រាជធានីភ្នំពេញ ៖ ទស្សនិកជនរាប់លាននាក់បានបើកប៉ុស្តិ៍ទូរទស្សន៍ CTN កាលពីរាត្រី ថ្ងៃសៅរ៍ទី២៦ ឧសភា ដើម្បីទស្សនាការសម្ដែងរបស់កញ្ញា ឡូរ៉ា ម៉ម និងក្រុម The Like Me’s ដែលជាការសម្ដែងផ្ទាល់តាមកញ្ចក់ទូរទស្សន៍លើកដំបូងបង្អស់របស់ក្រុមនេះនៅក្នុងប្រទេសកម្ពុជា ។
ក្រុមតន្ត្រី The Like Me’s បានប្រគំបទ ចម្រៀងចំនួនបីបទ គឺបប«បេះដូងគ្មានកង្វល់»«ផ្កាព្រហាមរីកពព្រាយ»និងបទ«ស៊ីក្លូ» នៅមុខទស្សនិកជនដែលទស្សនាផ្ទាល់នៅក្នុងស្ទូឌីយ៉ូរបស់ទូរទស្សន៍ CTN នៅឫស្សីកែវ រាជធានីភ្នំពេញ ។ទស្សនិកជនដែលទស្សនាផ្ទាល់ប្រមាណ ៥០០នាក់ បានទះដៃបន្ទរ ខណៈដែលក្រុមតន្ត្រី The Like Me’s សម្ដែង ។
បន្ទាប់ពីបទចម្រៀងទីមួយដែលមានចំណងជើងថា «បេះដូងគ្មានកង្វល់» ក្រុមតន្ត្រី The Like Me’sបានផ្ដល់បទសម្ភាសន៍នៅលើឆាកជូនទស្សនិកជនដោយមានការសាកសួរសំណួរពីសំណាក់ពិធីករកម្មវិធីរាត្រីកម្សាន្ត គឺកញ្ញា ជីជី និងលោករតនៈ ។ នៅលើឆាកនេះ គេក៏ឃើញវត្តមានម្ដាយរបស់កញ្ញា ឡូរ៉ា គឺអ្នកស្រី ធីតា ផងដែរ ។
នៅក្នុងវគ្គសម្ភាសន៍ដែលមានរយៈពេល ១៥នាទី កញ្ញា ឡូរ៉ា និងម្ដាយបានរៀបរាប់អំពីការចិញ្ចឹមបីបាច់កញ្ញា ឡូរ៉ា នៅក្នុងសហរដ្ឋអាមេរិក ព្រមទាំងការធ្វើដំណើរមកលេងស្រុកខ្មែរជាញឹកញាប់របស់គ្រួសារនេះ ។ ពួកគាត់ក៏បានណែនាំឲ្យទស្សនិកជនស្គាល់ប្អូនប្រុសរបស់កញ្ញា ឡូរ៉ា ឈ្មោះ Adrew ដែលអង្គុយជាមួយទស្សនិកជន និងមិត្តភក្ដិរបស់ ឡូរ៉ា ផងដែរ ។
អ្នកស្រី ធីតា បានថ្លែងទៅកាន់ទស្សនិកជនខណៈដែលក្រុមតន្រ្តីត្រៀមខ្លួនចាកចេញពីឆាកបន្ទាប់ពីប្រគំនិងច្រៀងបទ«ស៊ីក្លូ»ចប់យ៉ាងដូច្នេះថា «សូមជួយគាំទ្រដល់កូនស្រីរបស់ខ្ញុំ និងបទចម្រៀងរបស់នាងផង»។ ទស្សនិកជនឆ្លើយតបដោយសំឡេងទះដៃសាទរដោយក្ដីរំភើបរីករាយ ។ថ្មីៗកន្លងទៅនេះក្រុមតន្ត្រី The Like Me’s បានចេញផ្សាយបទចម្រៀង«ផ្កាព្រហាមរីកពព្រាយ»និងបទ«ស្វារាំមុនឃីស» នៅក្នុងប្រទេសកម្ពុជា ។ ក្រុមនេះនឹងចេញផ្សាយវីដេអូចម្រៀងបន្ទាប់គឺបទ«បេះដូងគ្មានកង្វល់» នៅថ្ងៃទី៣០ ឧសភា ។
The Like Me’s គឺជាក្រុមតន្ត្រីដែលមានសមាជិកសុទ្ធតែស្រី និងមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងជើង។ សមាជិកក្រុមតន្ត្រី រួមមាន ឡូរ៉ា ម៉ម ហេឡិណា ហុង Monique Coquilla និង Loren Alonzo ។ ឡូរ៉ា និង ហេឡិណា ទាំងពីរនាក់ គឺជាអាមេរិកាំងដើមកំណើតខ្មែរ ។ ចំណែកឯ Monique Coquilla និង Loren Alonzo គឺជាអាមេរិកាំងដើមកំណើតហ្វ៊ីលីពីន។
ក្រុមតន្ត្រី The Like Me’s បានទទួលប្រជាប្រិយភាពទាំងនៅក្នុងស្រុក និងក្រៅស្រុកនៅលើអ៊ីនធើរណេត ជាមួយនឹងការយកបទចម្រៀងខ្មែរបុរាណទៅច្រៀងតាមបែបទំនើប ។ បេសកកម្មរបស់ក្រុមតន្ត្រីនេះ គឺដើម្បីធ្វើឲ្យឆាកតន្ត្រីរបស់ប្រទេសកម្ពុជារស់ឡើងវិញ តាមរយៈការផលិតបទចម្រៀងដើមដោយខ្លួនឯង ។
អ្នកចូលចិត្តបទចម្រៀង ដែលមានបំណងចង់ទាញយកបទចម្រៀងរបស់កញ្ញា ឡូរ៉ា និងក្រុម The Like Me’sសម្រាប់ទូរស័ព្ទដៃអាចផ្ញើ SMS លេខកូដខាងក្រោមនេះ ទៅកាន់លេខ 2727៖
បទផ្កាព្រហាមរីកពព្រាយ លេខកូដ 703405
បទស្វារាំមុនឃីស លេខកូដ 703408
បទបេះដូងគ្មានកង្វល់ លេខកូដ 703409 (ចេញផ្សាយចាប់ថ្ងៃពុធទី៣០ ឧសភា ទៅ)៕
ចែករំលែកព័តមាននេះ