ប្រធានាធិបតីសូម៉ាលីលោកស៊ិកសារីហ្វ អាម៉េដ បានគេចផុតពីគ្រោះថ្នាក់កាលពីថ្ងៃទី២៩ ឧសភា ពេលមានការពួនស្ទាក់វាយប្រហាររបស់ពួកឧទ្ទាមអ៊ិស្លាមក្រុមអាល់ចាបាអាបប្រឆាំងនឹងក្បួនរថយន្តរបស់លោកខណៈពេលលោកធ្វើដំណើរដ៏កម្រមួយចេញក្រៅទីក្រុងម៉ូហ្គាឌីស្យូរដ្ឋធានីសូម៉ាលី ។
ការវាយប្រហារនោះកើតមាននៅច្រកចូលទីក្រុងអឺឡាសា ស្ថិតនៅចន្លោះទីក្រុងម៉ូហ្គាឌីស្យូ និងក្រុងអាហ្វហ្គោយេ អតីតទីតាំងរបស់ពួកឧទ្ទាម ។ អ្នកកាសែតរ៉យទ័រម្នាក់ដែលជិះក្នុងរថយន្តមួយក្នុងក្បួននោះដែររាយការណ៍ថា ការវាយប្រហារធ្វើឱ្យរថយន្តទាំងឡាយក្នុងក្បួនត្រូវបែកខ្ញែក ។ រថយន្តទាំងឡាយបើកគេចទៅគ្រប់ទិស ។ គ្រាប់កាំភ្លើងបានត្រូវបណ្តារថយន្តរបស់កងកម្លាំងថែរក្សាសន្តិភាពសហភាពអាហ្វ្រិក ក៏ប៉ុន្តែពុំមានរថយន្តណារងការខូចខាតធ្ងន់ធ្ងរឡើយ ។
ការបាញ់តគ្នាមានរយៈពេលប្រមាណជាកន្លះម៉ោងកងបង្ខំឱ្យកម្លាំងសហភាពអាហ្វ្រិកប្រើកាំភ្លើងធំដើម្បីរុញច្រានពួកអ្នកវាយប្រហារ ។ រថយន្តពាសដែករបស់ប្រធានាធិបតីបានចាកចេញពីកន្លែងប្រយុទ្ធយ៉ាងឆាប់រហ័សដោយលោកពុំមានត្រូវរបួសឡើយ ៕
ចែករំលែកព័តមាននេះ