រាជធានីភ្នំពេញ ៖ ការវិវត្តថ្មីៗនៃនយោបាយការទូតតបទៅនឹងសង្គ្រាមឈ្លានពានពី សំណាក់ទាហានសៀមមកលើតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា គឺជាជម្រើសដ៏ត្រឹមត្រូវរបស់កម្ពុជា ដោយសារតែការដោះស្រាយគ្នាជាទ្វេភាគីជាង២ឆ្នាំមកហើយគ្មានទទួលបានលទ្ធផលអ្វីក្រៅពីការប៉ះទង្គិចគ្នាដោយអាវុធបង្កការស្លាប់ និងរបួសទាំងសងខាងប៉ុណ្ណោះ ។ បន្ថែមពីលើនេះទៀត ក៏បានបង្កឱ្យមានការអន្តរាយដល់សំណង់អគារ ហេដ្ឋារចនាសម្ព័ន្ធ និងបានធ្វើឱ្យខូចខាតដល់ស្មារតីរបស់ប្រជាពលរដ្ឋទាំង២ប្រទេស ដោយសារតែប្រកាន់គំនិតជាតិនិយមរៀងៗខ្លួន។
បច្ចុប្បន្នភាពទាក់ទិននឹងជម្លោះរហូតបានក្លាយជាសង្គ្រាមគួរឱ្យភ្ញាក់ផ្អើល ដែលចាប់ផ្តើមពីថ្ងៃទី៤ ដល់ថ្ងៃទី៧ កុម្ភៈ បានបង្ហាញយ៉ាងច្បាស់ថា យន្តការទ្វេភាគីបានទទួលបរាជ័យនៅចំពោះមុខការខិតខំប្រឹងប្រែងដោះស្រាយដើម្បីបញ្ចប់នូវជម្លោះ។ បញ្ហាចំបងដែលបង្កឱ្យមានការឈ្លានពានរបស់សៀមកាលពីជាង២ឆ្នាំមុននេះ គឺបន្ទាប់ពីប្រាសាទព្រះវិហាររបស់កម្ពុជាត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ដែលធ្វើឱ្យសៀមក្តៅក្រហាយ ហើយទ័ពសៀមក៏បានចូលឈ្លានពានដោយសំអាងផែនទីចោររបស់ខ្លួនថា ដី៤,៦គីឡូម៉ែត្រការ៉េជាដីរបស់ខ្លួន។ តាំងពីពេលនោះមកជំលោះក៏បានកើតឡើង ហើយពួកសៀមបានប្រើល្បិចចែចូវបន្តបន្ទាប់ដើម្បីកុំឱ្យកម្ពុជាងាកទៅរកដំណោះស្រាយជាពហុភាគី និងនៅតែទ្វេភាគីដោយគ្មានលទ្ធផល។ ការរអិលធ្លាក់ពីឧបទ្ទវហេតុផ្ទុះអាវុធ ក្លាយមកជាសង្គ្រាមដែលកន្លងទៅថ្មីៗនេះកក្រើកតំបន់ប្រាសាទព្រះវិហាររបស់កម្ពុជា បានធ្វើឱ្យយន្តការទ្វេភាគីទាល់ច្រក ហើយពេលនេះមានតែការដោះស្រាយគ្នាជាអន្តរជាតិទេ ទើបធានាបាននូវប្រសិទ្ធភាព។ ខាងក្រោមនេះគឺជាការកត់សំគាល់ពីព្រឹត្តិការណ៍ថ្មីៗដែលបានកើតឡើងក្រោយពេលដែលសង្គ្រាមបានផ្ទុះឡើងប៉ុន្មានថ្ងៃមុននេះ។
- សេចក្តីប្រកាសរបស់សម្តេចឪអំពីប្រាសាទព្រះវិហារ
កាលពីថ្ងៃទី៨ កុម្ភៈ ២០១១ សម្តេចឪ ព្រះមហាវីរក្សត្រទ្រង់ចេញសេចក្តីប្រកាសមួយអំពី ប្រាសាទព្រះវិហារ ដែលសេចក្តីប្រកាសរបស់ព្រះអង្គនោះ កោះសន្តិភាពសូមបកប្រែក្រៅផ្លូវការដូចតទៅ ៖ សៀមហៅថៃ តែងចង់បានជានិច្ចនូវប្រាសាទព្រះវិហាររបស់ខ្មែរ ។ ដើម្បីបញ្ចប់ «ជម្លោះ» នេះ ដែលក្លាយជាជម្លោះ «ប្រវត្តិសាស្ត្រ» ទាក់ទិនដល់ប្រាសាទព្រះវិហារ ខ្ញុំព្រះករុណាខ្ញុំនរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា បានប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ឱ្យកាត់ក្តីរឿងដ៏ធ្ងន់ធ្ងរនេះ ។ ក្នុងឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេបានចេញសាលក្រមយ៉ាងច្បាស់បំផុត និងប្រកបដោយសមធម៌បំផុតថា