ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ​ជាតិ​កម្ពុជា​ជា​ឃ្លាំង​នៃ​មរតក​សម្បត្ដិ​វប្បធម៌​ជាតិ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះបីជា​សារមន្ទីរជាតិ ត្រូវ​បាន​កសាង​ឡើង​តាំងពី​៩០​ឆ្នាំ​មុនក៏​ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​នៅតែ​មិន​ទាន់​បានដឹង​អំពី​កំណើតទីតាំង និងសារសំខាន់​របស់​សារមន្ទីរ​នេះ​នៅឡើយ​។ ពេល​នេះកោះសន្ដិភាព​សូម​ចុះ​ផ្សាយ​អំពីប្រវត្ដិ​នៃ​សារមន្ទីរ​ជាតិ​ដើម្បី​ ឱ្យ​មហាជន​បានជ្រាប ។

រាជធានី​ភ្នំពេញ ៖ ទោះបីជា​សារមន្ទីរជាតិ ត្រូវ​បាន​កសាង​ឡើង​តាំងពី​៩០​ឆ្នាំ​មុនក៏​ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​នៅតែ​មិន​ទាន់​បានដឹង​អំពី​កំណើតទីតាំង និងសារសំខាន់​របស់​សារមន្ទីរ​នេះ​នៅឡើយ​។ ពេល​នេះកោះសន្ដិភាព​សូម​ចុះ​ផ្សាយ​អំពីប្រវត្ដិ​នៃ​សារមន្ទីរ​ជាតិ​ដើម្បី​ឱ្យ​មហាជន​បានជ្រាប ។

សារមន្ទីរ​ជាតិ​ដែល​បាន​ប្រែក្លាយ​ពីសារមន្ទីរ​ខ្មែរ​នោះ​ត្រូវ​បាន​កសាង​និង​បើក​សម្ពោធឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​១៩២០ ខណៈ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិត​ក្រោម​អាណានិគមនិយម​បារាំង ។ សារមន្ទីរ​ជាតិ​កម្ពុជា​ស្ថិត​នៅ​ផ្លូវ​លេខ​១៣ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។  អ្នក​រចនាប្លង់​ចាត់ចែង​គំរោង និង​គ្រប់គ្រង​សារមន្ទីរខ្មែរ​នា​សម័យ​កាលនោះ​គឺ​លោក​ហ្ស៊​ក ហ្គ្រោ​ស៍ លី​យ៉េ​រ៍ ជា​ជនជាតិ​បារាំង ។ មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​បង្កើត​ឬ​កសាង​សារមន្ទីរ​ខ្មែរ​នេះ​ឡើង​គឺ​ដើម្បី​តម្កល់​ឬ​រក្សាទុក​វត្ថុ​បុរាណ​មាន​តម្លៃ​ដែល​ប្រមូល​បានពី​ទូ​ទាំង​ប្រទេស  ព្រោះ​នៅ​អំឡុង​គ្រឹ​ស្ដ សករាជ ១៩០៥ វត្ថុ​បុរាណ​ដែល​ប្រមូល​បានត្រូវ​យក​ទៅ​តម្កល់​ទុក​នៅ​ព្រះ​វិហារ​ព្រះ​កែវ មរកត​។ លុះ​មក​ដល់​គ្រឹ​ស្ដ​សករាជ​១៩០៩ ទើប​មានការ​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​អគារមួយ​ស្ថិត​នៅ​ប៉ែក​ខាងជើង​វត្ដ​ភ្នំ ។

