រាជធានីភ្នំពេញ ៖ យុវជន២ក្រុមមានស្រុកកំណើតនៅជាមួយគ្នា ហើយក៏ត្រូវជាប្អូនរបស់មិត្តភក្តិបានទៅផឹកស៊ីជាមួយគ្នា ។ លុះពេលផឹកស៊ីស្រវឹងនិយាយទាស់ពាក្យសម្តី គ្នាចាប់ផ្តើមប្រកាន់ថា អាយុប្អូនសោះហ៊ាននិយាយប្រើពាក្យមិនសមរម្យ ទើបបណ្តាលឱ្យខឹងគ្នារហូតចេញពីហាងជិះម៉ូតូដេញតាមវាយគ្នានៅមុខទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន តាមផ្លូវលេខ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២២ ឧសភា ។
ប្រភពព័ត៌មានឱ្យដឹងថា យុវជនទាំង២ក្រុមមានគ្នា៧នាក់ ជិះម៉ូតូ៣គ្រឿង និងកង់ប្រើអាគុយមួយគ្រឿងក្នុងនោះម្ខាងជិះកង់ប្រើអាគុយឈ្មោះឆេកូ អាយុ២៤ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅជិតឃ្លាំងរំសេវ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានស្រុកំណើតនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវជាមិត្តភក្តិជាមួយបងឈ្មោះទូច អាយុ២១ឆ្នាំ បច្ចុប្បន្នរស់នៅខេត្តកំពង់ចាម តែមកលេងរាជធានីភ្នំពេញ ជិះម៉ូតូ XR ហើយបានទៅផឹកស៊ីជាមួយគ្នានៅបៀរហ្គាឌិន សូរិយា តាំងពីម៉ោង៨និង៣០នាទីយប់រហូតដល់ម៉ោង១១យប់រហូតស្រវឹងរៀងខ្លួន ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីគិតលុយរួចហើយ ឈ្មោះឆេកូ និយាយថា យើងលើកកែវចុងក្រោយទាំងអស់គ្នាដើម្បីត្រឡប់ទៅផ្ទះវិញ ។ ពេលនោះស្រាប់តែឈ្មោះទូច និយាយថា លើកកែវអី កែវមុនឯងមិនទាន់ផឹកអស់ផង ។ ថាហើយក៏យកចង្កឹះវាយក្បាលឈ្មោះឆេកូ ធ្វើឱ្យឆេកូ ប្រកាន់ខឹងថា អាយុប្អូនសោះហា៊នធ្វើបែបនេះចំពោះគេទៅវិញ ទើបមានការឈ្លោះប្រកែកគ្នា តែត្រូវមិត្តភក្តិដែលនៅរួមតុជាមួយហាមឃាត់ដោយនិយាយថា កុំប្រកាន់នឹងគ្នាធ្វើអីសុទ្ធតែជាមិត្តភក្តិនឹងគ្នា ហើយនៅស្រុកជាមួយគ្នាទៀត ក៏បែកគ្នាជិះម៉ូតូចេញទៅរៀងខ្លួន ។
ទោះបីជាយ៉ាងណាក្តី រឿងរ៉ាវមិនទាន់ចប់សព្វគ្រប់ទេ ពេលជិះម៉ូតូត្រឡប់ទៅផ្ទះរៀងខ្លួននោះឈ្មោះទូច ដែលជិះម៉ូតូ XR បានដេញតាមឈ្មោះឆេកូ រហូតដល់មុខទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន ស្រាប់តែប្រវាយប្រតប់គ្នានឹងសោសម្រាប់ជួសជុលរថយន្តបែកមាត់ឈ្មោះឆេកូ ហើយឈ្មោះទូចរបួសដៃឆ្វេងដោយសារឈ្មោះឆេកូខាំ ។ ខណៈពេលកំពុងប្រវាយប្រតប់គ្នានោះ ត្រូវកម្លាំងប៉េអឹមឃាត់ខ្លួនបាន៥នាក់ ម៉ូតូ XR មួយគ្រឿង កង់ប្រើអាគុយមួយគ្រឿង និងកូនសោមួយកាបូប ។ ក្រៅពីនោះនាំគ្នាគេចខ្លួនអស់ ។ ក្រោយពេលឃាត់ខ្លួនបានហើយសមត្ថកិច្ចឱ្យទូរស័ព្ទហៅអាណាព្យាបាលទៅធ្វើកិច្ចសន្យា រួចទើបឱ្យត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