រាជធានីភ្នំពេញ ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លតាមប្រពៃណី ត្រូវបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី៩ ឧសភា នៅទីលានព្រះស្រែវាលព្រះមេរុ ក្បែរព្រះមរបរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ។ ពិធីដ៏មហោឡារិកនេះក៏ទទួលបានការអញ្ជើញចូលរួម ពីសម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និងរួមទាំងព្រះរាជវង្សានុវង្សឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ បានប្រព្រឹត្តទៅតាមកម្មវិធីនិងតាមប្រពៃណីដូចបណ្តាឆ្នាំ មុនៗដែរ ប៉ុន្តែសម្រាប់ឆ្នាំនេះគឺព្រះអង្គម្ចាស់នរោត្តមចក្រាវុឌ្ឍ ជាស្តេចមាឃ និអ្នកអង្គម្ចាស់ក្សត្រីស៊ីសុវត្ថិ ចាន់ស៊ីតា ជាមេហួ ។
យោងតាមការទួលថ្វាយព្រះមហាក្សត្រ និង ជម្រាបជូនមហាជនរបស់ព្រាហ្មណ៍ព្រះរាជគ្រូអំពីលទ្ធផលនៃកិច្ចផ្សងប្រផ្នូលតាមបវេណីបានបញ្ជាក់ថា គោឧសភរាជបានបរិភោគពោតច្រើនជាងគេ ដែលជាប្រផ្នូលទាយថា ឆ្នាំនេះពោតទទួលបានផលល្អប្រសើរ បន្ទាប់មកគឺសណ្តែកដែលប្រផ្នូលទាយថាដំណាំសណ្តែកឆ្នាំនេះក៏ ទទួលផលបានល្អផងដែរ ។ ចុងក្រោយគោឧសភរាជបានបរិភោគស្មៅបន្តិចបន្តួច ដែលតាមប្រផ្នូលទាយថា ឆ្នាំនេះសត្វពាហនៈសំខាន់គោក្របី ដែលជាកម្លាំងអូសទាញប្រឈមនឹងជំងឺបន្តិចបន្តួច ប៉ុន្តែអ្វីជាការកត់សម្គាល់នោះគឺគោឧសភរាជមិនបានបរិភោគស្រូវនោះទេ ដែលប្រផ្នូលបែបនេះធ្វើឱ្យមានការព្រួយបារម្ភអំពីភោគផលស្រូវក្នុងឆ្នាំនេះផងដែរ ។
ទន្ទឹមនោះព្រាហ្មណ៍ព្រះរាជគ្រូក៏បានប្រកាសផងដែរថា ឥឡូវនេះរដូវវប្បមង្គលបានចូលមកដល់ហើយ ដូច្នេះប្រជាកសិករត្រូវត្រៀមលក្ខណសម្បត្តិរៀបចំការងារបង្កបង្កើនផលឱ្យបានទទួលនូវទិន្នផលខ្ពស់ ដើម្បីលើកស្ទួយកម្រិតនៃជីវភាពឱ្យបានល្អប្រសើរ ។
តាមប្រវត្តិសាស្ត្រនិងភស្តុតាងព្រះរាជពិធីច្រត់ព្រះនង្គ័លបានបញ្ជាក់ថា ពិធីនេះគឺមានមកតាំងពីបុរាណកាលពិតមែន តែថារឿងស្តេចច្រត់ព្រះនង្គ័លក្នុងសម័យនគរធំ(ហ្វូណន) និងក្នុងសម័យនគរធំ(យសោធរបុរៈ)មិនឃើញមានប្រាកដក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្តីកត់ហេតុឯណានីមួយទេ ។ ទោះបីជាដូច្នេះ ក៏ត្រូវតែយល់ថា ទំនៀមស្តេចច្រត់ព្រះនង្គ័លនោះធ្លាប់មានមកហើយជាប្រាកដដោយមានភស្តុតាងនៅក្នុងប្រវត្តិសាស្ត្រ និងច្បាប់ខ្មែរបុរាណជាគ្រឿងសំអាង ខ្លះតាមប្រវត្តិសាស្ត្រថា ពួកបុព្វបុរសដែលបានស្ថាបនាប្រទេសកម្ពុជាក្នុងជំនាន់ដើមនោះ គឺពពួកមនុស្សដែលចុះមកពីប្រទេសឥណ្ឌាភាគខាងត្បូង ដូចយ៉ាងព្រះបាទកោណ្ឌញ្ញ រាជ(ចិនហៅថាហ៊ុន ទៀន) ជាបឋមក្សត្ររបស់ខ្មែរ និងព្រះបាទកោណ្ឌញ្ញជ័យវរ្ម័ន ដែលជា ក្សត្រល្បីព្រះនាមក្នុងសម័យនគរភ្នំ ។ កាលដែលចុះមកស្ថាបនាឥស្សរភាពក្នុងប្រទេសនេះ មិនមែនមកតែខ្លូនទេ បានទាំងនាំយកអារ្យធម៌ គឺលទ្ធិទំនៀមសាសនា និងវិជ្ជាផ្សេងៗមកផ្សាយក្នុងប្រទេសនេះផង ទាល់តែប្រាកដកិត្តិយសថា ខ្មែរជាឥណ្ឌាតូចនៅក្នុងដែនដីសុវណ្ណភូមិនេះ ។
ប្រសិនបើគេព្យាយាមរួបរូមរឿងលទ្ធិទំនៀមក្នុងប្រទេសឥណ្ឌាមកប្រៀបធៀបនឹងលទ្ធិទំនៀមរបស់ខ្មែរ គង់ឃើញត្រូវគ្នាជាច្រើនអន្លើ ។ ទន្ទឹមនោះមានរូបមួយឈ្មោះ ពលទេព ឬហៅថា ពលរៀម ជារូបលីនង្គ័ល គេសាង ឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គ័ល រូបនេះសម្គាល់ឃើញថា គេសាងឡើងតាំងពីសម័យក្រុងនគរភ្នំ ឬសាងមុននោះទៅទៀត ក៏សឹងថាបាន ដែលសព្វថ្ងៃនេះ គេឃើញមានរូបមួយមាននៅក្នុងព្រះបរមរាជវាំងជារូបសំរឹទ្ធលីនង្គ័ល ឬចបកាប់ មើលមិនច្បាស់រូប១ទៀតធ្វើដោយថ្មភក់ជារូបលីនង្គ័លមាននៅក្នុងសារមន្ទីរភ្នំពេញ ។ ដោយហេតុមានរូបនេះដែលជាស្នាដៃរបស់ខ្មែរសាងឡើងនៅក្នុងមណ្ឌលស្រុកខ្មែរតាំងពីបុរាណកាលមក ដូច្នេះទើបនាំឱ្យយល់ថា ទំនៀមច្រត់ព្រះនង្គ័លគង់មានមកពីបុរាណកាលយ៉ាងតិចណាស់ក៏ត្រឹមសម័យក្រុងនគរភ្នំ ។
គួររំលឹកថា ព្រះរាជពិធីច្រត់ព្រះនង្គ័លនេះត្រូវបានរៀបចំជារៀងរាល់ឆ្នាំនៅកម្ពុជា អំឡុងពេលដែលមានព្រះមហាក្សត្រគ្រប់គ្រងរាជសម្បត្តិ ។ ប៉ុន្តែក្រោយឆ្នាំ១៩៧០ រហូតមកដល់ឆ្នាំ១៩៩២ ព្រះរាជពិធីច្រត់ព្រះនង្គ័លត្រូវបានអាក់ខាន ប៉ុន្តែពិធីបុណ្យជាតិនេះ ត្រូវបានរៀបចំធ្វើឡើងវិញចាប់ពីឆ្នាំ១៩៩៣ ក្រោមព្រះរាជតម្រិះរបស់ព្រះមហាវីរក្សត្រខ្មែរនរោត្តមសីហនុអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៕
ចែករំលែកព័តមាននេះ