ប្រាសាទព្រះវិហាររបស់ខ្មែរជារបស់ប្រទេសកម្ពុជាតែមួយគត់។ សំរាប់ក្រុមអ្នកវិភាគបាននិយាយថា នេះគឺជាសារមួយយ៉ាងច្បាស់ដែលឆ្លុះបញ្ចាំងពីទឹកព្រះទ័យរបស់អង្គសម្តេចឪថា មានតែអន្តរជាតិទេទើបអាចជួយដោះស្រាយជម្លោះនេះដូចជាប្រាសាទព្រះវិហារដែលសៀមឆ្លៀតឱកាសកងទ័ពអាណានិគមនិយមបារាំងដកចេញពីកម្ពុជានៅឆ្នាំ១៩៥៣ ទ័ពសៀមក៏បានចូលកាន់កាប់ប្រាសាទនៅឆ្នាំ១៩៥៤។ ដូច្នេះក្នុងរយៈពេល៩ឆ្នាំដែលកម្ពុជាបានតវ៉ាតាមផ្លូវច្បាប់ជាអន្តរជាតិហើយបានឈ្នះក្តីដណ្តើមបានប្រាសាទព្រះវិហារដែលសៀមបានប្លន់មកវិញតាមអំណាចសាលដីកាតុលាការក្រុងឡាអេ ចុះថ្ងៃទី១៥ មិថុនា ១៩៦២។
- បដិសេធការចរចាទ្វេភាគីជាមួយសៀម
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបដិសេធនូវការចរចាទ្វេភាគីជាមួយសៀមដោយសម្តេចបានថ្លែងថា យើងបានដំណើរការអស់ជាងពីរឆ្នាំ។ ឥឡូវនេះយើងសំរេចចិត្តធ្វើសកម្មភាពតាមផ្លូវច្បាប់ លើកនេះមិនមែនគ្រាន់តែតុលាការអន្តរជាតិឡាអេទេ គឺក្រុមប្រឹក្សាសន្តិសុខអ.ស.បតែម្តង ដោយសារកំពុងតែកើតសង្គ្រាមបណ្តាលមកពីការឈ្លានពានរបស់ថៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះនារសៀលថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១១ នៅសាលសន្និសីទចតុមុខ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១០ និងទិសដៅការងារឆ្នាំ២០១០របស់ក្រសួងពាណិជ្ជកម្ម។ សម្តេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋសូមឱ្យចូលរួមជាបន្តទៀត និងបានថ្លែងអំណរគុណចំពោះបក្សនយោបាយនានា និងសង្គមស៊ីវិលដែលគាំទ្រសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រោមការប្រកាន់យកឥរិយាបថដើម្បីកាច់បំបាក់ការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ការបង្កើតសង្គ្រាមនេះមិនមែនកម្ពុជាជាអ្នកបង្កើតទេ គឺថៃជាអ្នកបង្កើតសង្គ្រាម ហើយភស្តុតាងជាក់ស្តែង ដែលនាយករដ្ឋមន្ត្រីថៃអាប់ភីសីុត ត្រូវមានការទទួលខុសត្រូវក្នុងឋានៈជាឧក្រិដ្ឋកម្មសង្គ្រាម។ ការបាញ់ផ្លោងក្នុងវត្តគឺជាឧក្រិដ្ឋកម្មសង្គ្រាមមួយ។ យើងត្រូវធ្វើសកម្មភាពយូរអង្វែងមិនមែនមួយថ្ងៃ ឬពីរថ្ងៃចប់ទេ ដូច្នេះការចូលរួមនៅក្នុងចលនាស្នេហាជាតិដើម្បីការពារប្រទេសត្រូវធ្វើក្នុងរយៈពេលវែង។
សម្តេចតេជោបញ្ជាក់ថា ចាប់តាំងពីថ្ងៃដំបូងនៃថ្ងៃកើតព្រឹតិ្តការណ៍ កងទ័ពពលីម្នាក់ត្រូវទទួលបាន១ម៉ឺនដុល្លារអាមេរិកបូកជាមួយនឹងការធ្វើបុណ្យទានរាជរដ្ឋាភិបាលទទួលបន្ទុកទាំងអស់។ អ្នករបួសធ្ងន់៣ពាន់ដុល្លារអាមេរិក អ្នករបួសស្រាល១.