ការកែច្នៃ​ស្វាយចន្ទី​ក្នុង​ស្រុក​អាច​បង្កើន​ប្រាក់​ចំណូល​​សំរាប់​កសិករ​ក្រីក្រ


រាជធានីភ្នំពេញ,​ ថ្ងៃទី​៣ ធ្នូ ឆ្នាំ​២០១០ ៖ ​ការ​សិក្សា​ថ្មីមួយរបស់​​សារជីវកម្ម​​ហិរញ្ញ​វត្ថុ​អន្តរជាតិ (IFC) ដែលជា​សមាជិក​របស់ក្រុមធនា​គារ​ពិភពលោក​ បានបង្ហាញ​ថា ឧស្សា​ហ​កម្ម​​ស្វាយ​ចន្ទី​​កម្ពុជា អាច​រកប្រាក់​ចំណូល​បានពី​​៣០ទៅ​៤០​លាន​ដុល្លារ បន្ថែម​ទៀត ​ក្នុង​មួយឆ្នាំ និង​អាចជួយបង្កើនប្រាក់​ចំណូលដល់​ប្រជា​ជន​ក្រីក្រ បើសិនជា​​មាន​កា​រកែ​ច្នៃ​​ កាន់តែ​ច្រើន​​ឡើង​នៅកម្ពុជា ។​ របាយការណ៍​​ ក្តីសង្ឃឹម​នៃ​វិស័យ​​ស្វាយ​ចន្ទី​កម្ពុជា ដែលបាន​បោះពុម្ព​រួមគ្នា​​​ដោយ សារ​ជីវ​កម្ម​​ហិរញ្ញ​វត្ថុ​​អន្តរជាតិ​​ សហ​ភាពអឺរ៉ុប និង​ក្រសួង​ឧស្សា​​ហ​កម្ម រ៉ែ និង​ថាមពល បាន​បង្ហាញ​​ថា មាន​​សក្តា​នុពល​ជា​ច្រើន​ក្នុង​ការបង្កើន​​តំលៃ​បន្ថែម​​សំរាប់វិស័យ​​ស្វាយចន្ទី​កម្ពុជា ។

នៅ​ក្នុងពិធី​បើក​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​របាយការណ៍​នេះ លោក​​ភោគ សុវណ្ណ​រិទ្ធ ​រដ្ឋ​លេខា​ធិការ​​ ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ ​និង​ថាម​ពល មានប្រសាសន៍​ថា ​រាជ​រដ្ឋាភិបាល​​ចង់ឃើញ​​យ៉ាង​ខ្លាំង​ នូវ​ការពង្រីក​​ឧស្សា​ហកម្ម​​ស្វាយចន្ទី ដោយ​សក្តា​នុពល​​របស់វិស័យ​នេះ ​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់ ប្រជា​ជនក្រីក្រ​ដែល​ប្រកប​​របរ​ដាំ​ដុះ​ដំណាំ​ស្វាយចន្ទី ។ «មាន​សិប្ប​កម្ម​កែច្នៃ​​ស្វាយចន្ទី​ក្នុង​ស្រុកកាន់តែ​ច្រើន និង​បង្កើត​ការងារ​សំរាប់ប្រជាជន​នៅ​តាមជន​បទដូច​ជា ការងារ​ប្រមូល​ផល ការ​បក​សំបក និងការ​វេច​ខ្ចប់​​ស្វាយចន្ទី​ដើម្បី​នាំ​ចេញ»។

