រឿងក្តីសម្លាប់កូនដើម្បីកិត្តិយសគ្រួសារ កំពុងអង្រួនប្រទេសកាណាដាញាប់ញ័រដោយការតក់ស្លុតហួសប្រមាណ មិនតែប៉ុណ្ណោះធ្វើឱ្យផ្ទុះការជជែកវែកញែកផុលផុសជុំវិញរឿងរ៉ាវពួកជនអន្តោប្រវេសន៍នៅប្រទេសកាណាដា ហើយនាំមកតាមនូវវប្បធម៌សាហាវឃោរឃៅបែបនេះ។ ជនរងគ្រោះ៣នាក់បងប្អូនជាកូនស្រីជនជាតិអាហ្វហ្គានីស្ថាន ដែលខ្លះមិនទាន់ពេញជំទង់ផងនោះ ត្រូវឃាតករចិត្តខ្មៅជាម្តាយឪពុកបង្កើត និងបងប្រុសបង្កើតរបស់ខ្លួនសម្លាប់ចោលគួរឱ្យសោកសៅបំផុត ។
ក្នុងសវនាការបើកជាសាធារណៈនៅ Kingstom ផ្នែកខាងកើតខេត្តអុងតារីយ៉ូ ប្រទេសកាណាដា បុរសឈ្មោះម៉ូហាមេដសាហ្វៀ អាយុ៥៨ឆ្នាំ និងប្រពន្ធទីពីរឈ្មោះយ៉ាសយ៉ា អាយុ៤១ឆ្នាំ រួមជាមួយកូនប្រុសឈ្មោះហាមីដ អាយុ២០ឆ្នាំ ជាប់ចោទរួមគំនិតគ្នាសម្លាប់យុវនារី៣នាក់ និងស្ត្រីម្នាក់ឈ្មោះរ៉ូណា អាមៀរ អាយុ៥២ឆ្នាំ ។ គេសម្លាប់ពួកនាងដោយជ្រមុជក្នុងទឹកទាល់តែដាច់ខ្យល់ ។ ក្រោយមកសាកសពជនរងគ្រោះទាំង៤រូបត្រូវគេរកឃើញក្នុងរថយន្តតូចមួយគ្រឿងពន្លិចចូលបាតស្ទឹង Rideau នាថ្ងៃទី៣០ មិថុនា ២០០៩ ។ យុវនារីដែលត្រូវសម្លាប់គឺជាកូនបង្កើតរបស់សាហ្វៀ និងយ៉ាសយ៉ា ។ គេសម្លាប់ពួកនាង ព្រោះឧស្សាហ៍ស្លៀកពាក់សំពត់អាវខើចៗ ដូចនារីអឺរ៉ុប មិនចូលចិត្តពាក់ hijaleបាំងមុខតាមបែបសាសនាអ៊ិស្លាម មិនតែប៉ុណ្ណោះថែមទាំងដើរលេងជាមួយមិត្តភក្តិប្រុសដូចស្រីអឺរ៉ុបទៀត ។
រីឯស្ត្រីឈ្មោះរ៉ូណា អាមៀរ ដែលត្រូវសម្លាប់ដែរ ព្រោះឧស្សាហ៍កាន់ជើងយុវនារីទាំងបី ។ ស្ត្រីនោះមិនមែនអ្នកណាឆ្ងាយទេ គឺជាប្រពន្ធដើមរបស់សាហ្វៀ តែម្តង ។
យុវនារីរងគ្រោះទាំងបីរូប នាងបងឈ្មោះសាយណាប អាយុ១៩ឆ្នាំ បន្ទាប់មកសាហា អាយុ១៧ឆ្នាំ និងជីទី អាយុ១៣ឆ្នាំ ។គ្រួសារសាហ្វៀរត់ចេញពីអាហ្វហ្គានីស្ថានក្នុងឆ្នាំ១៩៩២ ទៅរស់ក្នុងប្រទេសប៉ាគីស្ថាន បន្ទាប់មកទៅនៅអូស្ត្រាលី និងអារ៉ាប់រួមទៀត មុនពេលចូលតាំងទីលំនៅក្នុងប្រទេសកាណាដានៅឆ្នាំ២០០៧ ។ ពេលទៅដល់កាណាដាដំបូង សាហ្វៀ ប្រាប់សមត្ថកិច្ចថារ៉ូណា អាមៀរ ជាអ៊ំស្រីរបស់ពួកកូនខ្លួន មិនហ៊ានប្រាប់ត្រង់ថាប្រពន្ធដើមឡើយ ។ សាហ្វៀជាអ្នកជំនួញជោគជ័យមួយរូប គេរៀបការប្រពន្ធទីពីរយ៉ាសយ៉ា ព្រោះតែប្រពន្ធដើមរ៉ូណា មៀរអត់មានកូន ។ បានសាហ្វៀជាប្តី យ៉ាសយ៉ាបង្កើតកូនបាន៧នាក់ ។ នៅប្រទេសកាណាដា ប្រុសមានប្រពន្ធច្រើនជាការខុសច្បាប់។ សាហ្វៀខ្លាចត្រូវកាណាដានិរទេសទៅវិញទើបអត់ហ៊ានប្រាប់ត្រង់ទៅរ៉ូណា អាមៀរ ជាប្រពន្ធដើមរបស់ខ្លួន ។
តាមការលើកឡើងរបស់រដ្ឋអាជ្ញាឡូរី ឡាសែល គេដឹងថាប៉ុន្មានខែមុនពេលត្រូវឪពុកម្តាយសម្លាប់ចោលយ៉ាងអាណោចអាធ័មយុវនារីរងគ្រោះទាំងបីរូបធ្លាប់បានរាយការណ៍ប្រាប់ភ្នាក់ងារសកម្មភាពសង្គម ប្រាប់គណៈនាយកសាលា និងប៉ូលិស ពីអំពើហិង្សា និងការគម្រាមកំហែងធ្ងន់ៗឥតឈប់ឈររបស់អ្នកផ្ទះមកលើខ្លួន តែមិនដឹងយ៉ាងម៉េច ពួកនាងអត់បានទទួលការគាំទ្រ ជួយបំបែកចេញពីគ្រួសារ។ នាងបងសាយណាប និយាយថា នាងត្រូវគ្រួសារបង្ខាំងក្នុងបន្ទប់អស់ពេលយ៉ាងយូរ ហើយមុនត្រូវសម្លាប់ពីរខែ នាងធ្លាប់ទៅផ្ទះបើកទូលាយរបស់អាជ្ញាធរសម្រាប់ស្រី្តត្រូវគ្រួសាររើសអើង បន្ទាប់មកនាងចេញពីផ្ទះម្តងទៀតដើម្បីរៀបការជាមួយមិត្តប្រុសនៅវិហារអ៊ិសស្លាមក្នុងក្រុងម៉ុងរេ៉អាល់ តែត្រូវឪពុកម្តាយតាមទាន់រារាំងពិធីរៀបការនោះ ។ ចំណែកនាងបន្ទាប់សាហា សឹងថារាល់លើកទៅសាលារៀនតែងមានស្នាមរំពាត់ពេញខ្លួន។ នាងធ្លាប់ប្រាប់មិត្តភក្តិនៅសាលាជាញឹកញាប់ពីទារុណកម្មដោយសារគ្រួសារ ហើយពេលខ្លះត្អូញត្អែរពីការចង់សម្លាប់ខ្លួនជាជាងរស់នៅរងទារុណកម្ម ។ដោយឡែកនាងជីទី ដែលនិយមស្លៀកពាក់តាមនារីអឺរ៉ុប ត្រូវគ្រួសារសង្ស័យមានមិត្តប្រុសព្រមទាំងគម្រាមឈ្លេចសួរជាញឹកញាប់ ។ នាងធ្លាប់ទៅសុំស្នាក់នៅជំរំសង្គ្រោះកុមារជួបបញ្ហាក្នុងគ្រួសារ តែមិនបានទទួលការយល់ព្រមទើបក្រោយមកត្រូវសម្លាប់ជាមួយបងស្រីពីរនាក់របស់ខ្លួន ។
