ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យម​រាជ​ជួប​ក្រុម​គ្រួសា​រ​នៅ​តុលា​ការ​មុន​ពេល​ចូ​ល​គុក​វិញ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ នគរ​បាលព្រហ្ម​ទណ្ឌ​​​​ក្រសួង​មហា​ផ្ទៃ ​​​បាន​នាំ​ខ្លួន​​ឧក្រិដ្ឋ​ជន​​​ហង្ស វុទ្ធី ​ហៅ​យម​រាជ ​​ទៅ​កាន់​​​​​​សាលា​ដំបូង​​​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១១ ​មេសា ​​​ដែលការ​​នាំខ្លួន ​ឈ្មោះ​យមរាជ ទៅ​សាលា​ដំបូង​​​​បែបនេះ លោក​​​​​ឧត្តម​សេនីយ៍​ឯក​ម៉ក់ ជីតូ ​​ប្រធាន​​​នាយក​ដ្ឋាន​​​​កណ្តាល​​​នគរបាល​​​​យុត្តិធម៌ បានអះអាង​ថា ​​​គឺ​ជា​​​​ការ​អនុវត្ត​​​​​តាម​​​នីតិវ​ិធី​​​​​តុលាការ ​​ព្រោះ​យម​រាជ​​​​មានដីកា​

រាជធានីភ្នំពេញ ៖ ​ នគរ​បាលព្រហ្ម​ទណ្ឌ​​​​ក្រសួង​មហា​ផ្ទៃ ​​​បាន​នាំ​ខ្លួន​​ឧក្រិដ្ឋ​ជន​​​ហង្ស វុទ្ធី ​ហៅ​យម​រាជ ​​ទៅ​កាន់​​​​​​សាលា​ដំបូង​​​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១១ ​មេសា ​​​ដែលការ​​នាំខ្លួន ​ឈ្មោះ​យមរាជ ទៅ​សាលា​ដំបូង​​​​បែបនេះ លោក​​​​​ឧត្តម​សេនីយ៍​ឯក​ម៉ក់ ជីតូ ​​ប្រធាន​​​នាយក​ដ្ឋាន​​​​កណ្តាល​​​នគរបាល​​​​យុត្តិធម៌ បានអះអាង​ថា ​​​គឺ​ជា​​​​ការ​អនុវត្ត​​​​​តាម​​​នីតិវ​ិធី​​​​​តុលាការ ​​ព្រោះ​យម​រាជ​​​​មានដីកា​ចាប់ខ្លួន​​​​របស់លោកង៉ែត ​សា​រ៉ាត់ ​​​​ក្នុង​អំឡុង​​​​ថ្ងៃទី​១៤ ​​មិថុនា ​​២០០៦ ​ដោយ​​​​ជាប់​ពាក់ព័ន្ធ​បទល្មើស​ហែកគុក​ព្រៃ​ស​រត់គេចខ្លួន ។​

​បើ​ទោះ​​​បី​ពេលនេះ​ យម​រាជ ​​បាន​ចូល​​​ខ្លួន ​​​មក​សារ​ភាព​​យ៉ាង​ណា​ក៏ដោយ ​​​ដែល​ការ​​សារ​ភាព​នេះ ​គឺ​​​ជា​ការ​ទាល់ច្រក​​​​ ឬ​ហៅ​​​​ថា ជា​កម្ម​ពៀរ​​​​​ ឬ​ឈាម​ស្រែក​ស្បែក​ហៅរបស់​យម​រាជ​ដែល​បាន​ប្រព្រឹត្ត​​ ​ព្រោះ​​ព្រលឹង​​​អ្នក​ស្លាប់​​ទៅ ​​​ឬ​ក៏​​​ឈាម​មនុស្ស​​ស្លូត​ត្រង់​​បាន​ស្រក់​​លើ​ធរណី​​​​​ ដោយគ្រាប់​កាំ​ភ្លើង​​​​​​យម​រាជ​កន្លងមក ​បាន​អន្ទង​យម​រាជ​​​​ឱ្យ​មក​​ចូលដេក​​​គុក​មួយ​ជីវិត ​​ជាមួយ​មេ​ខ្លោង​​​​ ឬ​អ្នក​​បញ្ជា​​​​​ផ្ទាល់​​​គឺ​​ហេង ពៅ ​​និងបក្សពួក​​​​ខ្លួន​សុទ្ធ​សឹង​​​ ជា​ឃាត​ករ​​កំពុង​​​រស់ក្នុង​​គុកព្រៃស​​​​អស់​មួយជីវិត​ដូចគ្នា ។