៥០០ដុល្លារអាមេរិក និងមានការឧបត្ថម្ភរបស់ប្រជាពលរដ្ឋថែមទៀត។ សូមយកចិត្តទុកដាក់ចំពោះអ្នកពលី ទាំងទាហាននិងនគរបាល ។ ទាក់ទិននឹងការបាញ់គ្រាប់បែកចង្កោមសម្តេចតេជោបានព្រមានថា តើនេះជាការប៉ះទង្គិចឬ? នេះជាសង្គ្រាមតែម្តង ពុំមែនការប៉ះទង្គិចទៀតទេ គឺសុទ្ធតែកាំភ្លើងផ្លោងធំៗ។ សម្តេចបញ្ជាក់ថា សង្គ្រាមដែលកម្ពុជាធ្វើជាមួយថៃត្រូវធ្វើ់ការដោះស្រាយរយៈពេលវែង។ ឥឡូវយើងដើរដល់ដំណាក់កាលមួយ គឺយន្តការអន្តរជាតិ ព្រោះជាមួយថៃយើងអត់ទុកចិត្តបានទេ វាស៊ីញ៉េដោយដៃ តែវាលុបដោយជើង។ នៅពេលដែលអាប់ភីស៊ីតបានប្រកាសថា នឹងប្រើប្រាស់ទាំងមធ្យោបាយការទូត និងមធ្យោបាយយោធាដើម្បីដោះស្រាយបញ្ហា ពេលនោះខ្ញុំធ្វើលិខិតភ្លាមទៅប្រធានក្រុមប្រឹក្សាសន្តិសុខ និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ។ ខ្ញុំបានប្រកាសថា នៅពេលសង្គ្រាមកើតយើងធ្វើសកម្មភាព២ទិស។ ទិសទី១-គឺការពារទឹកដីនៅនឹងកន្លែង ទិសទី២-ធ្វើសកម្មភាពនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្នុងពេលដែលធ្វើការងារនេះ សូម្បីប្រធានអាស៊ានជាជនជាតិថៃលើកសំណូមពរដើម្បីឱ្យអាស៊ានមានការសំរបសំរួល បែរជានាយករដ្ឋមន្ត្រីអាប់ភីស៊ីតបដិសេធចោលភ្លាម។ រាប់ទាំងរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីមកកាន់កម្ពុជា គឺប្រទេសថៃគេនៅនិយាយទ្វេភាគី ៗ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសថា ចាប់ពីពេលនេះ ម៉ោងនេះទៅយើងបន្តការចរចាដោយសន្តិវិធី ដោះស្រាយដោយសន្តិវិធី ក៏ប៉ុន្តែលើមូលដ្ឋាននៃភាគីទី៣ចូលរួម។ យើងមិនអាចយល់ស្របទេ សូម្បីការចរចារដ្ឋមន្ត្រីការពារជាតិក៏ខ្ញុំមិនឱ្យធ្វើដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកកាលពីពេលសម្តេចបានពិភាក្សាជាលោកបាន គីមូន អគ្គលេខាធិការអ.ស.ប បាននិយាយជាមួយនឹងអាប់ភីស៊ីត រួចបាននិយាយជាមួយខ្ញុំគាត់ថា ការប៉ះទង្គិចខ្ញុំថា មិនមែនទេ នេះជាសង្គ្រាម ។ បានជាគេថា ពាក្យប៉ះទង្គិចព្រោះគេចង់សំរាលនៅក្នុងការប្រជុំដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទខាងមុខ ។ ខ្ញុំអំពាវនាវឱ្យប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ។
ចំណុចទី២ សូមឱ្យបញ្ជូនមកក្រុមរក្សាសន្តិភាពអ.ស.ប ឬក៏អ្នកសង្កេតការណ៍យោធាអ.ស.ប មកកាន់កម្ពុជា ។ បើសិនជាកងរក្សាសន្តិភាពអ.ស.ប មកការពារប្រាសាទព្រះវិហារយើងក៏សុខចិត្តដែរយើងអត់ខ្លាចទេ ព្រោះ UN ធ្លាប់មកនៅកន្លែងនោះ ព្រោះប្រទេសយើងបានឯកភាពរួចហើយ ដោយវាជាបេតិកភណ្ឌពិភពលោក អនុសញ្ញា៥៤ស្តីពីការការពារបេតិកភណ្ឌក្របខណ្ឌមានជំលោះ ។
សម្តេចបានប្រាប់ទៅលោកអគ្គលេខាធិការអ.ស.បថា ជានិច្ចកាលអាប់ភីស៊ីត នាយករដ្ឋមន្ត្រីនៃថា កម្ពុជាឈ្លានពាន ។ ហេតុអ្វីបានជារដ្ឋាភិបាលថៃខ្លាចអន្តរជាតិ? បើអ្នកឯងជា មាសសុទ្ធកុំខ្លាចភ្លើង ។ បើចង់ដឹងជាអ្នកណាឈ្លានពានអ្នកណាមកពិនិត្យទាំងសងខាង ទាំងកម្ពុជា ទាំងខាងថៃ អ្នកណាឈ្លានពានអ្នកណា…។ យើងនៅតែបន្តការចរចាដោយសន្តិវិធី ប៉ុន្តែការចរចានេះត្រូវមាន ភាគីទី៣ចូលរួម ។
