ខេត្តស្ទឹងត្រែង ៖ ស្នូរសំឡេងម៉ាស៊ីនត្រង់សឺន័រកាត់ឈើ បានលាន់ឮរំពងព្រៃឆ្លើយឆ្លងគ្នាពីម៉ាស៊ីនមួយទៅម៉ាស៊ីនមួយទៀត ហាក់បីដូចជាសំឡេងផ្តាំផ្ញើនិងដេញអ្នកតាម្ចាស់ព្រៃឱ្យចេញពីជម្រករបស់ខ្លួនលែងមានកន្លែងរស់នៅតទៅទៀត ។ ជាក់ស្តែងនៅចំណុចអូរតាឡាស់ស្រុកថាឡាបរិវ៉ាត់ សកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងសកម្មដែលនៅមិនឆ្ងាយប៉ុន្មានពីផ្លូវទៅកាន់តំបន់ទេសចរណ៍អន្លង់ផ្សោតនិងទឹកធ្លាក់សុភ័ក្ត្រមិត្ត គឺជាបទឧក្រិដ្ឋព្រៃឈើមួយគួរឱ្យកត់សម្គាល់ ។
ក្នុងស្រុកថាឡាបរិវ៉ាត់ គេសង្កេតឃើញនៅក្នុងតំបន់មួយចំនួនសំបូរទៅដោយព្រៃស្រោងក្រាស់ ដើមឈើមួយដើមៗធំៗខ្ពស់វែងស្រឡូងគួរឱ្យគយគន់ ជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិ ។ កាលពីរសៀលថ្ងៃទី២៦ ឧសភា ២០១២ មន្ត្រីកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត ដោយទទួលបញ្ជាពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាប់ពីប្រជាពលរដ្ឋទៅធ្វើទេសចរណ៍ឆ្លងកាត់នៅក្នុងតំបន់នោះរាយការណ៍ពីគំនរឈើជាច្រើនកំណាត់ថ្មីៗនិងសំឡេងម៉ាស៊ីនកាត់ឈើលាន់រន្ទឺពេញព្រៃ បានចុះទៅដល់ចំណុចនោះធ្វើការទប់ស្កាត់ជាបន្ទាន់ ។ ក្នុងប្រតិបត្តិការនេះបានរកឃើញឈើប្រភេទធ្នង់ចំនួន២៥ដុំប្រវែងជាង២ម៉ែត្រ៤ជ្រុងនិងជាសន្លឹកក្តារងឿ ក្រៅពីនេះនៅមានកន្លែងជាច្រើនទៀតដែលមានគំនរឈើប្រភេទធ្នង់ដូចគ្នានៅរាយបា៉យក្នុងព្រៃ ។
មន្ត្រីកងរាជអាវុធហត្ថស្រុកថាឡាបរិវ៉ាត់បានឲ្យដឹងថា នាពេលបច្ចុប្បន្នប្រទេសឡាវបានសម្រុកទិញឈើធ្នង់ទាំងអស់តាមការឲ្យប្លង់សម្រាប់តម្រូវការរបស់ថៅកែឡាវ។ ព្រៃឈើនៅក្នុងតំបន់ស្រុកថាឡាបរិវ៉ាត់នេះ ចាប់ពីចំណុចអូរតាឡាស់ ទៅដល់ឃុំព្រះរំកិល ឃុំអូរស្វាយ កំពុងរងនូវការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យដែលក្រុមឈ្មួញទាំងនោះរស់នៅក្នុងឃុំព្រះរំកិល បានបញ្ជាឲ្យរថយន្តកែច្នៃនិងកម្មកររបស់ខ្លួនដឹកជញ្ជូនឈើធ្នង់មកពីព្រៃទៅទម្លាក់នៅច្រាំងទន្លេ រួចលើកដាក់ទូកយកទៅទម្លាក់នៅច្រាំងទន្លេវ៉ឺនខាម ប្រទេសឡាវ ។ មន្ត្រីដដែលបន្តថា សកម្មភាពរបស់ឈ្មួញទាំងនោះមិនងាយតាមទាន់ទ ដោយសារតែចំណុច នីមួយៗនៅជិតទឹកដីឡាវបំផុតគ្រាន់តែលើកឈើដាក់ទូកចេញទៅមិនបាន២០នាទីផងពួកគេដល់ទីកន្លែងត្រូវជួញដូរទៅហើយ។ មានពេលខ្លះ កម្លាំងកងរាជអាវុធហត្ថចុះទៅទាន់ ពួកគេជាន់ទាំងទូកជាន់ទាំងឈើពន្លិចទឹកទាំងអស់ទៀតផង ។