អនុ​ញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​​​ចូល​ជួប​​​យម​រាជ​​​ពេល​​​សមត្ថ​​កិច្ច​នគរបាល​​​​ក្រសួង​មហា​ផ្ទៃ ​​​បញ្ជូន​ទៅ​ដល់​​​សាលា​ដំបូង​​​រាជធានីភ្នំពេញ ​​​គេ​​បាន​សង្កេត​ឃើញ​​​​ឪពុក​ម្តាយ​​​​បង្កើត ​ដែល​មាន​វ័យ​ចាស់​ជរា ​​​បង​ប្អូនស្រីៗ​ និង​កូន២​នាក់ ​ប្រុស​ម្នាក់​ ស្រី​ម្នាក់ ​បាននាំគ្នាឈូឆរ​​ទៅជួប ព្រោះ​បានព្រាត់​​ប្រាស់​​​​គ្នា​ជិត​​៧​ឆ្នាំ​មកហើយ​ ។​​ សាលា​ដំបូង​​ដែល​​មាន​​លោកលី សុផា​ណា ​ព្រះ​រាជ​​អាជ្ញា​​រង​​​ទទួល​​ចាត់ការ​លើ​ សំណុំរឿង​​​​យម​រាជ​នេះ ​បានអនុញ្ញាត​​ឱ្យ​ឪពុក​ម្តាយ​​​ បង​ប្អូន ​​និង​កូន​​ជួបយម​រាជ​​​​ នៅ​ក្នុង​បន្ទប់​​រង់ចាំ​​​មួយ​យ៉ាង​សមរម្យ​ចាត់​ទុក​ថា ជា​បណ្តាំ​ចុង​ក្រោយ​មុន​ពេល​យមរាជ​ទៅ​ដេក​គុកវិញ ។

​ កូនទាំង​២​​​ បានបង្ហូរ​​​​​ទឹកភ្នែក​​យំ ​​​​អោប​ឪពុក​​ តែឪពុក​វិញ យំ​អត់​ចេញ ​​​​ទឹកភ្នែក​ទេ ​​ដោយ​បាបកម្ម​​របស់​​​​គេ​បាន​សាង​​មាន​​​ទំហំធំធេង​ពេក ​​បានត្រឹម​​​តែ​ពោលថា ​​ឪពុក ​​លែង​ស្លាប់​​ហើយ តែ​ឪពុក​​ត្រូវ​​ដេក​​ក្នុងគុក​​​​មួយ​ជីវិត ។ ក្នុងស្ថានភាព​រូប​រាង​កាយ​ស្គម​ស្គាំង​​​​​​ស្លេក​ស្លាំង ​​សក់ស្កូវ​ល្បាយ​អាចម៍​ខ្លា ​មក​ដល់ពេលនេះ ​​​យម​រាជ​អាយុ​​​៤៣​ឆ្នាំ ហើយ ។ ​ឪពុក​ឈ្មោះ​​​ហង្ស ​ឈាង ​​​ម្តាយ​ឈ្មោះ​​ង៉ែត ឆិល ​ប្រពន្ធ​ឈ្មោះ​​ស សុភ័ក្រ និង​​​​​មានកូន៤​នាក់ ។ ​​ប៉ុន្តែ​ការជួប​​គ្នា​ដំណាក់​កាល​ចុង​ក្រោយ​នៅ​សាលា​ដំបូង​​​រាជធានីភ្នំពេញ ​​​​ព្រឹក​ថ្ងៃទី​២១ មេសា ​​​ឃើញ​វត្ត​មាន​​​តែ​កូន​២នាក់ទេ ​។ ចំណែក​​ប្រពន្ធ​​មិនបាន​មកជួបយមរាជ​​ទេ ដែល​ព័ត៌​មានខ្លះ​​​និយាយ​ថា ប្រពន្ធ​យម​រាជ​​​បានយកប្តី​ថ្មីបាត់ទៅហើយ  ហើយ​ក៏​​គេលែង​​នឹកនា​ដល់​​​ឈ្មោះហង្ស វុទ្ធី ហៅ​យមរាជ ​នោះដែរ ព្រោះ​​យម​រាជ ជាឃាតករ​​​បាត​ដៃ​ប្រឡាក់​​​ដោយ​ឈាម​ច្រើនពេក  ។

ព្រះ​រាជ​អាជ្ញា​សួរ​ចប់​បញ្ជូន​ទៅ​គុកវិញ​ចាប់តាំងពីម៉ោង៩ព្រឹក ​​​រហូត​ដល់​ម៉ោង​​​១ និង​៣០នាទី​​​រសៀល​ថ្ងៃទី២១ មេសា ​​​លោកលី សុផាណា ​​ព្រះ​រាជ​អាជ្ញា​រង​​​បាន​សាកសួរ​​​​​យមរាជអំពី​​​អង្គហេតុនៃ​សំណុំរឿង​​​ និង​គូ​កន​រួម​គំនិត​អារ​ចំរឹង​​​​ដែក​បង្អួច​បន្ទប់​​ឃុំ​ឃាំង​រត់គេច​ខ្លួន​​ចេញពីពន្ធនាគារ​​ ។ ​ក្រៅ​ពីអង្គ​ហេតុ​ហែក​គុករត់ ​លោក​​ព្រះ​រាជ​​​អាជ្ញា​រង​​មិន​បាន​​​សួរ​ពាក់​ព័ន្ធ​ទេ ​​។ ក្រោយ​ពី​សួរចប់​​ លោក​បាន​សម្រេច​​​ចេញដីកា​​​ឃុំ​ខ្លួន​យមរាជ​​​​ ហើយ​​តម្រូវ​ឱ្យ​​​នគរ​បាលព្រហ្មទណ្ឌ​​​​ក្រសួង​​​មហា​ផ្ទៃ​​នាំ​​​​ខ្លួន​យម​រាជ​​​ទៅកាន់គុកព្រៃស​​​កន្លែង​ដើម​តែម្តងទៅ ។