គ្រឹ​ស្ដ​សករាជ​១៩១៧ អគ្គទេសាភិបាលឥណ្ឌូចិន​-​បារាំង លោក​អាល់​ប៊ែ​រត៍ សារ៉ូ​ត៍  បាន​ចាត់តាំង​លោក​ហ្ស៊​ក​ហ្គ្រោ​ស៍​លី​យ៉េ​រ៍ជា​វិចិត្រករ​គំនូរ​ឱ្យធ្វើ​ការ​សិក្សា​ស្រាវជ្រាវអំពី​“​ស្ថានភាព​នៃ​សិល្បករ​ខ្មែរ​” ។ លោកបាន​ស្នើ​សុំ​បង្កើត​កម្មវិធី​“​បុ​ន​ក្ការ​សិល្បៈ​” ដែល​ជា​កម្មវិធី​ស្ដារ​និង​លើក​ស្ទួយ​សិល្បៈ​ខ្មែរ  ដែល​រួម​មានការ​បង្កើត​សាលា​រចនា និង​សារមន្ទីរ​ថ្មី​មួយ​នៅ​ប្រទេស​កម្ពុជា ។ គ្រឹ​ស្ដ​សករាជ​១៩២០ សារមន្ទីរ អាល់ ប៊ែ​រត៍ សារ៉ូ​ត៍ (​ស្ថិត​នៅ​តួ​អគារ​ខាងជើង​) និង​សាលា​រចនា​(​ថែវ​ខាងក្រោយ​ដែលសព្វ​ថ្ងៃជា​ផ្នែក​មួយ​របស់​សារមន្ទីរ​ជាតិ​) បានបើក​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​១៣  ខែមេសា ១៩២០ ។
គ្រឹ​ស្ដ​សករាជ​១៩២៣-១៩៤៣ ដោយចំនួន​វត្ថុ​បុរាណ​រក​ឃើញ​កាន់តែ​ច្រើន​ឡើងក្នុង​នោះ​វត្ថុ​ផ្នែក​បុរាណវិទ្យាវត្ថុ​សិល្បៈ មក ពី​បរមរាជវាំង វត្ដ​អារាម និង​រូបថត​ផ្សេង​ៗទៀត​នោះ ការ​រក្សា​ទុក​វត្ថុ​បុរាណ​ត្រូវ​រីក ចូល​ទៅ​កាន់​ថែវ​ខាងជើងខាងត្បូង និង​រោងជាង​ផលិត​វត្ថុ​សិល្បៈ​របស់​សាលា​រចនា​ជាហេតុ​នាំ​ឱ្យ​សាលា​រចនា​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​កាន់ទីតាំង​ថ្មី​មួយទៀត​ជាប់​ខាងលិច​សារមន្ទីរ​គឺសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​សព្វ ថ្ងៃ​។ គ្រឹ​ស្ដ​សករាជ​១៩៤៤-១៩៤៩ មាន​ជនជាតិ​បារាំង​ចំនួន​៤​នាក់ បាន​ទទួល​តំណែង​ជាអភិរក្ស​សារមន្ទីរ បន្ដ​ពី​លោក George Groslier  ក្នុង​នោះ​រួម​មាន​លោកស្រី​ Eveline Poree-Maspero លោក Pierre Dupont លោក Jacques Lagisquet និង​លោកស្រី  Salange Thierry  ។ មក​ដល់​គ្រឹ​ស្ដ​សករាជ ១៩៥០-១៩៥៦ ត្រូវ​បាន​គ្រប់គ្រង​ដោយ លោក Jean Boisserlier ដែល​ពេល​នោះលោក​បាន​ធ្វើការ​កែ​លំអ និង​រៀបចំ​តាំង​វត្ថុ សិល្បៈ​ទៅ​តាម​ប្រវត្ដិ​នៃ​សិល្បៈ​ខ្មែរ ។

នា​ឆ្នាំ​១៩៥១ គឺ​មុន​កម្ពុជា​ទទួល​បានឯករាជ្យ​ពេញលេញ​២​ឆ្នាំ សារមន្ទីរ​ខ្មែរបានប្ដូរ​ឈ្មោះ​មក​“​សារមន្ទីរ​ជាតិ​នៃ​កម្ពុជា​” ហើយ​បារាំង​បាន​ផ្ទេរ​ឱ្យ​រាជរដ្ឋាភិបាល​ខ្មែរ ជា​អ្នកគ្រប់គ្រង​វិញ​។ ប៉ុន្ដែ​កញ្ញា Madeleine Giteau ជនជាតិ​បារាំង​នៅ​បន្ដ​ការ​គ្រប់គ្រងបណ្ដោះអាសន្ន រហូត​ដល់​ឆ្នាំ​១៩៦៦ ទើបកម្ពុជា​បាន​តែងតាំង​លោក​ជា ថៃ​សេង និង លោក​លី វូ​អុង ជា​អ្នកគ្រប់គ្រង​សារមន្ទីរនេះ ។ គ្រឹ​ស្ដ​សករាជ​១៩៦៨ តួ​អគារ​កណ្ដាល ផ្នែក​ខាង​មុខត្រូវ​បាន​រុះរើ​និង​សាងសង់​ពីបេតុង​អា​មេ​តាម​លំនាំ​ដើម​ឡើង​វិញ​។   ការ​សាងសង់​ថ្មី​នេះ​មាន​បន្ថែម​ជាន់​ក្រោមមួយសំរាប់​រក្សា​ទុក​សមុច្ច័យ និង​សង់​មួយជាន់​ខាងលើ​ទៀត សំរាប់​ជា​បណ្ណាល័យ និងការិយាល័យ​រដ្ឋបាល ។ គ្រឹ​ស្ដ​សករាជ​១៩៧០ សង្គ្រាម​ក្នុងស្រុក បាន​ផ្ទុះ​ឡើង​សមុច្ច័យ​សំខាន់​ៗ​តាម​បណ្ដា​ខេត្ដ ត្រូវ​នាំ​យក​មក​រក្សា​ទុក​នៅ​សារមន្ទីរ​ជាតិ ។   ចាប់ពី​គ្រឹ​ស្ដ​សករាជ​១៩៧៥ ដល់​១៩៧៩ សម័យ​ខ្មែរក្រហមសារមន្ទីរ​ជាតិ​ត្រូវ​បោះបង់​ចោល​ហើយ​រាល់​សកម្មភាព​ការងារ​ត្រូវបញ្ចប់​ទាំងស្រុង ។

