភ្លាមនោះដែរគាត់ក៏ចាប់អោបដោយហៅជននេះថាបងចង់បានអ្វី ព្រោះធ្វើជាអ្នកមិនស្គាល់គ្នា ឯឈ្មោះចក់ក៏ចាប់រំលោភគាត់រហូតបានសម្រេច ។ បន្ទាប់ពីរំលោភរួចហើយក៏បានរើកកាយរករបស់របររួចគេចខ្លួនបាត់ទៅ ។
ស្ត្រីរូបនេះបានបន្តទៀតថា បន្ទាប់ពីត្រូវគេចាប់រំលោភ គាត់បានទៅប្រាប់កូនស្រីដែលរស់នៅក្បែរនោះទាំងយប់ ហើយព្រឹកឡើងនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងសាឡាង ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួនជននេះបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌទួលគោក។ ការស្គាល់រាប់អានគ្នារវាងយុវជនរូបនេះនិងស្ត្រីជាដើមចោទ ព្រោះឪពុកម្តាយយុវជនជាប់ចោទជាមនុស្សរស់នៅស្រុកជាមួយគ្នា ទើបឈ្មោះចក់មកជួលផ្ទះរស់នៅក្បែរគ្នាទៀត។
ចំណែកយុវជនជាប់ចោទឈ្មោះមាន កក្កដា ហៅចក់ ពុំព្រមសារភាពឡើយ ទោះបីប៉ូលិសសាកសួរយ៉ាងណាក៏ដោយគឺនៅតែឆ្លើយថា មិនបានចាប់រំលោភទេ ដោយយប់នោះរូបគេដេកនៅឯផ្ទះជួលរបស់ខ្លួន ។ នៅព្រឹកថ្ងៃទី១២ មិថុនា ស្ត្រីចំណាស់រូបនេះបានទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញតែពុំទាន់ដឹងពីលទ្ធផលនៅឡើយទេ ។ រីឯប៉ូលិសខណ្ឌទួលគោកក៏កំពុងធ្វើការស្រាវជ្រាវជុំវិញការចោទប្រកាន់ផងដែរ ៕
ចែករំលែកព័តមាននេះ