តម្កល់ទោស៣១ឆ្នាំលើអតីតឧកញ៉ា ស្រី សុីណា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ តុលាការកំពូល បានប្រកាសសាលដីកាសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការដដែល លើសំណុំរឿងអតីតឧកញ៉ា ស្រី…
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ តុលាការកំពូល បានប្រកាសសាលដីកាសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការដដែល លើសំណុំរឿងអតីតឧកញ៉ា ស្រី…
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ តុលាការកំពូល បានប្រកាសសាលដីកាសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការដដែល លើសំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា (ជាប់ទោស៣១ឆ្នាំ) ពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់ប្រហារបណ្តាលឲ្យស្លាប់ និងរងរបួសជនរងគ្រោះចំនួន៤នាក់ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ តុលាការកំពូលបានបើកសវនាការជំនុំជម្រះទោសលើបណ្តឹងសាទុក្ខរបស់ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ពាក់ព័ន្ធនឹងអំពើឃាតកម្មបាញ់ប្រហារបណ្តាលឲ្យស្លាប់និងរងរបួសដល់ជនរងគ្រោះ ។ ក្រោយពីសភាព្រហ្មទណ្ឌតុលាការសាកសួរដេញដោលលើជនជាប់ចោទចប់សព្វគ្រប់ ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានលើកពេលប្រកាសសាលដីកាទៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ហើយសាលដីកានោះបានតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល។
កាលពីខែមេសា ឆ្នាំ២០២៥ សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ បានលើកយកបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទឈ្មោះ ស្រី ស៊ីណា មកបើកសវនាការជំនុំជម្រះទោស ។ លុះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍បានប្រកាសសាលដីកានោះ សម្រេចតម្កល់ទោសជនជាប់ចោទឈ្មោះ ស្រី ស៊ីណា តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដដែល ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ជនរងគ្រោះ២ នាក់ដែលជាគូដណ្តឹងនឹងគ្នា និងមនុស្ស២នាក់ទៀតរងរបួស ដោយផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណងរដ្ឋប្បវេណីចំនួន២លានដុល្លារអាមេរិកដល់អ្នកស្លាប់ រួមជាមួយសំណង៥០ម៉ឺនដុល្លារអាមេរិកផ្សេងទៀតដល់អ្នករងរបួស ។
ក្រោយពេលមានសាលក្រមនោះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌចំនួន៣ ពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ ស្រីស៊ីណា គឺ៖សំណុំរឿង ទី១-ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ។ សំណុំរឿងទី២-ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ។
សំណុំរឿងទី៣-ពីបទរំលោភលើលំនៅឋាន ។លុះនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានសម្រេចប្រកាសសាលក្រម ៖១-សាលក្រមព្រហ្មទណ្ឌលេខ ១៣៥២ ក្រ៦«ជ១» បានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ។
ជាមួយនេះ បានបង្គាប់ឲ្យឈ្មោះស្រី ស៊ីណា សងសំណងជំងឺចិត្តចំនួន១លានដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះម៉ាំង បូណា ត្រូវជាឪពុកជនរងគ្រោះឈ្មោះ យីនកញ្ចនា ដែលបានស្លាប់ និងបង្គាប់ឲ្យសងសំណងជំងឺចិត្តចំនួន ១លានដុល្លារអាមេរិកទៀតទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់ ។
២-សាលក្រមព្រហ្មទណ្ឌលេខ១៣៥៣ ក្រ៦«ជ១» បានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល១៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា២៧ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ។
ជាមួយនេះ បានបង្គាប់ឲ្យឈ្មោះ ស្រី ស៊ីណា សងសំណងជំងឺចិត្តចំនួន ៣០ម៉ឺនដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណី ដែលជាអ្នករងរបួស និងចំនួន២០ម៉ឺនដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស ។៣-សាលក្រមព្រហ្មទណ្ឌលេខ៥២៣០ «ជ១»បានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល ពីបទរំលោភលើលំនៅឋានបទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោស តាមមាត្រា២៩៩ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងបានបង្គាប់ឲ្យឈ្មោះ
ស្រី ស៊ីណា សងសំណងជំងឺចិត្តចំនួន ៥ម៉ឺន ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះជា អញ្ជលី ត្រូវជាម្តាយម្ចាស់ផ្ទះ ប្រព្រឹត្តនៅបុរីប៉េង ហួត បឹងស្នោ ផ្ទះលេខ២៦ ផ្លូវលេខP-10 ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ៕
ចែករំលែកព័តមាននេះ