រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បន្តការចុះចាត់វិធានការរដ្ឋបាល នៅចំណុចតំបន់អគារបុរីកីឡា ដោយបាននាំមនុស្សចំនួន០៤នាក់ ទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ។

ការចុះធ្វើរដ្ឋបាលនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នេះដោយមានបទបញ្ជាពីលោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក ណុប ផា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះធ្វើរដ្ឋបាល តំបន់ដែលមានភាពស្មុគស្មាញ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់នូវរាល់បញ្ហាអសន្តិសុខ ដែលអាចកើតមានឡើងបង្កភាពភ័យខ្លាចដល់ពលរដ្ឋ និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៤នាក់ ធ្វើតេស្តរកសារធាតុញៀ.ន រួចបញ្ជូនទៅមន្ទីរសង្គមកិច្ចធ្វើការកែប្រែអប់រំបន្ត ។

លោក ណុប ផា អភិបាលរងខណ្ឌ៧មករា តំណាងលោកអភិបាលខណ្ឌ បានប្រាប់ឱ្យដឹងថា អាជ្ញាធរខណ្ឌតែងបានយកចិត្តទុកដាក់ ក្នុងការចុះធ្វើរដ្ឋបាលជាប់ជាប្រចាំ នៅតំបន់អគារបុរីកីឡានេះ ព្រោះតំបន់នេះជាតំបន់ភូមិសាស្ត្រស្មុគស្មាញ ឧស្សហ៍កើតមានសកម្មភាពក្មេងទំនើ.ង ជនញៀ.នថ្នាំ និងអំពើអសន្តិសុខមួយចំនួន ដែលកើតមានឡើងទាំងពេលយប់ និងពេលថ្ងៃ បង្កជាក្តីព្រួយបារម្ភដល់ពលរដ្ឋជាច្រើនរស់នៅក្នុងតំបន់អគារមួយនេះ ។

លោកអភិបាលរងបន្តថា បច្ចុប្បន្ន ភាពអាណាធិបតេយ្យ និងសកម្មភាពអសន្តិសុខមួយចំនួននៅតំបន់បុរីកីឡា មានភាពល្អប្រសើរឡើងច្រើនហើយ ប៉ុន្តែទោះជាយ៉ាងណាកម្លាំងអាជ្ញាធរក៏មិនបានបន្ធូរដៃក្នុងការមានវិធានការរដ្ឋបាលលើបញ្ហានេះឡើយ គឺនៅបន្តធ្វើកិច្ចការងារនេះរហូតទទួលបានប្រសិទ្ធិភាពខ្ពស់ ដើម្បីជាការធានាបានសន្តិសុខល្អជូនពលរដ្ឋ ។
ប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡានេះ បានសម្តែងក្តីសប្បាយរីករាយ និងពេញចិត្តបំផុតចំពោះសកម្មភាពចុះធ្វើរដ្ឋបាលរបស់ក្រុមអាជ្ញាធរ ដែលនេះជាការទប់ស្កាត់ បង្ការបានពីសកម្មភាពអសន្តិសុខនានា ដែលតែងកើតមានឡើងពីជនទំនើ.ង ឬមុខសញ្ញាជាក្រុមជនសង្ស័យផ្សេងៗដែលយកតំបន់អគារបុរីកីឡា ជាទីកន្លែងសម្រាប់ប្រព្រឹត្តិបទល្មើស ឬប្រើប្រាសគ្រឿងញៀ.នជាដើម ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១នោះទេ ដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះធ្វើរដ្ឋបាលនៅតំបន់បុរីកីឡានេះ ។ ហើយការចុះធ្វើរដ្ឋបាលកាលពីពេលកន្លងៗទៅ គឺតែងតែបានប្រមូលក្រុមជនទំនើ.ង ក្មេងញៀ.នថ្នាំ ជនអាណាថា ឬជនសង្ស័យមួយចំនួន ដែលបានប្រព្រឹត្តិបទល្មើសលួច ឆ.ក់ ឬគ្រឿងញៀ.នជាដើម ដោយបានធ្វើការដកហូតវត្ថុតាងជាច្រើនជាបន្តបន្ទាប់ និងបានឃាត់ខ្លួនមនុស្ស ហើយបានប្រើវិធានការអប់រំ រួមជាវិធានការច្បាប់ ៕

ចែករំលែកព័តមាននេះ