ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការមួយនៅអាមេរិក​ឈឺក្បាល​រឿង​បណ្តឹងពាក់ព័ន្ធព្រលឹងខ្មោច

13 ឆ្នាំ មុន

ពាក់កណ្តាលខែ​មេសា ឆ្នាំ២០១២​នេះ ចូស៊ូ ឈីនឈីឡា (Josue Chinchilla) អាយុ៣៧ឆ្នាំ និងប្រពន្ធ​មីសែល កាល្លេន (Michele Callan) អាយុ៣៦ឆ្នាំ បានដាក់ពាក្យ​ឡើង​តុលា​ការ​ជាន់ខ្ពស់​រដ្ឋ​ញូវ​ចឺ​ស៊ី ប្តឹង​ប្រឆាំង​លោក​ទន្ត​បណ្ឌិត​ រីឆាដ​ ឡូប៉េស (Richard Lopez) ជា​ម្ចាស់​ផ្ទះជួលនៅ​ថម​រី​វ៉ឺ (Tom River) ដែល​ពួក​ខ្លួនកំពុង​ស្នាក់នៅ ។ អ្នកទាំងពីរទាមទារ​ប្រាក់​កក់

ពាក់កណ្តាលខែ​មេសា ឆ្នាំ២០១២​នេះ ចូស៊ូ ឈីនឈីឡា (Josue Chinchilla) អាយុ៣៧ឆ្នាំ និងប្រពន្ធ​មីសែល កាល្លេន (Michele Callan) អាយុ៣៦ឆ្នាំ បានដាក់ពាក្យ​ឡើង​តុលា​ការ​ជាន់ខ្ពស់​រដ្ឋ​ញូវ​ចឺ​ស៊ី ប្តឹង​ប្រឆាំង​លោក​ទន្ត​បណ្ឌិត​ រីឆាដ​ ឡូប៉េស (Richard Lopez) ជា​ម្ចាស់​ផ្ទះជួលនៅ​ថម​រី​វ៉ឺ (Tom River) ដែល​ពួក​ខ្លួនកំពុង​ស្នាក់នៅ ។ អ្នកទាំងពីរទាមទារ​ប្រាក់​កក់ ២.២៥០ ដុល្លារវិញ ព្រោះផ្ទះនោះមាន​ព្រលឹង​ខ្មោចលង​ទាំងថ្ងៃ​ទាំងយប់​ធ្វើឱ្យ​ភ័យ​បះ​សក់​, ចូលនៅបានតែមួយសប្តាហ៍ត្រូវ​បង្ខំចិត្ត​រត់ ចេញទាំងយប់ ។
អ្នកជួលផ្ទះប្តឹងម្ចាស់ផ្ទះ
ក្រោយ​ពី​ចូលនៅ​ផ្ទះជួល​មួយនៅ​ថមរីវ៉ឺ (រដ្ឋ​ញូវចឺស៊ី សហរដ្ឋអាមេរិក) បានមួយសប្តាហ៍​ ចូស៊ូ ឈីនឈីឡា និងនាង​មីសែល កាល្លេន នាំ​កូនពីរនាក់​របស់ខ្លួន​រត់ទាំងព្រលឹងចុងសក់​នា​ម៉ោង​១ និង១៥នាទី រំលងអធ្រាត្រ ទៅជួល​បន្ទប់​ដេកក្នុង​សណ្ឋា​គារមួយ ។​ ផ្ទះ​ដែលពួក​គេ​ជួលស្នាក់នៅជាអគារមានបន្ទប់ដេក៣ ស្ថិត​តជាប់​ផ្លូវ Terrace និងផ្លូវ Lowell ។ តាំង​ពី​ចូល​​នៅថ្ងៃ​​ដំបូង ចូស៊ូ និងមីសែល មានអារម្មណ៍​ហាក់​​ដូច​ក្នុងផ្ទះមានអ្នកផ្សេងទៀត មិនមែន​មានតែ​​គ្រួ សារខ្លួនទេ ព្រោះសុខៗស្រាប់តែ​ឃើញ​ខោអាវ និងក្រមាងូត​ទឹករបស់​ពួក​​ខ្លួ​ន ​ត្រូវអ្នកណា​យក​ចេញពី​ទូគ្រវាត់​ពាស​ពេញ​លើ​កម្រាល​ឥដ្ឋ​។ ទ្វារល្វែង​កណ្តាល​លាន់​ង៉ឺតង៉តៗ​​​រួចបិទ​​គ្រាំង​ដោយ​ខ្លួនឯង ។​ នេះរឿងពេលថ្ងៃ ។