ប្រវត្តិ​​សង្ខេបនៃ​ស្នា​ដៃ​​ឃាតកម្មគួររំលឹក​​ថា ឈ្មោះហង្ស វុទ្ធី ​​​ហៅយមរាជ ​​មានរហស្ស​នាម​​ទិវា១៦ ​​។ មុនចាប់ខ្លួន ​ជា​មន្ត្រី​​​​​នគរ​បាល​​ជាតិ​​​ បម្រើ​ការ​​ងារ​នៅ​​ការិយាល័យ​​​​ព្រហ្ម​ទណ្ឌ​កម្រិត​​​​​ស្រាល​រាជធានីភ្នំពេញ ជំនាន់​ហេង ពៅ ​​​​​ជា​មេខ្លោង​​​​​​ធ្វើជាស្នង​​​ការ​ដ៏​មាន​អំណាចក្រោមមេឃ​លើ​ដី​មាន​តែអញ ។ យម​រាជ ត្រូវ​បាន​សមត្ថកិច្ច​​​​ការិយា​ល័យ​​​ព័ត៌មាន និងសន្តិសុខ​ នៃទីបញ្ជា​ការ​​​កង​រាជ​អាវុធ​ហត្ថ​​​​លើផ្ទៃប្រទេសចាប់​ខ្លួនជាមួយ​បក្ស​ពួក ​​៣​នាក់​ទៀត ​លើសំណុំ​រឿង​​ឃាតកម្ម​​​រឿង​​​ឃាតកម្ម​​​ជា​ច្រើន​​​ ក្នុង​រាជធានីភ្នំពេញ ។​ ដែល​ការ​​​ស្រាវ​ជ្រាវព័ត៌មាន​រហូតឈាន​​​ដល់​ការ​​​ចាប់​ខ្លួន ​​​​ក្រុម​យម​​រាជ​នោះ គឺជា​​​​ស្នាដៃ​របស់​លោក​​​​ឧត្តម​សេនីយ៍​​​សៀ សម្បត្តិ នៃ​កង​​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ពេលនោះ​​លោក​នៅ​ជា​ប្រធាន​​​​ការិយា​ល័យ​​​ ។  តែបច្ចុប្បន្ន​​​បានឡើង​​​​​ទៅ​ជា​ស្នង​ការ​​​​រង​ស្រាវ​ជ្រាវ​​​​ ​និងយុត្តិធម៌​​​នៃ​កង​​​​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដោយ​គុណ​បំណាច់​ លោកដឹកនាំ​​បង្ក្រាប​​បានបទ​ល្មើស​​ធំៗ​ ជា​ច្រើន​កន្លងមក ។  ​លោក​វរ​សេនីយ៍​ទោ អ៊ុង ​ដេ​ប៉ូ ​នាយ​រង​​ការិ​យា​ល័យ​ស្រាវ​ជ្រាវ​​​បទល្មើស​​​​ព្រហ្ម​ទណ្ឌ​​បាន​ឱ្យ​​ដឹង​ថា ក្រុម​យមរាជ​​ត្រូវ​បាន​​​​សមត្ថកិច្ច​​របស់​លោក​ចាប់ខ្លួន​​​ កាលពី​ថ្ងៃទី​២៨ មករា ២០០៦ ​គឺ​​​​ចាប់ដំបូង​​គេ​នោះបាន​២នាក់ ១-ឈ្មោះហង្ស វុត្ថា ​ហៅម៉ូវ ​ភេទ​ប្រុស ​​​អាយុ៣៦​ឆ្នាំ អតីត​មន្ត្រី​​​កងរាជអាវុធហត្ថ ​​និង​ត្រូវ​​ជាប្អូនប្រុស​បង្កើត​របស់យមរាជ ២-​ឈ្មោះ​​​​អំ សំ​ខេង ​​ហៅគង់ សុផល ​ភេទប្រុស ​អាយុ​៣៧​ឆ្នាំ ​​​ជា​មន្ត្រី​​​​នគរ​បាល​​​​ជាតិ បម្រើ​ការងារ​នៅ​អង្គ​ភាព​​​​ការិ​យា​ល័យ​​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​​ក្រសួង​មហាផ្ទៃ ។

លោកអ៊ុង ​​ដេ​ប៉ូ ​បាន​បន្តថា ​​ពេល​ឃាត់​ខ្លួន ​​​​ជន​ជាប់ចោទ​​ទាំង២​នាក់​ខាង​លើ ​​ពាក់ព័ន្ធ​​​​សង្ស័យទៅនឹង​​​​អំពើ​ធ្វើ​មនុស្សឃាត​​បាញ់ សម្លាប់​​​មនុស្ស​បានសម្រេច​​​​​កាលពីថ្ងៃទី​២៣ ​​មេសា​ ២០០៣ ​នៅចំណុច​ផ្លូវ​​លេខ​៦៣ (ត្រសក់​ផ្អែម) ​​​កែង​នឹង​ផ្លូវ​​​ព្រះ​សីហនុ ​​​សង្កាត់ចតុ​មុខ ​​​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ​​ដែលមាន​​​​ជនរង​គ្រោះ គឺ​លោកសុខ សេដ្ឋា​មុន្នី ​ចៅ​ក្រម​​​​​​សាលា​ដំបូង ។

