ប៉ូលិសអាល្លឺម៉ង់រាយការណ៍ថាបុរសជនជាតិកាណាដាឈ្មោះលូការ៉ុកកូ ម៉ាញ៉ូតា ដែលសង្ស័យជាអ្នកសម្លាប់និស្សិតចិនម្នាក់រួចកាត់ជាកង់ៗនៅទីក្រុងម៉ុងរេអាល់(កាណាដា) ហើយតាមរកដោយប៉ូលិសអន្តរជាតិ INTERPOL ត្រូវចាប់ខ្លួនបានហើយកាលពីថ្ងៃទី៤មិថុនានៅក្រុងប៊ែរឡាំង ។
តួអង្គដើរតួក្នុងកុនកូនជ្រូកអាយុ២៩ឆ្នាំរូបនេះជាប់សង្ស័យថាសម្លាប់និស្សិតចិនអាយុ២៥ឆ្នាំម្នាក់ហើយកាត់សាកសពជាកង់ៗ ។ ជននេះបានថតសកម្មភាពរបស់គេហើយផ្សាយវីដេអូតាមអ៊ីនធើរណេត ។ ប៉ូលិសបារាំងបានតាមរកជននោះរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។ យោងតាមពួកអ្នកស៊ើបអង្កេតកាណាដាថាម៉ាញ៉ូតាបានជិះយន្តហោះពីទីក្រុងម៉ុងរេអាល់ទៅកាន់ប្រទេសបារាំងកាលពីថ្ងៃទី២៦ឧសភាកន្លងមកនេះ ។ បន្ទាប់មកពួកអ្នកស៊ើបអង្កេតបារាំងស៊ើបដឹងថា ជននេះបានជិះរថយន្តបឺសមួយគ្រឿងចេញពីទីក្រុងប៉ារីសហើយ។
ជនរងគ្រោះឈ្មោះជុនលីន ជានិស្សិតអាយុ៣២ឆ្នាំម្នាក់សិក្សានៅសាកលវិទ្យាល័យ CONCORDIA ក្រុងម៉ុងរេអាល់ ។ តាមសំណើរបស់អាជ្ញាធរកាណាដា ប៉ូលិសអន្តរជាតិបានចេញផ្សាយដីកាចាប់ខ្លួនក្រហមប្រឆាំងបុរសកាណាដារូបនេះដែលមានឈ្មោះអេរិកគ្លីនតុន ញូវមេន ឬវ៉្លាឌីមៀរ រ៉ូម៉ាណូវផងដែរ ៕
ចែករំលែកព័តមាននេះ