ចំណែក​ពេល​យប់​វិញ អំពូលភ្លើង​ទាំងឡាយ​កំពុង​ឆេះ​ធម្មតា​ ស្រាប់តែរលត់ភ្លឹប, មួយសន្ទុះ​ឆេះ​ភ្លែតវិញដោយខ្លួនឯង ។ យប់ជ្រៅ​បន្តិច​ឮ​មាន​ស្នូរ ជើងមនុស្សដើរស្រាលៗក្នុងផ្ទះ និង​មាន​​សំឡេង​ខ្សឹបខ្សៀវ ធ្វើឱ្យ​ ចូស៊ូ និងមីសែល ស្មានថាចោរ​ចូលផ្ទះ តែចាំលប​មើលអត់​ឃើញ​មាន​អ្វីសោះ។ ប្រការគួរឱ្យ​ស្រៀវ​ខ្លួន​ជាង​នេះ​ទៀត​ គឺ​សម្រែក​លាន់​ចេញពីបន្ទប់ក្រោមដី ឮដូចអ្នកណាម្នាក់​ត្រូវច្របាច់ក រើបម្រះ​បណ្តើរ​ស្រែកបណ្តើរ ។​សម្រែក​នោះ​​បាត់បន្តិច​លាន់​ឡើងទៀត​ជាបន្ត​បន្ទាប់នៅក្រោមជើងពួកគេ ។

ពាក់កណ្តាល​ខែមេសា ២០១២ ចូស៊ូ ឈីន​ឈីឡា និងនាង​មីសែល កាល្លេន ដាក់ពាក្យ​ឡើង​តុលាការ​ជាន់ខ្ពស់រដ្ឋ​ញូវចឺស៊ី ប្រឆាំងលោក​ទន្តបណ្ឌិត រីឆាដ ឡូប៉េស ជាម្ចាស់ផ្ទះជួលខាង​លើ​ ទាមទារឱ្យ​សងប្រាក់​កក់​ចំនួន២.២៥០​ដុល្លារ​ព្រោះផ្ទះនោះ​មានខ្មោច​កាចសាហាវ​មិន​អាច​​នៅ​បាន ។ ប៉ុន្តែ​លោក​ទន្តបណ្ឌិត​ រីឆាដ ឡូប៉េស បដិសេធការលើកឡើង​រឿងខ្មោចលង ហើយ​ប្តឹង​បកវិញពីបទក្បត់កិច្ចសន្យា ។ គាត់ថា​រឿង​ខ្មោចលងជារឿងប្រឌិត ។ អ្នកទាំងពីរនេះ​ប្រឌិតសម្រាប់ជាលេស​ក្បត់កិច្ច​សន្យា ព្រោះ​ដឹង​ខ្លួនគ្មានប្រាក់​គ្រប់គ្រាន់សម្រាប់បង់ឈ្នួលផ្ទះ​ចំនួន១.៥០០ដុល្លាររៀងរាល់ខែ ។ មេធាវីរបស់​លោកទន្តបណ្ឌិតរីឆាដ ឡូប៉េស ក៏និយាយដូចគ្នា​ថា ចូស៊ូ និងមីសែល ជួលផ្ទះរបស់កូនក្តីខ្លួន​សម្រាប់រយៈពេល១០ឆ្នាំ​ដោយមាន​កិច្ច​សន្យា​ត្រឹមត្រូវ ។ ប៉ុន្តែអ្នកទាំងពីរនេះ​ ក្រោយ​មក​ប្រហែលមានបញ្ហាអ្វីកើតឡើងជុំវិញ​រឿងលុយ​កាក់​ ទើបចង់លុបចោលកិច្ច​សន្យាដោយ​ប្រឌិត​រឿងផ្ទះមានខ្មោច​កាច ។