ក្រោយ​ពី​​ចាប់ខ្លួន​​​មនុស្ស​២​នាក់នោះ ​បាន​​​សារ​ភាព​​​ដូចគ្នា​ថា ​ករណី​ធ្វើ​មនុស្សឃាត​​​លើ​រូប​លោក​សុក សេដ្ឋា​មុន្នី ​​​គឺ​មាន​​​បក្សពួក​៤​នាក់ ​​១-​ឈ្មោះ​​ហង្ស វុទ្ធី ហៅ​យមរាជ ​​​២-​ឈ្មោះ​​​ហង្ស វុត្ថា ហៅម៉ូវ (ប្អូន​​​យមរាជ) ៣-​ឈ្មោះ​​​អំ សំខេង ​​និង​៤-ឈ្មោះ​ព្រុំ ​សោភារិទ្ធ  ។ បន្ទាប់​​ពី​​​ចាប់ជន​ជាប់ចោទ​ទាំង​៤នាក់​​ ការ​សាកសួរ​​​​យក​ចម្លើយ​​​ម្នាក់ម្តង ក៏​ដូចជា​​​​ទល់មុខគ្នា បាន​ធ្លាយ​ចេញ​បទល្មើស​​ច្រើន​ករណីទៀត ​​ដូចជា​បាញ់​ប៉ុន​ប៉ង​សម្លាប់​​​លោកគឹម ​​ដារ៉ាវុធ ​​ប្រធាន​​សាខា អគ្គិស​នី​ចាក់​​អង្រែ​ក្រោម ​ការ​ប៉ុនប៉ង​​​​ធ្វើឃាត​​​​​លោក​អ៊ុក​ ​សាវុធ ​​អគ្គ​ព្រះ​រាជ​អាជ្ញា​​​​សាលា​​​ឧទ្ធរណ៍ ប៉ុនប៉ង​​តាម​បាញ់​សម្លាប់​​​​​លោកនាយ​ឧត្តម​សេនីយ៍​​​សៅ សុខា ​​មេ​បញ្ជា​ការ​​​​កង​រាជ​អាវុធ ​​​ហត្ថ​លើ​ផ្ទៃ​​​ប្រទេស ​​ និង​​​មានករណី​ជាច្រើន​ទៀត តាមការបង្គាប់​​​​បញ្ជា​ពីមេ​ខ្លោង​​​​ ហេង ពៅ ។ ​​ពេល​​ចាប់ខ្លួនជនជាប់ចោទ​​​៤​នាក់ នោះ​ហើយ ​​ពួកគេ​​ក៏បានឆ្លើយ​ដាក់​ទៅលើ​ឈ្មោះ​លី រ៉ា​ស៊ី ​ម្នាក់​ទៀត ​ដែលកាលណោះ ឈ្មោះលី រ៉ាស៊ី ហៅ​ទិវា​០៣ ជា​អនុប្រធាន​ការិយាល័យ​​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​ និង​ជាដៃស្តាំ​​ជំនិត ​​​ហេង ពៅ ​​ហើយអ្វីៗពួកគេបាន​អនុវត្ត​តាម ​​​តែការ​ចង្អុល​​​បញ្ជា​​​​ពីឈ្មោះ​លី រ៉ា​ស៊ី ។ ដូច្នេះ​​ហើយ​បានជា​​ក្រសួង​មហា​ផ្ទៃ ​ឃាត់​ខ្លួន​លី រ៉ាស៊ី ឱ្យ​​​ទៅ​​សមត្ថកិច្ច​​​​កងរាជ​​អាវុធ​ហត្ថ​​​ចាត់​ការ​​​​លើសំណុំរឿង​​​ឃាតកម្មទាំង​អស់​នោះ ។

ចម្លើយ​​សារ​ភាព​​នៃ​ក្រុម​ឧក្រិដ្ឋ​កម្ម​​​​​យោង​​​​លើ​ចម្លើយ​សារភាព​​​៤ករណី​​​ខាង​លើ​​​បានឱ្យ​ដឹង​ថា ​​​កាលពីវេលាព្រឹក​ថ្ងៃទី២៣ ​មេសា ២០០៣ ​ក្រុមឃាតករ​​មានគ្នា៤នាក់​​បានធ្វើ​សកម្មភាព​​បាញ់សម្លាប់​​លោកសុក សេដ្ឋាមុន្នី ​​ចៅ​ក្រម​សាលាដំបូង ​​ក្នុងនោះ​មាន​​ហង្ស វុទ្ធី ​​​ហៅ​យមរាជ ​,​ហង្ស វុត្ថា ​​ហៅម៉ូវ ​​ប្អូន​យមរាជ, ​​​​អំ សំខេង ​​​​ហៅគង់ សុផល ​​និង​មិត្តភក្តិ​អំ សំខេង ​​​​ម្នាក់​ទៀត ​​​ ។