ក្រោយ​ថ្ងៃ​រំដោះ ៧ មក​រា ១៩៧៩ ប្រទេស​ជាតិ​ត្រូវ​បាន​ស្ដារ​និង​អភិវឌ្ឍន៍​ឡើងវិញ លើ​គ្រប់​វិស័យ ហើយ​សារមន្ទីរ​ជាតិ​បានចាប់ផ្ដើម​បើក​ដំណើរការ​ឡើង​វិញ ក្រោមនាម​ថា “​សារមន្ទីរ​សិល្បៈ និង​បុរាណវិទ្យា​” ដោយ​មាន​លោក​កាន់ ម៉​ន លោក​អ៊ុ​ក ជា និង​លោក​អ៊ុ​ក ស៊ុន​ហេង ជានា​យក​គ្រប់គ្រងជា​បន្ដបន្ទាប់ ក្រោម​កិច្ច​សហប្រតិបត្ដិការជាមួយ​បណ្ដា​ប្រទេស​សង្គមនិយម ។
លោក​ជំទាវ អ៊ុ​ន ផ​ល្លី​ន ជា​អ្នកគ្រប់គ្រងសារមន្ទីរ​ជាតិ​នា​ពេល​បច្ចុប្បន្ន​នេះបាន​មានប្រសាសន៍​ថា ក្រោយ​ឆ្នាំ​១៩៩២ រហូត​មកដល់​បច្ចុប្បន្ន​នេះសារមន្ទីរ​ជាតិ​មាន​អ្នក​គ្រប់គ្រង​ជា​បន្ដបន្ទាប់​ដូច​ជា​លោក​សាស្ដ្រាចារ្យ ពេជ្រ កែវ លោក​ឃុន សា​ម៉េ​ន លោក​ហាប់ ទូច និង​រហូត​មក​ដល់​បច្ចុប្បន្ន​គឺ​លោក​ជំទាវតែ​ម្ដង​។ សារមន្ទីរ​នេះ​ត្រូវ​បាន​ប្រសិទ្ធ​នាមឡើង​វិញ​ថា “​សារមន្ទីរ​ជាតិ​កម្ពុជា​” ដែល​សព្វថ្ងៃ​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​លើ​ការងារអភិរក្ស​ថែទាំ​ជួសជុល​សមុច្ច័យ​ទាំងឡាយ ដោយ​មានការ​បង្កើត​រោង​ជាង​ចំនួន​៣ គឺ​រោង​ជាង​អភិរក្ស និង​ជួសជុល​វត្ថុ​អំពី​ថ្មឡើង​វិញ នៅ​ឆ្នាំ​១៩៩៦ រោង​ជាង​អភិរក្ស និង​ជួសជុល​វត្ថុ​អំពី​លោហធាតុ នៅ​ឆ្នាំ​២០០៤ និង​រោង​ជាងអភិរក្ស និង​ជួសជុល​វត្ថុ​អំពីកុលាលភាជន៍​នៅ​ឆ្នាំ​២០០៨ ។ អគារ​ទាំងឡាយ​មានការ​កែ​លំអ​ជួសជុល​និង​រៀបចំ បន្ទប់​តាំង​ពិ​ព​រ័​ណ៍​ថ្មី​ៗ ។ សព្វថ្ងៃ​មាន​កិច្ច​សហ ប្រតិបត្ដិការ​អន្ដរជាតិ​កាន់តែ​ច្រើន ហើយ​វត្ថុសិល្បៈ​ខ្មែរ​សំខាន់​ៗ​បាន​បញ្ជូន​ទៅ​តាំងពិព័រណ៍​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក ។ ឯ​ចំនួន​ភ្ញៀវ​ចូល​ទស្សនា​សារមន្ទីរជាតិ​មានការ​កើន​ឡើងជា​លំដាប់ ៕