ទាំងសងខាងជជែកគ្នា​បែកផ្សែង ។ ចូស៊ូ និង​មីសែល នៅតែអះអាងយ៉ាងម៉ឺងម៉ាត់​ថា​ត្រូវ​ខ្មោច​ធ្វើបាបយ៉ាងពិតប្រាកដ ​ដាច់​ខាត​មិនមែនរឿងប្រឌិតទេ ។ ចូស៊ូនិយាយថា​ ដំបូង​ពួក​ខ្លួន​ស្មាន​​ថា ស្នូរដែលឮនោះប្រហែលមកពីប្រព័ន្ធ​ផ្សេ​ងៗ​ ក្នុងផ្ទះ ដូចយ៉ាង ប្រព័ន្ធ​ទឹក​ក្តៅ​ជា​ដើម​មាន​​បញ្ហា ដឹង​អី​មិន​មែន​អ៊ី​ចឹង​សោះ ​ហេតុការណ៍​​ចម្លែក​ៗ​នេះ​តែ​ង​​កើត​ឡើង​​ជា​បន្ត​បន្ទាប់​​​រហូត​ដល់​​ពួក​ខ្លួន​ភិត​ភ័យ​​ ប្រមូល​​អី​វ៉ាន់​រត់​ទាំង​យប់​ស្ទើរ​មិន​ទាន់ ​។

មាន​រឿង​​ចម្លែក​​ៗ​ស្ទើរ​រាប់​មិន​អស់​​ដូច​យ៉ាង​ពេល​ខ្លះ​​ពួក​ខ្លួន​កំពុង​ដេក​លើ​គ្រែ​​មើល​ទូរទស្សន៍​ ស្រាប់​តែ​ឮ​គ្រាំង​ក្នុង​ផ្ទះ​​ដូច​រលំ​ទូ ឬ​របស់​អ្វី​មួយ តែ​​លុះ​​នាំ​គ្នា​​រក​មើល​គ្រប់​កន្លែង​អត់​ឃើញ​​មាន​អ្វី​គួរឱ្យ​​សង្ស័យ​សោះ។ ជួន​កាល​ពេល​យប់​ជ្រៅ​ ពួក​ខ្លួន​ដេក​លក់ ស្រាប់​តែ​មាន​បាត​ដៃ​អាថ៌​កំបាំង​​​​ពី​ណា​​ទាញ​បក​ភួយ​ចេញ​ពី​ខ្លួន ហើយ​បោះ​ទៅ​ម្ខាង​ ខណៈ​កម្រាល​ពូក​ក្រោម​ខ្នង​​​ក៏​មាន​អ្វី​ទាញ​ទៅ​​ទាញ​មក​ទៀត ។ ​ចូស៊ូ​អះ​អាង​ «​ខ្ញុំ​​ជា​មនុស្ស​ម្នាក់​ពី​មុន​មក​​​​អត់​ដែល​ជឿ​រឿង​​ខ្មោច​ព្រាយ​អី​ទេ តែ​លុះ​ចូល​ទៅ​ផ្ទះ​នោះ​​មួយ​​សប្តាហ៍ ពួក​ខ្ញុំ​នៅ​ជា​មួយ​ខ្មោច​​ព្រាយ​យ៉ាង​ពិត​ប្រាកដ​ ។ ផ្ទះ​នោះ​​មិន​មែន​មាន​​​ព្រលឹង​​ខ្មោច​តែ​មួយ​ទេ វា​ថែម​ទាំង​ជា​កន្លែង​​​ស្នាក់​នៅ​របស់​ព្រលឹង​ខ្មោច​​ផ្សេងៗ​ច្រើន​ទៀត ។ ​ខ្ញុំ​ជឿ​​ថា​អ៊ីចឹង» ។ ចូ​ស៊ូ​ និង​មី​សែល ​ថែម​ទាំង​​សំអាង​​ដល់​សម្តី​បព្វ​ជិត​​​កាតូលិក​​នាម ​Terence Sullivan នៅ​​​ខ​​ណ្ឌ Middlesex ផង​​ ។