អំពើ​​មនុស្សឃាត​លើ​​លោក​ សុក សេដ្ឋា​មុន្នី ​ឈ្មោះហង្ស វុត្ថា ​ហៅម៉ូវ ​បាន​ឌុប​​ឈ្មោះ​អំ សំខេង ដោយម៉ូតូសេ១២៥ ពណ៌​ខ្មៅ១គ្រឿង ​ទៅឃ្លាំមើល​លោក​សុក សេដ្ឋា​មុន្នី ​​ចេញពីផ្ទះ​នៅស្ពានដែក​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល ។ ឈ្មោះ​ហង្ស វុទ្ធី ហៅ​យមរាជ ​និង​អំ សំខេង ជិះ​ម៉ូតូ​​១​គ្រឿង​​នៅចាំ​ស្ទាក់​​ម្តុំ​វិមាន​ឯក​រាជ្យ ។ ​លុះពេល​លោក​សុខ សេដ្ឋា​មុន្នី បើក​រថយន្ត​ទៅដល់​ចំណុច​​ភ្លើង​ស្តុប​ត្រសក់​ផ្អែម ឈ្មោះ​​អំ សំខេង ​បាន​លោត​ចុះ​ពី​លើ​ម៉ូតូ​ទៅវាយ​​កញ្ចក់​ទ្វារ​រថយន្ត​ពី​មុខ​​បំបែក រួច​បាញ់​​ជា​ច្រើន​​គ្រាប់​ទៅលើ​លោក​សុក សេដ្ឋា​មុន្នី ដោយ​កាំភ្លើង​​ម៉ាក​ K59 បណ្តាល​ឱ្យ​​លោក​ស្លាប់​ក្នុង​រថយន្ត ​ហើយ​​ពួកគេ​​បាន​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព ។ ​លុះ​រំលង​បាន​១​សប្តាហ៍​​ពួកគេបាន​ទៅ​ជុំគ្នា​​នៅ​ក្បែរ​វត្ត​​បទុមវតី ​ពេល​នោះ​ឈ្មោះ​​ហង្ស វុទ្ធី ​ហៅ​យមរាជ ​ដែល​ទទួល​ប្រាក់​ពី​មេក្ខោង​​បញ្ជា​យក​ទៅចែក​គ្នា​បាន​ម្នាក់​ជាង​១​ពាន់​ដុល្លារ ។ ​

ចំពោះ​ករណី​​ប៉ុន​ប៉ង​​ធ្វើ​ឃាត​​លោក​អ៊ុក សាវុធ ​កាល​នៅ​ជា​ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​រាជធានីភ្នំពេញ ឈ្មោះ​ហង្ស វុទ្ធី ហៅ​យមរាជ ​សារភាព​ថា ខ្លួន​​មិន​បាន​ចាំ​ខែ​ថ្ងៃទេ ​ក៏​ប៉ុន្តែ​នៅ​ក្នុង​អំឡុង​​ឆ្នាំ ២០០៤ ​វេលា​ម៉ោង​ប្រមាណ​៨​យប់​ មុន​ពេល​ធ្វើ​សកម្ម​ភាព​ពួក​គេ​មាន​ឈ្មោះ​៤​នាក់​ខាងលើ បាន​ជួប​ជុំ​​គ្នា​នៅ​ស្ថានីយ៍​ប្រេង​កាល់​​តិច​ពេទ្យ​ចិន ​និង​បាន​ដាក់​​ផែន​ការ​រួច​អស់​ហើយ។ ​ពេល​ទៅ​ដល់​ផ្ទះ​លោក​អ៊ុក ​សាវុធ ឱ្យ​ឈ្មោះ​ព្រំ សោភារិទ្ធ ​អតីត​ប្រធាន​ផ្នែក​​​មជ្ឈិម​១ នៃ​ការិយា​ល័យ​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល និង​ឈ្មោះ​អំ ​សំខេង ​ហៅ​គង់ សុផល ​ចូល​​ទៅ​ក្នុង​បរិវេណផ្ទះមុន​ ចំណែក​យម​រាជ ​នៅ​ខាងក្រៅចាំ​មើល​សភាព​ការណ៍​ ។ ពេល​ឈ្មោះ​ព្រំ សោភារិទ្ធ និង​អំ សំខេង ​ចូល​ដល់​ក្នុង​ផ្ទះ​លោក​អ៊ុក សាវុធ​ ឆ្កែ​បាន​ព្រូស​ខ្លាំង​​ពេក ពួក​គេ​​ក៏​ផ្លោះ​របង​ចេញ​​មកវិញ និង​ផ្ទុះ​អាវុធ​​៣​ទៅ​៤​គ្រាប់​ទៀត​ផង ។ ​ដូច្នេះ​​ការ​​ប៉ុន​ប៉ង​ធ្វើ​ឃាត​លោក​អ៊ុក សាវុធ​ មិន​បាន​សម្រេច​ឡើយ ​បើ​ទោះ​បី​ជា​ការ​ព្យា​យាម​​លើក​ក្រោយៗ​ទៀត​ក៏​ដោយ ។