ស្វាយចន្ទី​កម្ពុជា​ អាច​លក់​បាន​ក្នុង​​តំលៃកាន់​តែ​​ខ្ពស់​​ផងដែរ ប្រសិនបើ​​ស្វាយចន្ទីនោះ​ ត្រូវ​​​គេ​បញ្ជាក់​ថា ជា​ស្វាយ​ចន្ទី​សរី​រាង្គ ។ យោ​ង​តាម​​លោក​​រាហ្វែល ដូ​ចាវ ម៉ូរេណូ (Rafael Dochao Moreno) ភារៈ​ធារី​នៃ​​ប្រតិ​ភូ​​សហ​ភាពអឺរ៉ុប​​ប្រចាំ​កម្ពុជា ​មានប្រសាសន៍​ថា គ្រួសារ​កសិករ​​​ដាំ​ស្វាយ​ចន្ទី​ ភាគច្រើន​​ប្រើប្រាស់​ថ្នាំគីមីតិច​តួច ឬ​មិនប្រើ​​សោះ​តែ​ម្តង ដូច្នេះ​​ផលិត​ផល​​ភាគច្រើន​​ គឺ​ជា​ផលិត​ផល​សរីរាង្គ ។ «លទ្ធ​ផល​​​ទទួល​បាន​ពី​ការ​បណ្តុះបណ្តាល​​កសិករ​ដាំ​ដុះ​​ស្វាយចន្ទី​ជាង​៤.០០០​គ្រួសារ​ បង្ហាញ​​ឱ្យឃើញ​ថា ​ការ​ទទួល​​​វិញ្ញា​បនបត្រ​​​សរីរាង្គ​សំរាប់កសិករ​អាច​សំរេច​​បានយ៉ាង​ល្អ ហើយការ​កែ​លំអ​សាមញ្ញ​ៗ លើ​បច្ចេក​​ទេស​ដាំ​ដុះ ​​ការប្រមូល​ផល និងការ​​ទុក​ដាក់​ អាច​ធ្វើ​ឱ្យ​ផលិត​កម្ម​ស្វាយ​ចន្ទី មាន​ភាព​ល្អ​ប្រសើរ​​យ៉ាងច្រើន» ។

តំរូវការ​ស្វាយចន្ទី​លើពិភពលោក​ក្នុង​រយៈ​ពេល​វែង​ កំពុងតែ​មានកំណើន​​ឡើង នេះជា​កាលា​​នុវឌ្ឍ​ភាព​របស់​កម្ពុជា ក្នុង​ការ​ទាញ​យក​អត្ថ​​ប្រយោជន៍​​ពីនិន្នាការ​នេះ តាម​រយៈ​ការ​ជំរុញ​​ឱ្យ​មានការ​​កែ​ច្នៃ​​កាន់តែ​ច្រើន​​ឡើង​នៅ​ក្នុង​ប្រទេសជា​ជាង​ការនាំ​​ចេញ​ស្វាយចន្ទី​ មិន​ទាន់​កែច្នៃ​ស្ទើរតែ​​ទាំងអស់​ ទៅ​ឱ្យ​ប្រទេស​​ផ្សេង​កែច្នៃ​​ និង​លក់​ទៅ​​ប្រទេស​ទីបី​។​ លោក​ឆាល ស្នៃឌ័រ (Chales Schneider) តំណាង​ស្តីទីរបស់​​សារជីវ​កម្ម​ហិរញ្ញវត្ថុ​​អន្តរជាតិ​ប្រចាំ​​នៅ​កម្ពុជា​ មាន​ប្រសាសន៍​ថា ពេលបច្ចុ​ប្បន្ន​​​ ជាពេលវេលា​ដ៏ប្រសើរ​​​សំរាប់​កម្ពុជា ក្នុង​ការ​បង្កើត​ឱ្យ​មាន​ឧស្សាហ​កម្ម​កែច្នៃស្វាយ​ចន្ទី​​ដែល​មានលក្ខណៈ​​ប្រកួត​ប្រជែង ព្រោះ​ថា តំរូវ​ការ និងតំលៃនៅលើទីផ្សារ​​​អន្តរជាតិ​មាន​លក្ខណៈ​​ល្អប្រសើរ និងច្បាស់លាស់ ។ ប្រសិនបើ​ម្ចាស់​​​សិប្បកម្ម​កែច្នៃ​​ក្នុងស្រុក ​អាច​បំពេញ​​បាន​តាម​បទដ្ឋាន​​អន្តរជាតិ​​លើផ្នែក​​​អនាម័យ សុខ​ភាព និង​សុវត្ថិ​ភាព ពួកគាត់​អាច​ធានា​​ចំពោះខ្លួន​គាត់​​ថា គាត់នឹង​មានទីផ្សារ​​ដែលគួរ​ឱ្យ​​​ជឿជាក់​​​បាន និង​តំលៃ​​ខ្ពស់ ។ ទាំងនេះ​អាច​ជួយពង្រីក​​វិស័យ​​ស្វាយ​​ចន្ទីក្នុង​​ស្រុក​ បង្កើត​​ការ​ងារ និង​បង្កើន​ប្រាក់​ចំណូលយ៉ាង​ច្រើន​ដល់​កសិករ​​ដាំ​ស្វាយចន្ទី ។