ពួក​គេ​និយាយ​ថា ពេល​ខ្លួន​​ទើប​ចូល​​នៅ​ផ្ទះ​​ជួល​នោះ​ បព្វ​ជិត​​កា​តូ​លិក​​ខាង​​លើ​បាន​មក​លេង​​ និង​​ប្រទានពរ​​ដល់​ខ្លួន មក​ដល់​ភ្លាម គាត់​មើល​ឆ្វេង​​ មើល​ស្តាំ ហើយ​ប្រាប់​ថា ​​ផ្ទះ​នេះ​មាន​​ព្រលឹង​​​ខ្មោច​​សណ្ឋិត​​ធ្ងន់​ធ្ងរ។ស្ថិត​ចំពោះ​​មុខ​​បណ្តឹង​​ពាក់​ព័ន្ធ​​ព្រលឹង​ខ្មោច​​យ៉ា​ង​នេះ ​តុលាការ​​ជាន់​ខ្ពស់​រដ្ឋ​​​​ញូវ​ចឺ​ស៊ី ​បាន​ត្រឹម​តែ​​​​ច្រហ​មាត់​ ពុំ​ដឹង​អារ​កាត់​​ដូច​ម្តេច​​បាន ។ រឿង​បែប​នេះ ​ក្រៅ​ពី​ពឹង​ក្រុម​ស្រាវ​ជ្រាវ​​បាតុ​ភាព​ចម្លែក ពុំ​អាច​​កាត់​សេចក្តី​​បាន​ឡើយ ។

ក្រុម​ស្រាវ​ជ្រាវ​​បាតុ​ភាព​​ចម្លែក​​ធ្វើ​សកម្ម​ភាព​ដោយ​នៅ​សល់​​របស់​ប្រើ​ប្រាស់​​មួយ​ចំនួន នាង​មី​​សែល កាល្លេន ត្រឡប់​​មក​ផ្ទះ​​ជួល​ម្តង​ទៀត ដើម្បី​ប្រមូល​ឱ្យ​អស់​​ តែ​មិន​​មែន​ហ៊ាន​​មក​ម្នាក់​ឯង​ទេ គឺ​មក​ជា​មួយ​ក្រុម​ជំនាញ​ខាង​ស្រាវ​ជ្រាវ​​បាតុភាព​ចម្លែក​ពីរ​ក្រុម ​គឺ​ក្រុម ​SPRS និង​ក្រុម​ NJPI រួម​ជា​មួយ​​អ្នក​ឯកទេស​​​ខាង​ថត​​រូប​ម្នាក់ និង​អ្នក​យក​ព័​​ត៌មានម្នាក់​​របស់​កាសែត​​មូល​ដ្ឋាន ។

បន្ទាប់​​បី​តាម​ដាន​មួយ​រយៈ​ ​លោក​និច ខាល​សុន ​​(Nick Carlson) មក​​ពី​សមាគម​ស្រាវ​ជ្រាវ​​បណ្តា​បាតុ​ភាព​​ខុស​ប្រក្រ​តី Shore (SPRS) នៅ​ថម​​រីវ៉ឺ និយាយ​ថា ​លទ្ធ​ផល​ប្រមូល​បាន​ស្តួច​ស្តើង​ណាស់ ក្រុម​របស់​គាត់​មិន​ទាន់​អាច​អះ​អាង​​ច្បាស់​​ពី​បាតុភាព​ក្នុង​ផ្ទះ​នៅ​ផ្លូវ​ Terrace បាន​ឡើយ ត្រូវ​​ប្រើ​ពេល​វេលា​យូរ​ស្រាវ​ជ្រាវត​​​ទៅ​ទៀត ។ រឿង​​ចម្លែក​​បែប​នេះ​មិន​អាច​សន្និដ្ឋាន​​ព្រាវ​ៗ​បាន​​ទេ ។