បើសិនជាក្រុមប្រឹក្សាសន្តិសុខមានការលំបាក ក្រុមប្រឹក្សាអ.ស.បនេះគួរប្រគល់តួនាទីនេះឱ្យប្រធានអាស៊ាន ។ ឥឡូវគេសំរេចនៅថ្ងៃចន្ទខាងមុខព្រលះគ្នា ចំណែកថៃកាស៊ីត ភិរម្យទៅ ។ គេអញ្ជើញក្រុមប្រឹក្សាសន្តិសុខទាំង១៥ ទាំងសមាជិកអចិន្ត្រៃយ៍ទាំងមិនអចិន្ត្រៃយ៍ ហើយប្រេស៊ីលជាប្រធាន គេអញ្ជើញថៃ-កម្ពុជានិងឥណ្ឌូណេស៊ី ។ បើអាប់ភីស៊ីតបដិសេធទៀត តើអ្នកឯងមានន័យដូចម្តេច? ឥឡូវទៅបដិសេធនៅមុខក្រុមប្រឹក្សាសន្តិសុខអ.ស.ប មុខអាស៊ានទៅ ។ ស្អីអាងអ្នកឯង អាងធំ អ៊ីចឹងសង្គ្រាមលើកនេះត្រូវដោះស្រាយដោយយន្តការអង្គការសហប្រជាជាតិ ។ បើអ.ស.បមើលឃើញមិនចាំបាច់អាចផ្ទេរតួនាទីនេះឱ្យយន្តការតំបន់ ប៉ុន្តែត្រូវការបំពេញឱ្យគ្នា មិនមែនជាការទាមទារដាច់ពីគ្នាទេ ត្រូវអ.ស.បបំពេញឱ្យគ្នា។ យើងនឹងកំដរលេងលើបញ្ហានេះ តែកងទ័ពនៅទល់ដែនត្រូវប្រឹងប្រែងអត់ធ្មត់ ។ ពួកវាអាក្រក់ណាស់ ពីរ បីម៉ោងបាញ់មកយើង ។
សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាកំពុងត្រៀមបឹ្តងទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីបកស្រាយសាលក្រមតុលាការឡាអេឆ្នាំ ១៩៦២ បើមិនដូច្នេះទេ វាត្រូវតែជាដំណោះស្រាយបណ្តោះអាសន្នក្នុងការឈប់បាញ់ តែរឿងឱ្យចប់គឺវាមិនបញ្ចប់ទេ ។ ប្រធានបក្សអាវលឿងវាហ៊ាននិយាយថា វ៉ៃ វ៉ៃ កម្ពុជា យកអង្គរវត្ត រួចហើយចាំចរចាដោះដូរជាមួយព្រះវិហារ ។ សម្តេចបានលើកសំណួរទៅអាប់ភីស៊ីតថា ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសមួយ តើលោកឯងបន្តឱ្យមនុស្សធ្វើបាតុកម្មជេរខ្មែរ ហើយផ្សាយតាមបណ្តាញទូរទស្សន៍ ។ លោកឯងបានធ្វើការនឹងពួកអាវក្រហមហើយ តែរឿងនេះម៉េចក៏មិនធ្វើ? តើវាជាកូនជញ្ជីងរបស់លោកឯងលេងជាមួយកម្ពុជាឬអី? កម្ពុជាអត់មានចរន្តបែបនេះទេ ។ ការគំរាមប្រើកប៉ាល់ហោះគឺជាការកាន់តែឱ្យតំលៃទៅក្រុមប្រឹក្សាសន្តិសុខហើយ ។
- យូណេស្កូនឹងមានបេសកកម្មមួយមកកាន់ប្រាសាទព្រះវិហារ
អគ្គនាយិការបស់អង្គការយូណេស្កូលោកស្រី IRINA BOKOVA រំលឹកជាថ្មីកាលពីថ្ងៃទី៨ កុម្ភៈ ពីការអំពាវនាវរបស់លោកស្រីឱ្យមានភាពស្ងប់ស្ងាត់ និងឱ្យមានការអត់ធ្មត់ជុំវិញប្រាសាទព្រះវិហារដែលបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨ ខណៈដែលជំលោះរវាងកម្ពុជា និងថៃបណ្តាលឱ្យមានជនរងគ្រោះជាច្រើននាក់ និងការខូចខាតប្រាសាទនោះជាច្រើនរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