​ករណី​ប៉ុន​ប៉ង​សម្លាប់​លោក​សៅ សុខា អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធ​ពល​ខេមរភូមិន្ទ​ និង​​ជា​មេបញ្ជា​ការ​កង​រាជអាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​ក្រុម​ឃាតករ​បាន​សារ​ភាពថា ​បាន​ដាក់​គ្នា​ឃ្លាំ​​ចាំ​មើល លោក​សៅ សុខា ចេញពី​ផ្ទះ​នៅ​ក្បែរ​​ផ្សារ​ដេប៉ូ​​ទៅកន្លែងធ្វើ​​ការ ឬ​​ទៅ​ទីណា​នោះ ក៏​តាម​រហូត​ដែរ ប៉ុន្តែ​​ពុំ​មាន​ឱកាស​​នឹងធ្វើ​ឃាត​លោក​បាន​ទេ ។ ​យមរាជ​​សារ​ភាព​ទៀត​ថា ​​ផែន​ការ​សម្លាប់​មនុស្ស​ទាំង​អស់​ខ្លួន​បាន​​ធ្វើ​សកម្ម​ភាព​តាម​បញ្ជា​ពី​ លី រ៉ាស៊ី និង​ហេង ពៅ ​ដោយ​គេ​បាន​ប្រាប់វិញថា ​ការងារ​បាន​សម្រេច​​ជា​ថ្នូរ​​មកវិញ​ឱ្យ​ឡើ​ង​តួនាទីឡើងស័ក្តិ ។ ជាក់​ស្តែង​​ដូច​សម្លាប់​​លោក​សុក សេដ្ឋា​មុន្នី ​ឈ្មោះ​ព្រំ​ សោ​ភារិទ្ធ ​បាន​ឡើង​ជា​ប្រធាន​​ផ្នែក ហើយ​ខ្លួន​បាន​ជា​អនុ​ប្រធាន​ផ្នែក ។ ​ក្រៅពី​នេះឈ្មោះ​ហង្ស វុត្ថា (ប្អូន) និង​ អំ សំខេង ​មិត្តភក្តិ​​គេ​ម្នាក់​ទៀត​ឱ្យ​លុយ​​ខ្លះ​ កុហកខ្លះ ​ដើម្បី​បោក​ឱ្យ​​ជួយ​ចូល​​រួម​ធ្វើ​សកម្ម​ភាព​ជា​មួយ ព្រោះ​​ថា ពេល​នេះ​​លោក​ទិវា០៣ លី រ៉ាស៊ី ​មាន​អំណាច​ និង​ឥទ្ធិ​ពល​​ខ្លាំង​​ណាស់ បន្ទាប់​ពី​ហេង ពៅ ។

ករណី​បាញ់​ប៉ុន​ប៉ង​​​សម្លាប់លោកគឹម ​​ដារ៉ា​វុធ ​​​ប្រធាន​​សាខា​អគ្គិសនី​ចាក់អង្រែ​ក្រោម នៅ​ក្នុង​រថយន្ត​​​​លើដង​វិថី​ក្បែរ​​វិទ្យាល័យចតុមុខ​ ដែលលោក​​​ទៅ​ទទួល​យ​ក​កូន​ចេញពី​សាលា​​​រៀន ​​ក៏ជា​ក្រុម​របស់យម​​រាជនេះ​ដែរ ​​។ សមាស​ភាព​​ប្រព្រឹត្ត​ផ្ទាល់​​មាន​២នាក់​ជាជនដៃដល់ ដែលបានជិះ​ម៉ូតូ​​​ទៅបាញ់​​នោះ​ឈ្មោះ​ហង្ស វុត្ថា ​​​និង​អំ សំខេង ។ ប៉ុន្តែ​​​​ករណី​នេះ ក៏​មាន​ការ​ចូល​រួម​ពី​សំណាក់​ឈ្មោះ​​​ព្រំ​​ សោភារិទ្ធ ​​​ដែរ ដែល​​​ជាអ្នក​ទៅ​​​​តាមឃ្លាំមើល ​​​ជនរងគ្រោះ​ដល់​ផ្ទះ​ និងទៅធ្វើជា​អ្នកសួរ​​​​រកទិញរថ​យន្ត​ទៀតផង ។

ករណី​​បាញ់​​លោកគឹម ​ដារ៉ាវុធនេះ ​​មិនស្លាប់ ទេ ។ ប៉ុន្តែ​​​​បណ្តាលឱ្យ​ពិការភាពរហូត​ដល់សព្វ​ថ្ងៃ ​​​ សំណុំ​រឿង​ គឺនៅនាយកដ្ឋាន​​​នគរបាល​ព្រហ្ម​​​​ទណ្ឌក្រសួង​​​មហាផ្ទៃ ​ជាអ្នក​​កសាង​ និងស្រាវ​ជ្រាវ ​លើករណី​នេះ ។ និយាយរួមទៅ ឧក្រិដ្ឋ​​ជន​១​​ក្រុម ក្រោម​​​បទបញ្ជា​​​ទិវា០៣ លី រ៉ាស៊ី ​​ការ​ចាប់​​ឃាត់​ខ្លួន​ជា​ស្នា​ដៃ​​នគរបាល​​​ក្រសួង​​​មហា​ផ្ទៃ ​​​និងកង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​​​ដុត​​ដៃ​​​ដុត​​ជើង​​​​ស្រាវជ្រាវ និងចាប់ខ្លួន​​​ឃាតករ​ទាំងអស់នោះ ។ យោ​ង​ទៅ​លើ​​​​ឯក​សារវត្ថុ​​​តាង និងចម្លើយ​គ្រប់គ្រាន់​ហើយ សាលា​ដំបូង ​រាជ​ធានីភ្នំពេញ បានលើក​​សំណុំរឿង​នោះ​បើក​សវនា​ការ​ជំនុំ​ជម្រះ​​​ និងផ្តន្ទាទោសជនជាប់​ចោទ​​ម្តង​មួយ​​រឿងៗ ខណៈ​ចន្លោះ​​ពេល​ឈ្មោះ​​ហង្ស វុទ្ធី ​ហៅ​យមរាជ ​ហែក​គុក​រត់ ។