ចំណែក​​លោក​ស្រី​ម៉ា​រី​យ៉ាន ប្រ៊ី​ហ្គេន​ដូ (Marianne Prigando) សហស្ថាបនិក​អង្គការ​​បណ្តា​អ្នក​ស្រាវ​ជ្រាវ​​បាតុ​ភាព​​ចម្លែក​ញូវ​ចឺ​ស៊ី (NJPI) និយាយថា​ គាត់​ធ្លាប់​ចូល​រួម​ស្រាវ​ជ្រាវ​​រឿង​ចម្លែក​​ជិត​២០​ករណី​មក​ហើយ ​មាន​តែ​លើក​នេះ​ទេ ដែល​ទាក់​ទាញ​​​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត ។ វា​ជា​​រឿង​មួយ​​ថា​ពិត​ក៏​បាន​ មិន​ពិត​ក៏​បាន ដែលធ្វើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យ​គាត់​ប្តេជ្ញា​ចិត្ត​​ថា ទោះ​យ៉ាង​​​ណា​ក៏​ត្រូវ​​​តែ​រក​ឱ្យ​ឃើញ​​ស​ខ្មៅ ។

ក្នុង​ផ្ទះ​មាន​​ព្រលឹង​ខ្មោច​មែន តែ​ជា​ខ្មោច​​ដែល​ធ្វើ​បាប​​តែ​អ្នក​ណា​ដែល​ខ្លួន​អត់​ចូល​ចិត្ត​ ឬ​ជា​​មនុស្ស«​ឆុង​» នឹង​ខ្លួន​មែន​ទេ ?
ក្រុម​ស្រាវ​ជ្រាវ​​​បំពាក់​កា​មេ​រ៉ា ៥ រួម​ជា​មួយ​ឧបករណ៍​អេឡិច​ត្រូ​និកទំនើប​សម្រាប់​ចាប់​សំឡេង​​ចម្លែក ឧបករណ៍​អេឡិច​ត្រូ​និក​​ទំនើប​សម្រាប់​​​ចាប់​​ព្រលឹង​ខ្មោច ។ ជា​មួយ​​ឧបករណ៍​​ទំនើប​បំផុត​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​រក​ភស្តុតាង​នៃ​​វត្ត​មាន​​ពិភព​មួយ​ទៀត​​​តាម​រយៈ​ការ​​បង្ហាញ​​លក្ខណៈ​​វិនិច្ឆ័យ​ចេញ​មក​ដើម្បី​​គួប​ផ្សំ​គ្នា​ឱ្យ​កាន់​តែ​​ទុក​ចិត្ត ដូច​យ៉ាង​​បើ​អំពូល​ភ្លើង​ឆេះ​​បាន​សេចក្តី​ថា​មាន ​បើ​រលត់​​ឈឹង​ បាន​សេចក្តី​​ថាអត់ តែ​ឧបករណ៍​​ទាំង​នោះ​អត់​មាន​ការ​​ឆ្លើយ​តប​សោះ ។ ​​

ត​មក​​ប្រើ​សញ្ញា​ផ្សេង​ៗ​ទៀត ដូ​ច​ជា​​​ពន្លឺ​ផ្ទុះ​​មួយ​ដង​​បាន​​​សេចក្តី​ថា​អត់ ​ពន្លឺ​ផ្ទុះ​ពីរ​ដង​​បាន​សេចក្តី​ថា​មាន ​រួម​ជា​មួយ​​ការ​ប្រើ​​សព្ទ​សាស្ត្រ​ដែល​សម្រាយ​សេចក្តី​​រួច​ ដូ​ចយ៉ាង​ «​មិត្ត​​ស្គាល់ Josue ទេ?» ។ អត់​មាន​​សញ្ញាតប ។ «​មិត្ត​ស្គាល់​អ្នក​ស្រី ​Michele ទេ?» ។ អត់​​មាន​សញ្ញា​តប​ដូច​គ្នា​ ​តែ​ប្លែក​ត្រង់​អំពូល​ចាំង​ភ្លឺ​​ជាង​មុន ។ ​«​មិត្ត​ដឹង​ខ្លួន​ស្លាប់​ហើយ​ទេ?» ។ ស្ងាត់​ទៀត ។