លោកស្រី IRINA BOKOVA ថ្លែងថា ខ្ញុំមានបំណងបញ្ជូនបេសកជនមកកាន់ប្រាសាទព្រះវិហារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីវាយតំលៃលើសភាពរបស់ប្រាសាទ។ លោកស្រីមានប្រសាសន៍ថា បណ្តាទីតាំងបេតិកភណ្ឌពិភពលោក គឺជាបេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល ហើយសហគមន៍អន្តរជាតិមានការទទួលខុសត្រូវជាពិសេស ដើម្បីធានាដល់ការអភិរក្ស ។ នេះគឺជាការខិតខំប្រឹងប្រែងរួមមួយដែលត្រូវមានការព្រមព្រៀងគ្នាក្នុងស្មារតីនៃការពិគ្រោះពិភាក្សា និងការចរចា ។ បេតិកភណ្ឌអាចឱ្យមានការរួបរួមគ្នាហើយប្រើជាឧបករណ៍នៃការចរចា និងការយោគយល់គ្នាទៅវិញទៅមក ពុំមែនជំលោះឡើយ។
- អ.ស.បសំរេចបើកកិច្ចប្រជុំស្តីពីជំលោះព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី១៤ កុម្ភៈ
អង្គការក្រៅរដ្ឋាភិបាលមួយឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសំរេចបើកកិច្ចប្រជុំនៅថ្ងៃទី១៤ កុម្ភៈ ខាងមុខនេះ ដើម្បីដោះស្រាយការប៉ះទង្គិចគ្នាដោយអាវុធមកពីជំលោះព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃ ។ អង្គការនេះបានឱ្យដឹងទៀតថា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានសំរេចឱ្យមានកិច្ចប្រជុំនេះកាលពីល្ងាចថ្ងៃទី៨ កុម្ភៈ កន្លងមក ។ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានយល់ព្រមបើកកិច្ចប្រជុំនេះដើម្បីឆ្លើយតបចំពោះសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានការធ្វើអន្តរាគមន៍របស់អង្គការសហប្រជាជាតិក្នុងជំលោះព្រំដែនកម្ពុជា-ថៃ ខណៈពេលដែលនាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា លើកឡើងថា ជំលោះនេះគួរតែត្រូវដោះស្រាយដោយទ្វេភាគី ។
ជាមួយគ្នានេះ កាសែតឌឹណេស្សិននៅថ្ងៃទី៩ កុម្ភៈ បានផ្សាយឱ្យដឹងថា លោក Chavanond Ind harakomalsat លេខារបស់លោកកាស៊ីត ភីរម្យ រដ្ឋមន្ត្រីការបរទេសថៃ គ្រោងធ្វើដំណើរទៅអង្គការសហប្រជាជាតិដើម្បីពន្យល់ពីគោលជំហររបស់ថៃដល់ប្រមុខអង្គការសហប្រជាជាតិនាសប្តាហ៍ក្រោយនេះ ។ កាលពីថ្ងៃទី៨ កុម្ភៈ កន្លងមក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបានគីមូន បានទទូចដល់កម្ពុជា និងថៃ ឱ្យស្វែងរកដំណោះស្រាយរយៈពេលវែងមួយ ដើម្បីដោះស្រាយជំលោះព្រំដែនដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នារយៈពេល៤ថ្ងៃជាប់ៗគ្នា ។ ក្នុងសន្និសីទកាសែតមួយដែលរៀបចំឡើងក្នុងទីក្រុងញូវយ៉កលោកបានគីមូន ថ្លែងថា នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត និងសមភាគីកម្ពុជា សម្តេចតេជោហ៊ុន សែន គួរតែអត់ធ្មត់ឱ្យបានច្រើន ។ លោកអគ្គលេខាធិការ អ.ស.ប ថ្លែងទៀតថា ពេលនេះ អ.ស.ប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយប្រទេសថៃ និងប្រទេសកម្ពុជា ស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយជំលោះជាមួយគ្នា ៕
ចែករំលែកព័តមាននេះ