ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ដោះ​ម្តាយ​មាន​ផល​ប្រយោជន៍​ល្អ​ច្រើន​យ៉ាង​ តែ​ក៏​នៅ​មានផល​ប៉ះពាល់​ខ្លះ​ៗ​ដែរ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​ ៖ លោក​វេជ្ជ​បណ្ឌិត​ ហុង សុខ​ឃាង ​បាន​ប្រាប់​​​កោះ​សន្តិ​ភាព​​ឱ្យ​ដឹងថា ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ គឺ​​មាន​ប្រយោជន៍​​​ច្រើន​យ៉ាង​​ដូច​ជា ​ជួយ​ការ​ពារ​​ទារក​​ ទប់​ទល់​ជំងឺ​ឆ្លង​ ជំងឺ​​អាលែក​ហ្ស៊ី និង​ជំងឺ​រ៉ាំ​រ៉ៃ​ជា​ច្រើន​ទៀត ។ ​​​វិធី​ជ្រើស​រើស​​ដែល​ល្អ​បំផុត​នោះ​ត្រូវ​បំបៅ​កូន​​ដោយ​ទឹក​​​ដោះ​មួយ​មុខ​គត់ យ៉ាង​ហោច​ណាស់​​ឱ្យ​បាន​រយៈ​ពេល​៦​ខែ ហើយ​ប្រសិន​បើ​មាតា​​​គ្រប់​រូប​​បំបៅ​​ដោះ​កូន​​​រហូត​ដល់​១២​​ខែ ​កាន់​តែ​​ល្អ​សម្រាប់​ទារក ​ធ្វើ​ឱ្យ​​កូន​របស់​លោក​អ្នក​មាន​​បញ្ញា​​​​ឈ្លាស​វៃ​ទៀត​ផង ។

ជា​ទូ​ទៅ​សារ​ប្រយោជន៍​ដែល​​បាន​មក​ពី​ទឹក​ដោះ​ម្តាយ​​​សម្រាប់​​ទារក​មាន​ដូចជា​៖
១-​ការ​បំបៅ​ដោះ​កូន​មាន​ប្រយោជន៍​​ជួយ​ទប់​ទល់​ជំងឺ​​ឆ្លង​តាម​រយៈ​ប្រព័ន្ធ​ការ​ពារ​​ដែល​គេ​ហៅ​ថា «​អង់​ទីគ័រ» ដែល​មាន​នៅ​​ក្នុង​ទឹក​ដោះ​​ម្តាយ។ វា​អាច​​ការ​ពារ​ជំងឺ​​ឆ្លង​​បាន​ច្រើន​យ៉ាង​​ដូច​ជា​​ជំងឺ​​រលាក​ត្រចៀក ​ជំងឺ​រាក ជំងឺ​​រលាក​ផ្លូវ​ដង្ហើម និង​កាត់​បន្ថយ​​ជំងឺ​រលាក​ស្រោម​ខួរ​​ក្បាល ។
២-​ការ​ពារ​​ទប់​ទល់​​អាលែក​ហ្ស៊ី ការ​ពារ​ជំងឺ​ហឺ​ត ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​ធាត់​តិច​ជាង​​កុមារ​​ដែល​បៅ​ទឹក​ដោះ​គោ ។
៣-​ទឹក​ដោះ​ម្តាយ​​ផ្តល់​នូ​វ​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់​​​ ហើយ​ទឹក​ដោះ​​​ម្តាយ​ងាយ​ស្រួល​​រំលាយ និង​ស្រូបយក​បាន​ល្អ​ជាង​​​ទឹក​ដោះ​គោ ដែល​មិន​ធ្វើ​ឱ្យ​ឈឺ​ពោះ​​ ​ហើម​ពោះ ឬរាក​នោះ​ទេ ។
៤-ទឹក​ដោះ​ម្តាយ​​មាន​រសជាតិ​គ្រប់​បែប​យ៉ាង​​​ ធ្វើ​ឱ្យ​កុមារ​ទទួល​​​​​​​​​​​​​​​​​​​​​​បាន​​វីតាមីន និង​ថាម​ពល​គ្រប់​គ្រាន់​ ។ ហើយ​រស​ជាតិ​​នៃ​ទឹក​ដោះ​ម្តាយ​​នោះ​បាន​ផ្លាស់​ប្តូរ​គ្រប់​រស​ជាតិ​ទៅ​តាម​ចំណី​អាហារ​​ដែល​ម្តាយ​​ទទួលទាន​​ ។