ការសិក្សា​នេះ​ ​ជា​ផ្នែក​មួយនៃគំរោង​​លើ​ក​ស្ទួយ​​ខ្សែ​​សង្វាក់​​ផលិត​កម្ម​​ កសិ​កម្ម ដែល​មាន​​រយៈ​ពេល​​ប្រាំ​ឆ្នាំ ​អនុវត្ត​​ដោយ សារ​ជីវ​កម្ម​​ហិរញ្ញ​វត្ថុ​​អន្តរជាតិ ​និង​រួមសហ​ការ​ជាមួយ​​សហ​ភាព​អឺរ៉ុប ​ហ្វាំង​ឡង់ ​អៀក​ឡង់​ ហូល្លង់ ​ណូវែល​ហ្សេ​ឡង់ ​និងស្វីស ​​និង​​ក្រសួងឧស្សាហ​កម្ម រ៉ែ និង​ថាមពល ។ ​នៅក្នុង​វិស័យ​​ស្វាយ​ចន្ទី​កម្ពុជា គំរោងបាន​​ជួយពង្រីក​សមត្ថ​ភាព​សមាគម​ស្វាយ​ចន្ទី​​ និងក្រុម​ហ៊ុន​​ស្វាយចន្ទី​​ ដែល​​ទើប​បង្កើត​ថ្មី និង​កំពុង​​រីក​លូត​លាស់​​ខ្លាំង ដើម្បី​​ឱ្យពួក​គេ​អាច​បណ្តុះបណ្តាល​​ និងផ្តល់​​ការគាំទ្រ​​ដល់​កសិករ​ខ្នាត​តូច​តាចក្នុង​ទំរង់​ផ្សេង​​ៗទៀត ។

អំពីសារជីវ​កម្ម​​ហិរញ្ញវត្ថុ​​អន្តរជាតិ (IFC) សាជីវ​កម្ម​ហិរញ្ញវ​ត្ថុ​អន្តរជាតិ (IFC) ជា​សមាជិកនៃក្រុម​​ធនាគារពិភពលោក​ និង​ជា​ស្ថាប័ន​​អភិវឌ្ឍន៍​ធំជាង​គេ​ ដែលធ្វើការ​​ជាមួយ​ផ្នែក​​ឯកជន​​ នៅក្នុង​ប្រទេស​កំពុង​អ​ភិវឌ្ឍន៍ ។ ​យើង​បង្កើត​កា​លា​នុវឌ្ឍ​ភាព ​ឱ្យ​ប្រជាជ​ន​​ចាក​ផុត​ពី​​ភាពក្រីក្រ និង​បង្កើន​​ជីវភាព​របស់​ពួកគេ ​តាម​រយៈ​ការ​ផ្តល់​ហិរញ្ញ​ប្បទាន ដើម្បី​ជួយអាជីវ​កម្ម​​ឱ្យ​​បង្កើត​ការងារ និងផ្តល់​​សេវា​ចាំបាច់នានា​ដល់​​ប្រជាជន តាមរយៈ​​ការ​កៀរគរ និងបែ​ងចែក​​មូល​ធន​​ពីប្រភព​ផ្សេងៗ ​និងការ​ផ្តល់​សេវា​ប្រឹក្សា​​យោបល់​សំដៅ​​ឱ្យ​មាន​​ការ​អភិវឌ្ឍន៍ ប្រកប​ដោយ​និរន្តរ​ភាព ។ ស្ថិតក្នុង​​ដំណាក់កាល​​មិន​ប្រាកដ​​​ប្រជា​នៃ​សេដ្ឋ​កិច្ច​​​ពិភពលោក ​ទុក​វិនិ​យោគ​​សរុប​ របស់​ (IFC) កើន​ដល់​១៨​ពាន់​​លានដុល្លារ​អាមេរិក ​នៅ​ក្នុងឆ្នាំ​​​សារ​ពើពន្ធ​​២០១០ ។ សំរាប់ព័ត៌មានបន្ថែម​​ សូមមើល​គេ​ហទំព័រ www.ifc.org

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