លោកឡូយ សូផាត អភិបាលខេត្តបានមានប្រសាសន៍ទៅកាន់លោកជា ថាវរិទ្ធ អភិបាលស្រុកថាឡាបរិវ៉ាត់ ខណៈពេល ចុះទៅត្រួតពិនិត្យផ្លូវទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍និងផ្លូវទៅកាន់ខេត្តព្រះវិហារនាពេលថ្មីៗនេះថា លោកជា ថាវរិទ្ធ ត្រូវមើលថែរក្សាព្រៃឈើនៅតំបន់នេះឲ្យបាន មិនត្រូវឲ្យបាត់មួយដើមណាឡើយតែបើបាត់ត្រូវចាប់ពួកទាំងនោះដាក់គុកឲ្យបាន ។
លោកវ៉ា សុខា នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាវបរិវ៉ាត់ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៦ ឧសភាតាមទូរស័ព្ទថា លោកកំពុងជាប់រវល់ធ្វើលិខិតផ្ទេរសិទ្ធិទៅឲ្យមន្ត្រីរបស់លោកដែលលោកត្រូវទៅរៀនពីរថ្ងៃខាងមុខ។ដូច្នេះចាំលោកទាក់ទងទៅសង្កាត់រដ្ឋបាលព្រៃឈើឃុំព្រះរំកិលឱ្យចុះទៅមើល ។
ចំណែកលោកអ៊ូ សុខុន នាយរងសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិលបានប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនោះថា លោកយករថយន្តមកធ្វើនៅខេត្តមិនបាននៅសង្កាត់ទេ។ លោកបានសួរមកវិញថា គំនរឈើទាំងនោះនៅចំណុចមួយណាហើយមានឃើញម្ចាស់ឬទេ? រង់ចាំបន្តិចលោកទាក់ទងទៅមន្ត្រីរបស់លោកឲ្យប្រាកដថានៅចំណុចណា ។
ក្រោមចំណាត់ការរបស់មេព្រៃទាំងនេះមិនដឹងថា ព្រៃឈើនៅក្នុងតំបន់ស្រុកថាឡាបរិវ៉ាត់នៅសេសសល់បានប៉ុន្មានខែទៀតនោះឡើយ។ ប្រភពមួយចំនួននៅក្នុងស្រុកថាឡាបរិវ៉ាត់បានប្រាប់ឲ្យដឹងថា ការរុករានកាប់ឈើប្រណីតទាំងនេះដើម្បីយកទៅលក់នៅប្រទេសឡាវហើយថៅកែនៅតំបន់ខាងលើមុននឹងរៀបចំចុះធ្វើការគឺបានប្រាប់អាជ្ញាធរនិងសមត្ថកិច្ចអស់ទៅហើយទើបហ៊ានដាក់ម៉ាស៊ីនត្រង់សឺន័រ កាត់ឈើលាន់រំពងពេញព្រៃបែបនេះ សូម្បីតែការដឹកជញ្ជូនដាក់ទូករៀបចេញក៏ត្រូវបង់លុយឲ្យសិនដែរទើបអាចទៅបាន បើសិនគ្មានការឃុបឃិតពុករលួយជាមួយគ្នាទេស្មានតែឈ្មួញទាំងនោះឈរជើងបានឬ ?
គួរកត់សម្គាល់ថា ឈើប្រភេទធ្នង់ ឈ្មួញឡាវត្រូវការខ្លាំងណាស់តែមិនដឹងថាយកទៅធ្វើអ្វីឡើយ ហើយខ្នាតត្រូវការស្ថិតនៅលើមាត់របស់ថៅកែឡាវកុម្មង់ ។ ដូច្នេះពេលដែលអារខុសខ្នាតឡាវមិនយក ពួកគេបោះចោលពេញព្រៃ ពេលណាគេត្រូវការរត់មកអារបន្តទៀត ហេតុដូចនេះហើយទើបបណ្តាលឲ្យព្រៃឈើរងការវិនាសហិនហោច បើគ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ ៕
ចែករំលែកព័តមាននេះ