៥-​មាន​ល​ក្ខណៈ​​ងាយ​ស្រួល​ក្នុងការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​​ម្តាយ​ មិន​ចាំ​បាច់​មាន​កំប៉ុង មិន​ចាំ​បាច់​មាន​ក្បាល​ដោះជ័រ​ ​និង​មិន​ចាំ​បាច់​លាង​​សម្អាត​ ដោយ​ស្ងោរ​​ឡើយ គ្រាន់​តែ​លាង​​​ដោះ​ឱ្យ​ស្អាត​​​ជា​ញឹក​ញាប់​ជា​ការ​ស្រេច ។
៦-​ទឹក​ដោះ​ម្តាយ​ការ​ពារ​មិន​ឱ្យ​កើត​​ជំងឺ​ធាត់​ទៅ​លើ​ទារក​​ផង​ដែរ ។
៧-ទារក​ដែល​បំបៅ​ដោះ​ម្តាយ​​មាន​បញ្ញា​​ឈ្លាស​វៃ​ជាង​ទារក​ដែល​បៅ​​ទឹក​ដោះ​គោ ។ មិន​តែប៉ុណ្ណោះ​​សុខ​ភាព​​​ផ្លូវ​ចិត្ត​របស់​ទារក​ល្អ​​ និង​បង្កើត​​ភាព​ស្និទ្ធ​ស្នាលរវាង​ម្តាយ​និង​កូន​បាន​ល្អ​ថែម​ទៀត​ផង។
៨-​ទារក​ដែល​បៅ​ដោះ​ម្តាយ​​ជួយ​ឱ្យ​ម្តាយ​​កាត់​បន្ថយ​អត្រា​​គ្រោះ​ថ្នាក់​​ពី​ជំងឺ​បេះ​ដូង​​ និង​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់ឡើង​ទម្ងន់​ ព្រម​ទាំង​​ផ្តល់​ឱ្យ​ម្តាយនូវ​​មធ្យោបាយ​ពន្យារ​​កំណើតពី​ការ​ឆាប់​មាន​ផ្ទៃ​ពោះ និង​កាត់​បន្ថយ​អត្រា​ជំងឺ​មហារីក​មាត់​ស្បូន ​ជំងឺ​ក្រពេញ និង​កាត់​បន្ថយ​ជំងឺ​មហារីក​ផ្សេង​ទៀត ។
៩-បៅ​ទឹក​ដោះ​ម្តាយ​មិនចំណាយ​​ប្រាក់​ ហើយ​ជួយ​សន្សំ​​​ប្រាក់​​​ពីការ​​ចំណាយ​​លើ​ជំងឺ​​​ផ្សេង​ៗ ព្រោះ​ទឹក​ដោះ​ម្តាយ​​ជួយ​កាត់​បន្ថយ​ជំងឺ​បាន​ច្រើន ។
ប៉ុន្តែ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​​ក៏​មាន​គុណ​វិបត្តិ​តិច​តួច​ផង​ដែរ ដូចជា ៖
១-អាច​ធ្វើ​​ឱ្យ​ម្តាយ​​ពិបាក​​ងើប អង្គុយ ​បំបៅ​​​នៅ​ពេល​ទារក​យំ​ម្តងៗ បណ្តាល​ឱ្យ​ម្តាយ​​ឈឺ​ឆ្អឹង​​ឆ្អែង ចុក​ខ្នង​ មិន​​ស្រួល​ខ្លួន ។
២-​​បំបៅ​ដោះ​ម្តាយ​ត្រូវ​បំបៅ​​​ញឹក​ញាប់​​ជាង​ទឹក​ដោះ​គោម្សៅ ។
៣-​ម្តាយ​ដែល​បំបៅ​ដោះ​​​កូន​ដោយ​ទឹក​ដោះ​ត្រូវ​តែ​ទទួល​ទាន​អាហារ​​​ដោយ​មាន​ការ​​ប្រុង​ប្រយ័ត្ន​ មិន​អាច​ទទួល​ទាន​​ផ្តេស​ផ្តាស​ទេ ព្រោះ​អាច​​បណ្តាល​ឱ្យ​​ទារក​មាន​ជំងឺ​ផ្សេងៗ ។
៤-​ទារក​ជួប​ផល​លំបាក​​នៅ​ពេល​​ដែល​​ម្តាយ​​មាន​ជំងឺ​ ដូច​ជា​ពេល​ប្រើ​ប្រាស់​ថ្នាំ​​ច្រើន ​គឺ​ធ្វើ​ឱ្យ​ទារក​​មិន​អាច​​បៅ​​ទឹក​ដោះ​​ពី​ម្តាយ​​បាន​ឡើយ ព្រោះ​​​វា​អាច​​បង្ក​​បញ្ហា​​គ្រោះ​ថ្នាក់​​ដល់​ទារក ៕