សំណុំ​រឿង​​៤​សាល​ក្រម​កាត់​ទោស​៥១​​ឆ្នាំ​ ការ​ផ្តន្ទា​ទោស​​ចំពោះ​ហង្ស វុទ្ធី ​ហៅ​យម​រាជ គឺធ្វើឡើង​​ដោយ​កំបាំង​មុខ​តាំងពី​​សាលា​ដំបូង​​ រហូត​ដល់​​សាលា​ឧទ្ធរណ៍​មាន​ចំនួន​៤​សំណុំ​រឿង​គឺ៖

១-រឿង​​បាញ់​សម្លាប់​លោក​សុក សេដ្ឋា​មុន្នី ចៅ​ក្រម​សាលា​ដំបូង​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​​១៨ឆ្នាំ ។

២-​សំណុំរឿង​​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​លើ​រូប​លោក​​គឹម ដារ៉ាវុធ ប្រធាន​សាខា​អគ្គិ​សនី​​​​ចាក់​អង្រែ​ក្រោម ផ្តន្ទា​ទោស​​ដាក់​ពន្ធនាគារ​រយៈ​ពេល​១៦​ឆ្នាំ ។

៣-លើ​សំណុំរឿង​​ប៉ុន​ប៉ង​ធ្វើ​មនុស្ស​ឃាត​​លើលោក​សៅ សុខា អគ្គ​មេ​បញ្ជា​ការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ និង​ជា​មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ផ្តន្ទា​ទោស​​ដាក់​ពន្ធនាគារ​រយៈ​ពេល​១៥​ឆ្នាំ ។

៤-​សំណុំរឿង​ហែក​គុក​រត់​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​២​ឆ្នាំ ។

សរុប​ជាក់​ស្តែង​​មាន​ចំនួន​៥១​ឆ្នាំ ។ ចំណែក​សំណុំ​រឿង​លោក​អ៊ុក សាវុធ​ ក៏​បាន​ផ្តន្ទា​ទោស​​ឈ្មោះ​យម​រាជ នេះ​ហើយ​​ដែរ ប៉ុន្តែ​​សាល​ក្រម​​មិន​ទាន់ត្រូវ​បាន​ធ្លាក់​ដល់​ដៃ​សមត្ថ​កិច្ច​នៅឡើយ ​ដែល​ទោស​យម​រាជ​​មាន​ប្រហាក់ប្រហែល​ហេង ពៅ ​គឺជិត​១០០​ឆ្នាំ។

ពេល​ចូល​សារភាព​​​ យម​រាជ​បដិសេធ​​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​យមរាជ​​បាន​បដិ​សេធ​រាល់​ការ​ចោទ​ប្រកាន់​ និងសាល​ក្រម​​របស់​សាលា​ដំបូង​ក៏​ដូចជា​​​សាលា​ឧទ្ធរណ៍​​ចោល​​ទាំងអស់​ ។ យម​​រាជ​បាន​​ជំរាបជូន​លោក​លី សុផាណា ព្រះ​រាជ​អាជ្ញា​រង​ថា ខ្លួន​នឹង​​រក​មេធាវី​ការពារ​ក្តី​ប្តឹង​ទាស់​ឱ្យ​ជំនុំ​​ជំរះ​​ទោស​រឿង​ទាំង​អស់​​នេះ​ឡើងវិញ ព្រោះ​ខ្លួនយល់​ឃើញ​ថា ជា​សាល​ក្រម​កំបាំង​មុខ ។ យម​រាជ​បាន​​ទាម​ទារ​នៅចំពោះ​​មុខ​មេធាវី​កៅ ស៊ូផា ថា សុំ​ឱ្យ​​តុលា​ការ​ជួយ​រក​យុត្តិធម៌​​ឱ្យ​ ។ យម​រាជ​បន្ត​ថា  ​គ្មាន​កំហុស​​ និង​មិន​បាន​ប្រព្រឹត្ត​​អំពើ​ដូច​អ្វី​​ដែល​តុលា​ការ​ចោទ​ប្រកាន់​នោះ​ឡើយ ​ហើយ​ក៏​គេ​បាន​ប្រាប់​ឪពុក​​ម្តាយ​បង​ប្អូន កូន​ប្រុស​ស្រី​របស់ខ្លួន ​ថា ដោយ​សារ​ខ្លួនគ្មាន​​កំហុស​នោះ​ហើយ​ទើប​បាន​ជា​ហ៊ាន​ចេញ​មុខ​សារ​ភាព​​ដើម្បី​ចង់​បាន​ភាព​យុត្តិ​ធម៌ ។ ​លោក​មេធាវី​កៅ ស៊ូផា ​បាន​ប្រាប់​ឱ្យ​ដឹងថា ​លោក​មិន​​ទាន់​បាន​ក្លាយ​ទៅ​ជា​មេធាវី​ការ​​ពារ​ក្តី​ឱ្យ​ជន​ជាប់​ចោទ​ឈ្មោះ​​ហង្ស វុទ្ធី ​ហៅ​យមរាជ ជាផ្លូវ​ការ​នៅឡើយ​ទេ ​ប៉ុន្តែ​បើ​ហង្ស​ វុទ្ធី ​ពឹង​ពាក់​​លោក​​ក៏​ស្ម័គ្រ​ចិត្ត​ដែរ ព្រោះ​សព្វ​ថ្ងៃ​​លោក​​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​ឈ្មោះ​​ហង្ស ​វុត្ថា ​ប្អូន​ហង្ស វុទ្ធី ។ ​រឿងអញ្ចឹង​​ហើយ​បាន​ជា​ម្តាយ​ហង្ស វុត្ថា ​មក​ពឹង​ឱ្យ​លោក​ជួយ​ការ​ពារ​អាយុ​ជីវិត និង​​ខ្លាច​​ធ្វើ​ទារុណ​កម្ម​នៅ​ពេល​ហង្ស វុទ្ធី ហៅ​យមរាជ​ចូល​សារភាព ។ ​