ប៉ុន្តែ​​ថ្វីបើ​អ្វីៗ​អត់​មាន​ការ​ឆ្លើយ​​តប​ច្បាស់​លាស់ តែ​កា​មេ​រ៉ាទំនើបៗ បែ​រ​ជា​ថត​​ជាប់​រូប​ភាព​ចម្លែកៗ​គួរ​ឱ្យ​ចាប់​អារម្មណ៍ ។ លោក​ស្រី​ម៉ា​រីយ៉ាន ប្រ៊ី​ហ្គេន​ដូ ដក​ដង្ហើម​​វែង​និយាយ «​ប្រហែល​​ជា​ក្នុង​ផ្ទះ​នេះ​ធ្លាប់​​មាន​អ្នក​ស្លាប់​​ដែល​ពេល​ស្លាប់​​អត់​មាន​អ្នក​ណា​ដឹង ។ ប៉ុន្តែ​​ចុះ​ហេតុ​ម៉េច​​អត់​ចម្លើយ ? ​​អ្វ​ី​ដែល​​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​​តិច​តួច​គឺពន្លឺ​​ភ្លើង​​ភ្លឺ​ខ្លាំង​​ពេល​សួរ​ដល់​ឈ្មោះ​អ្នក​ស្រី​ Michele ។ បើ​នៅ​តែ​ដូច្នេះ តើ​សន្និដ្ឋាន​​ច្បាស់​លាស់​ម្តេច​​​កើត​ទៅ ?

ចំណែក​លោក​និច​ ខាល​សុន បាន​ឱ្យ​ដឹង​ថា ​ក្រុម​ស្រាវ​ជ្រាវ​​​​របស់​គាត់​​ពេល​ទើប​ចូល​ដល់​ក្នុង​ផ្ទះ​ ឧបករណ៍​​ទំនើចាប់​បាន​​សំឡេង​​សើច​របស់​​មនុស្ស​ស្រី​ និង​សំឡេង​​និយាយ​​ដែល​បក​​ប្រែ​​ន័យ​បាន​ថា «​យើង​ស្អប់​ឯង» ។ សំណើច និង​​សំឡេង​​និយាយ​​នោះ​លាន់​ចេញ​ពី​បន្ទប់​ដេក​បិទ​ជិត​​​មួយ​ ។ ចំណែក​កា​មេរ៉ា​អាំង​ហ្វ្រា​រូ ​ដែល​បង្កប់​ក្នុង​បន្ទប់​នោះ ​ក្រោយ​មក​​ឃើញ​​ថត​​ជាប់​​បន្ទះ​បូវ​លិង​ (bowling) រត់​ទៅ​​រត់​មក​​ម្នាក់​ឯង។ ​ទោះ​ដូច្នេះ​​​ក្តី​ក៏​មិន​ទាន់​យក​ជា​ការ​អ្វី​បាន​ដែរ ទាល់​តែ​​ចំណាយ​ពេល​តាម​ដាន​​យូរ​តទៅ​ទៀត។

ផ្ទះ​ជួល​​នៅ​ថមរី​វ៉ឺ ដែល​មាន​ទំហំ​​៤៦៥​ម៉ែត្រ​​ការ៉េ​នេះ ​សាង​សង់​ក្នុង​ឆ្នាំ​១៩៥៩​ ។ តាម​ឯក​សារ​របស់​​​ការិយាល័យ​​​ពន្ធ​ដារ​​មូល​ដ្ឋាន​ ផ្ទះ​​នេះ​ឆ្លង​កាត់​ម្ចាស់​៣​ជំនាន់​ហើយ ។ ​លោក​ទន្ត​បណ្ឌិត​​​រី​ឆាដ ឡូ​ប៉េស ​ជា​ម្ចាស់​​ជំនាន់​ទី​បី​តាំង​​ពី​ឆ្នាំ​១៩៩៥​មក ។ ចំណែក​អ្នក​ជួល​មុន​​ចូ​ស៊ូ និង​មី​សែល បន្ទាប់​ពី​ចូល​នៅ​មួយ​ឆ្នាំ​ក៏​រត់​ចេញ​​ដូច​ចូស៊ូ​ និង​មី​សែល​ដែរ ៕