ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិនិងស្នាយ បឹងបាសាក់និងព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម បានប្រកបរបរដាំបន្លែលក់តកូនតចៅ ។ ហើយរបរមួយនេះ បានជួយលើកកម្ពស់ជីវភាពគ្រួសារឱ្យបានធូរស្រាលមួយកម្រិត របរនេះរាងលំបាកបន្តិច តែតម្រូវឲ្យមានការអត់ធ្មត់ ។

លោកតាទូច ឆាន អាយុ៧៧ឆ្នាំ មានមុខរបរដាំស្ពៃចង្កឹះ មានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី២០ សីហា ឆ្នាំ២០២៥ ថា រាល់ថ្ងៃគាត់បានដាំដុះស្ពៃនៅខាងក្រោយផ្ទះចម្ងាយប្រមាណ៣០ម៉ែត្រ ដែលមានសរុបចំនួនរហូតដល់៤០ថ្នាល ពេលថែដិតដល់ស្រោចទឹកដាក់ជីជាងមួយខែ និងហុចផលបានលក់នៅលើទីផ្សារដោយកូនស្រីជួលគេកាត់យកមកលក់នៅផ្សារបឹងកុក ក្រុងកំពង់ចាម បោះឲ្យគេមួយគីឡូបានតម្លៃ១៥០០រៀល ។
លោកតារូបនេះបានរំលឹកថា នៅពេលដែលគាត់ដឹងក្តី ពីកុមារភាពគឺឃើញឪពុកបានដាំស្ពៃដែលស្ថិតនៅក្រោយផ្ទះ។ ដើម្បីយកទៅលក់គ្រាន់ហ្នឹងដោះស្រាយជីវភាពគ្រួសារ ហើយរបរមួយនេះ គាត់បានបន្តពីឪពុករហូតមកដល់សព្វថ្ងៃ និងបន្តដល់កូនស្រីមិនជាពិបាកប៉ុន្មាននោះទេ ដែលទាមទារឲ្យមានការអត់ធ្មត់ព្រោះត្រូវថែទាំបន្លែស្រោចទឹកដាក់ជីនៅក្រោមកម្ដៅថ្ងៃ ។

លោកតាបានពន្យល់ពីការដាំដុះស្ពៃចង្កឹះដំបូងយើងត្រូវមានថ្នាលសម្រាប់ព្រោះគ្រាប់ស្ពៃរយៈពេលកន្លះខែ ទើបយើងយកកូនទៅដាំដុះនៅថ្នាលផ្សេងទៀតក្បែរនោះហើយថែទាំដឹកដល់រយៈពេល១៨ថ្ងៃ និងអាចកាត់យកទៅលក់លើទីផ្សារបាន។
មានពេលខ្លះម៉ូយមកទិញដល់ផ្ទះដោយគេកាត់ខ្លួនឯងមួយគីឡូលក់បាន១៥០០៛ បើកូនស្រីជួលគេកាត់យកទៅលក់នៅផ្សារអាចបាន២០០០រៀល ។ សព្វថ្ងៃនេះ បន្លែច្រើនប្រភេទត្រូវបានឈ្មួញនាំចូលមកពីប្រទេសជិតខាង កត្តានេះ ដែលធ្វើឱ្យបន្លែយើងខិតខំផលិតបានលក់ក៏មិនសូវបានថ្លៃប៉ុន្មានទេ។

កន្លងមក មានមន្ត្រីកសិកម្មខេត្តបានចុះមកពិនិត្យមើលពីការដាំដុះបន្លែរបស់គាត់ តែមួយរយៈពេលចុងក្រោយនេះមិនដែលឃើញមកទេ ។ លោកតាលើកឡើងថា ស្ពៃចង្កឹះនេះពេលពូនថ្នាលហើយត្រូវដាក់លាមកគោ និងប្រើជីសរីរាង្គកាត់បន្ថយការប្រើប្រាស់ជាគីមីដើម្បីកុំឲ្យប៉ះពាល់សុខភាព។
មួយទៀត លោកតាចង់បានពីការដាំដុះបច្ចេកទេសបែបទំនើប ពីមន្ត្រីកសិកម្មដើម្បីធ្វើយ៉ាងណាឲ្យទិន្នផលបានខ្ពស់ហើយមិនប៉ះពាល់សុខភាពទាំងអ្នកដាំដុះ និងអ្នកទិញយកទៅចម្អិនធ្វើម្ហូបសម្រាប់ទទួលទានគឺមានសុខភាពល្អទាំងអស់គ្នា ។

ចំណែកលោក ប៊ុន ចាន់ ប្រធានការិយាល័យកសិកម្មក្រុងកំពង់ចាមប្រាប់ឲ្យដឹង នៅរសៀលថ្ងៃទី២០សីហា ថា បន្លែបង្ការជាច្រើនប្រភេទ ក្នុងនោះមាននៅភូមិបឹងស្នាយ ភូមិបឹងបាសាក់ និងព្រៃជីក ក្នុងសង្កាត់សំបូរមាស សរុបទាំងអស់ជិត៥០គ្រួសារ ។
កន្លងមក មុនពេលcovid 19 ផ្ទុះឡើង ជំនាញកសិកម្មបានចុះបង្រៀនពីការដាំដុះបែបទំនើបដើម្បីឲ្យពួកគាត់ផលិតបន្លែសុវត្ថិភាពបានមិនប៉ះពាល់សុខភាពលក់ទៅតាមម៉ាត និងទីផ្សារ ។ របរមួយនេះបានជួយលើកកម្ពស់ជីវភាពគ្រួសាររបស់ពួកគាត់បានមួយសម្រិតបន្ថែមទៀត ។



ចែករំលែកព័តមាននេះ