ពេលឃើញ​​​មុខ​លាន់មាត់​​ថា អា​យម​រាជ​មែនមជ្ឈ​ដ្ឋាន​​ជា​ច្រើន​​បាន​ដាក់​ចម្ងល់​​ថា រយៈ​ពេល​៦​ជិត​៧​ឆ្នាំ​​ក្រោយ​យម​រាជ​រត់​ចេញពី​គុក​ព្រៃ.ស គ្មាន​នរណា​ម្នាក់​ជឿ​ជាក់​ថា ​យម​រាជ​នៅ​មាន​ជីវិត​​នោះ​ទេ ខ្លះ​​​ថា​ យមរាជ​ទៅ​ជា​ស្នូល​ដី ​ពុក​ផុយ​ទៅហើយ ។ ខ្លះ​ថា យមរាជ​​ក្លាយ​ជា​ចំណីក្រពើបាត់ទៅហើយ ។ នៅពេល​មាន​ព័ត៌​មាន​ថា ​យម​រាជ​​សុំ​អង្គ​ការ​លីកាដូ​​ជួយ​ការ​ពារ​អាយុ​ជីវិត​​ ដើម្បីចូល​សារភាព ​គ្មាន​នរណា​ម្នាក់​ជឿ​ជាក់​ទាល់​តែ​សោះ​ សូម្បី​មន្ត្រីជាន់ខ្ពស់​ក្រសួង​​មហា​ផ្ទៃ​​​ខ្លះ ក៏​ស្ទើ​រតែ​​មិន​ជឿដែរ ប៉ុន្តែ​ដោយ​បាន​ឃើញ​ផ្ទាល់​ភ្នែក​ ទើប​បាន​​ស្រឡាំង​កាំង​ ហើយ​លាន់​មាត់​ថា អាយម​រាជ​មែន  ។

នៅ​មានចម្ងល់​​ទៀតថា យម​រាជ ​បាន​រួច​ផុត​ពី​ភ្នែក​​​ច្រមុះ​សមត្ថ​កិច្ច​ដែល​តាម​ប្រមាញ់​​អស់​រយៈ​ពេល​ជា​ច្រើន​​ឆ្នាំ​ហើយ បូក​ទាំង​ការ​​ជ្រក​កោន​​ស្នាក់​នៅ​គ្មាន​អ្នក​ណា​ស្គាល់​ទៀត​ផង និង​​ហាក់​បីដូច​ជា​មាន​​សេច​ក្តី​​សុខដែរ ​តែ​​ហេតុ​ថា បាន​ជា​យម​រាជ​​ស្ម័គ្រ​ចិត្ត​​ចូល​សារភាព​មក​ដេក​គុក​១​ជីវិត​​វិញ​នោះ គឺមិនខុស​ពី​មេ​ក្លោង​​របស់​គាត់ គឺ​ហេង ពៅ ធ្លាប់​បាន​​និយាយ​កាល​ពី​សមត្ថ​កិច្ច​​នាំ​ខ្លួន​ពី​ក្រៅ​ប្រទេស​​មកដល់​​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ​ភ្លាមៗ​បាន​ប្រាប់គេឯងថា ​លើ​លោក​នេះ ពិត​ជា​មាន​បាប​បុណ្យ​មែន ​។

អំពើ​ដែល​បាន​ប្រព្រឹត្ត​​ ជន​នោះ​នឹង​ត្រូវ​ទទួល​មក​វិញ ​នូវ​កម្ម​ពៀរ​ទាន់​ហន់​មិន​​ចាំ​បាច់​ចាំ​ជាតិ​ក្រោយ​ឡើយ ។ ​យម​រាជ​សាង​បាប​កម្ម​​ច្រើន​ណាស់​ សម្លាប់​មនុស្ស​​ធ្វើ​ឱ្យ​គេ​ជរា​ពិការ ព្រាត់​​ប្រាស់ និរាស​ប្រពន្ធ​កូន នោះ​ហើយ​កម្ម​តាមផ្តន្ទា ។ ព្រលឹង​អ្នក​ដែល​ស្លាប់​​តាម​អន្លង​​នាំ​យម​រាជ​ឱ្យចូល​គុក​វិញ ​ទោះ​បី​ទៅរស់​នៅ​ដល់​ទីណា​ក៏​គ្មាន​សេច​ក្តី​សុខ​ដែរ ៕