ខេត្តកំពង់ចាម ៖ ដោយមានគំនិតច្នៃប្រឌិតខ្ពស់របស់លោកឧកញ៉ាលឹម ហុងឈាង នាយកក្រុមហ៊ុនលឹម ហុងឈាងអ៊ិមផត អិចផត បានប្រែក្លាយតំបន់មួយជាប់ព្រំដែនកម្ពុជា-វៀតណាមដែលមានផ្ទៃដីទំហំ៥០ហិកតាស្ថិតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ប្រែក្លាយទៅជា «មជ្ឈមណ្ឌលពាណិជ្ជកម្ម អន្តរជាតិត្រពាំងផ្លុង» មានផ្ទះល្វែង អគារតាំងពិព័រណ៍និងសណ្ឋាគារលំដាប់ផ្កាយ៣ ។
ជាក់ស្តែងក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នាថ្ងៃទី១២-១៣ ឧសភា ២០១២ បានរៀបចំពិធីពិសារអាហារពេលល្ងាចស្ថិតនៅក្នុងបរិវេណអគារផ្សារទំនិញរួចពន្ធ ក្នុងកំរិតកំណត់ដើម្បីចូលរួមស្វែងយល់អំពីគម្រោងអភិវឌ្ឈន៍មជ្ឈមណ្ឌលពាណិជ្ជអន្តរជាតិត្រពាំងផ្លុង ។ នាឱកាសនោះមានការចូលរួមពីសំណាក់អាជីវករជិតឆ្ងាយ ប្រជាពលរដ្ឋ មន្រ្តីរាជការ សិស្ស-និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្ត កុមារកំព្រាយ៉ាង ច្រើនកុះករផងដែរ ។
លោកគ្រូ ចាន់ សោភាវរៈ បង្រៀននៅ វិទ្យាល័យប៊ុន រ៉ានី-ហ៊ុន សែន មេមត់ បានដឹកនាំសិស្សជាច្រើននាក់មកចូលរួម ក្នុងឱកាស នេះមានប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឍន៍របស់លោកឧកញ៉ាលឹម ហុងឈាង នៅតំបន់ត្រពាំងផ្លុង ជាប់ព្រំដែនរវាងខេត្តកំពង់ចាមជាមួយនឹង ខេត្តតៃនិញ ប្រទេសវៀតណាមនឹងធ្វើឲ្យមានកំណើនរបស់ប្រជាពលរដ្ឋមករស់នៅ ហើយធ្វើ ឲ្យជីវភាពកាន់តែទទួលបានលទ្ធផលល្អប្រសើរ ឡើង ។
លោកគ្រូ ចាន់ សោភាវរៈ បានថ្លែងបន្តថា ក្នុងពេលអនាគតដ៏ឆាប់ខាងមុខពេលដែល សំណង់ផ្សារទំនើប ផ្ទះល្វែង សណ្ឋាគារ ភោជនីយដ្ឋានបានរីកដុះដាលនោះ នឹងធ្វើឲ្យភ្ញៀវទេសចរវៀតណាម និងកម្ពុជាគ្រប់ទិសទីមកកំសាន្តលេងនៅទីនេះយ៉ាងច្រើនកុះករជាក់ជាមិនខាន ។ ពិសេសចរាចរទំនិញទៅវិញទៅមក រវាងប្រទេសវៀតណាម និងកម្ពុជាមានតំលៃសមរម្យ ។ កាលពីមុនមក នៅត្រពាំងផ្លុងនេះ ជាតំបន់មួយអសន្តិសុខ ប៉ុន្តែផ្ទុយទៅវិញក្រោយពេលដែលលោកឧកញ៉ា ហុងឈាង បានវិនិយោគទុននូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ បានធ្វើឲ្យទីនេះប្រែក្លាយទៅជាមានសភាពអ៊ូអរ និង មានសន្តិសុខល្អប្រសើរ ។
លោកឧកញ៉ា លឹម ហុងឈាង ម្ចាស់គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិត្រពាំងផ្លុង បានថ្លែងគូសបញ្ជាក់ថា វត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ចើញចូលរួមនៅក្នុងកម្មវិធីនេះ គឺបានលើកទឹកចិត្តយ៉ាងខ្លាំងចំពោះគម្រោងខាងលើ ជា ពិសេសរូបលោកផ្ទាល់ដែលបានទទួលនូវការលើកទឹកចិត្តពីបងប្អូនធ្វើឲ្យរឹតតែមានកំលាំងពុះពារធ្វើឲ្យគម្រោងអភិវឌ្ឈន៍មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិត្រពាំងផ្លុង និងបណ្តាអនុគម្រោងផ្សេងៗទៀតដូចជា ការសាងសង់សណ្ឋាគារកំរិតផ្កាយ៣ មានរហូតទៅដល់ចំនួន ១.១០០បន្ទប់ ផ្ទះសំណាក់ប្រណីត អគារតាំងពិព័រណ៍ និងផ្សារលក់ទំនិញរួចពន្ធក្នុងកំរិតកំណត់ និងផ្ទះល្វែងសម្រេចបានជោគជ័យតាមគោល ដៅ ។ ជាការពិតណាស់ពាណិជ្ជករ ឬអ្នកជំនួញគ្រប់រូប នៅពេលចាប់ផ្តើមធ្វើជំនួញ ឬអាជីវកម្មប្រកបរបរទទួលទានតែងតែគិតអំពីទីតាំងទីប្រជុំជន និងតំបន់ដែលមានអាជីវកម្មមមាញឹករួចស្រេច ។ ប៉ុន្តែចម្លែកអ្វីរូបលោកបានចាប់ផ្តើមគម្រោងនេះឡើងនៅតាមជនបទទៅវិញ ។
