រាជធានីភ្នំពេញ ៖ ផ្លូវជាតិ៣ខ្សែ ប្រវែងសរុប២០១,៣៦៥គ.ម ភាគនិរតីនៃប្រទេស ដែលបានសាងសង់រួចរាល់ជាស្ថាពរនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ស្អែកនេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ នេះបើតាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។

អ្នកនាំពាក្យថា ផ្លូវជាតិទាំង៣ខ្សែនោះ រួមមាន ៖ ១.ផ្លូវជាតិលេខ៣១ ប្រវែងសរុប៥៣,៥៣៩ គ.ម ចាប់ពីចំណុចបែកគុស (ផ្លូវជាតិលេខ៣)ដល់កំពង់ត្រាច (ផ្លូវជាតិលេខ៣៣) ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ ។ ២.ផ្លូវជាតិលេខ៣៣ ប្រវែងសរុប៥២,៥៧៧គ.ម ចាប់ពីខេត្តកំពត (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ជាប្រភេទបេតុងកៅស៊ូA C (កម្រាស់៧ ស.ម) ទទឹង១២ម៉ែត្រ ។

៣.ផ្លូវជាតិលេខ៤១ ប្រវែងសរុប៩៥,២៦៩ គ.ម ចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ដល់ជុំគិរី(ចំណុចប្រសព្វផ្លូវជាតិលេខ៣) ជាប្រភេទបេតុងកៅស៊ូAC (កម្រាស់៥ ស.ម) ទទឹង១១ម៉ែត្រ ។
គម្រោងដ៏ធំនេះជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបច្ចុប្បន្នកំពុងអនុវត្តដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

គួរបញ្ជាក់ថា ផ្លូវជាតិទាំង៣ខ្សែនេះ គឺជាផ្លូវមួយដ៏សំខាន់មិនអាចកាត់ថ្លៃបាន ក្នុងការជំរុញការធ្វើសមាហរណកម្មនៃវិស័យសំខាន់ៗជាអាទិ៍រួមមាន ៖ ការដឹកជញ្ជូន,ការធ្វើដំណើរ,ទេសចរណ៍, កសិកម្ម, ភស្តុភារកម្ម, និងវិស័យកំពង់ផែមាត់សមុទ្រភាគនិរិតី៕
ចែករំលែកព័តមាននេះ