ឧកញ៉ា លឹម ហុងឈាង មានប្រសាសន៍បន្តថា ជាក់ស្តែងនៅក្នុងថ្ងៃនេះ ពេលនេះ តំបន់នេះដែលធ្លាប់គិតថា ឆ្ងាយដាច់ស្រយាលឥឡូវប្រែក្លាយជាតំបន់ពោរពេញទៅដោយសក្តានុពលលើគ្រប់ផ្នែកដូចជា ហេដ្ឋារចនាសម្ព័ន្ធ សណ្ឋាគារ កាស៊ីណូ ក្លឹបកំសាន្ត ភោជនីយដ្ឋាន និងជាពិសេសវិស័យដឹកជញ្ជូនដែលជាច្រកអន្តរ ជាតិ ត្រពាំងផ្លុងនេះ ត្រូវបានចាត់ទុកជាច្រកនាំចេញនាំចូលដ៏ធំប្រចាំព្រះរាជាណាចក្រកម្ពុជា ។
លោកឧកញ៉ា លឹម ហុងឈាង បានបញ្ជាក់បន្ថែមថា ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង គឺ ជាច្រកប្រសព្វមានបីប្រទេស គឺកម្ពុជា វៀតណាម និងឡាវ ។ តាមការធ្វើដំណើរ និងសិក្សាស្ថានភាពភូមិសាស្ត្រច្រកទ្វារអន្តរជាតិត្រពាំងផ្លុង គឺមានចំងាយត្រឹមតែ១៥០គីឡូម៉ែត្រពីកំពង់ផែហូជីមិញដែលជាកំពង់ផែមានសកម្មភាពមមាញឹករបស់វៀតណាម ។នៅពេលដែលផ្សារទំនិញរួចពន្ធចាប់ផ្តើមដំណើរការ វានឹងក្លាយជាមជ្ឈមណ្ឌលដោះដូរទំនិញ កន្លែងលក់ផលិតផលដែលមានគុណភាពមកពីទូទាំងពិភពលោក និងមានតំម្លៃថោកជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ផ្សារនេះនឹងក្លាយជាកង់រង្វង់ដែលបង្វិលគ្រប់ចរន្តសេដ្ឋកិច្ចរបស់ស្រុកពញា ក្រែក និងជាពិសេសតំបន់ច្រកទ្វារអន្តរជាតិ ត្រពាំងផ្លុងទទួលបានការគាំទ្ររបស់រាជរដ្ឋាភិ បាលកម្ពុជា និងរដ្ឋាភិបាលវៀតណាមរហូតមានការបង្កើត«ផែនការមេអភិវឌ្ឍន៍បណ្តាញផ្សារ ពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាមពីឆ្នាំ២០១០ដល់ឆ្នាំ ២០២០ » ។
នៅថ្ងៃខាងមុខទី១៩ ឧសភា ២០១២ នឹងប្រកាសលក់ផ្ទះល្វែងដោយបានស្មោះត្រង់ ១០០ភាគរយទៅលើអតិថិជន ហើយការបុកគ្រឹះដើម្បីសាងសង់ត្រូវប្រើពេល៩ខែនឹងត្រូវរួចរាល់ជាស្ថាពរ ។ សំរាប់រឿងដែលប្លែកនោះត្រង់ថានៅតំបន់ព្រំដែនជាប់នឹងប្រទេសវៀតណាម យុទ្ធសាស្រ្តនេះនឹងធ្វើឲ្យមានការភ្ញាក់ផ្អើល ការអភិវឌ្ឈន៏នេះឲ្យមានសក្កានុពលដូចជា នៅក្រុងបាវិត ខេត្តស្វាយរៀង និងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។ ជាក់ស្តែងដូចជាផ្សារលក់ទំនិញរួចពន្ធក្នុងកំរិតកំណត់នៅត្រពាំងផ្លុងនេះ គឺអាចឲ្យអតិថិនក្នុងម្នាក់ៗអាចទិញទំនិញបានប្រហែលជា៣០ដុល្លារក្នុង១លើក ដែលជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ។
ដូច្នេះប្រជាជននឹងមកទិញ នេះជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីជាប្រមុខ ។ អ្វីដែលចាប់អារម្មណ៍នោះ គឺអ្នកចូលរួមទាំង២ថ្ងៃបានសរសេរបំពេញនូវចំនុចវិជ្ជមាន និងអវិជ្ជមានព្រមទាំងមានការប្រកួតប្រជែងនូវខ្លឹមសារ ល្អៗ ហើយមានគណៈកម្មការចំនួន៥នាក់បានកែ សំរិតសំរាំងដើម្បីជ្រើសរើសយករង្វាន់ ហើយអ្នកដែលទទួលបានជ័យលាភីលេខ ១-ឈ្មោះ ធី សៅរ៉ី បានរថយន្ត១គ្រឿង លេខ២-បានទៅលើឈ្មោះ សុន វណ្ណា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក បានម៉ូតូម៉ាកហ្វីណូ១គ្រឿង លេខ៣- បានទៅលើឈ្មោះ ហួត ស៊ីដេត ភេទប្រុស បានទូរស័ព្ទម៉ាក Iphone 4S មួយគ្រឿង លេខ៤-បានទៅលើឈ្មោះ ថេត អំ ភេទប្រុស បានថវិការ៥០០ដុល្លារ លេខ៥-បានទៅលើឈ្មោះ បឿន ពិសិដ្ឋ ភេទប្រុស បានថវិកា៣០០ដុល្លារ និងលេខ៦-បានទៅលើឈ្មោះ សេង សុប៊ុណ្ណារិទ្ធ ភេទប្រុស បាន២០០ ដុល្លារផងដែរ ៕
ចែករំលែកព័តមាននេះ