ក្នុងសវនាការតុលាការ ជនជាប់ចោទទាំងបីនាក់បដិសេធដាច់ខាតការចោទប្រកាន់ថាពួកខ្លួនសមគំនិតគ្នាសម្លាប់នារីទាំងបីនាក់ និងស្ត្រីរ៉ូណា អាមៀរ ។ ពួកគេអះអាងថា អ្នកទាំងបួននោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយខ្លួនឯង គឺក្រោយត្រឡប់ពីកម្សាន្តនៅជ្រោះ Niagara នាងសាយណាប បើករថយន្តមួយគ្រឿងដឹកប្អូនស្រី និងអ៊ំស្រីរបស់ខ្លួន ប្រហែលជាបើកលឿនពេកទើបធ្លាក់ចុះស្ទឹងស្លាប់ទាំងអស់គ្នា ខណៈរថយន្តឡិចស៊ីស ដែលបើកបរដោយសាហ្វៀ បានមកដល់ផ្ទះសំណាក់រង់ចាំយ៉ាងយូរនៅតែអត់ឃើញ ។ ថ្វីបើពួកគេសម្អាងដូច្នេះ តែប៉ូលិសដែលពិនិត្យតម្រុយច្បាស់លាស់មានការសង្ស័យពីដំបូងថា នេះជា ឃាតកម្មរៀបគម្រោងមុន ។ ភស្តុតាងគឺជាបំណែកចង្កៀងហ្វារថយន្តឡិចស៊ីស ដែលសាហ្វៀបើកបរនោះឃើញធ្លាក់នៅកន្លែងកើតហេតុ ហើយក្បាលរថយន្តក្រពឹតស៊ីគ្នាជាមួយស្នាមក្រពឹតគូទរថយន្តដឹកជនរងគ្រោះទាំងបួនរូប ។ នេះជាការបុករុញទម្លាក់ចុះទឹកយ៉ាងពិតប្រាកដ ។
តាមកំណត់ហេតុកោសល្យវិច័យ គឺជនរងគ្រោះទាំងបួននាក់ស្លាប់ដោយឈ្លក់ទឹក ។ ប៉ុន្តែប៉ូលិសសង្ស័យពួកគេត្រូវជ្រមុជទឹកសម្លាប់តាំងពីមុនរថយន្តធ្លាក់ចុះក្នុងស្ទឹង ព្រោះសពទាំងអស់មានលក្ខណៈដូចលើកញាត់ចូលរថយន្ត ។ ប៉ូលិសបានឱ្យដឹងថាគ្មានស្លាកស្នាមរើបម្រះប្រវេប្រវាក្នុងទឹកឡើយ ។ ពិសេសនារីបងដែលជាអ្នកបើករថយន្តអត់មានពាក់ខ្សែក្រវាត់សុវត្ថិភាព លុះរថយន្តធ្លាក់ទឹក ទ្វារនៅជាប់ខ្លួនរបើកចំហធ្លុង តែគ្មានស្លាកស្នាមនៃភាពប្រវេប្រវា ប្រឹងស្ទុះចេញពីក្នុងរថយន្តសោះ បែរជាអង្គុយយ៉ាងស្រួលគ្មានការរង្កៀកខ្លួនទៅណាសូម្បីបន្តិច ។ ដោយជឿថាពិតជាឃាតកម្មមានគម្រោងគិតទុកជាមុន ថ្ងៃទី១៨ កក្កដា ២០១០ ប៉ូលិសលួចភ្ជាប់ឧបករណ៍ថតសម្លេងក្នុងរថយន្តឡិចស៊ីស របស់សាហ្វៀ ដើម្បីរកភស្តុតាងសម្រាប់ចោទប្រកាន់ ។ ទីបំផុតអ្វីៗបានកើតឡើងដូចជាការពិតមែន ។ សាហ្វៀ និងប្រពន្ធទី២ ព្រមទាំងកូនអាយុ២០ឆ្នាំ និយាយគ្នាញឹកញាប់ក្នុងរថយន្តពាក់ព័ន្ធដល់អាកប្បកិរិយាគួរឱ្យស្អប់ខ្ពើមរបស់យុវនារីទាំង៣នាក់ ដែលងាកចេញឆ្ងាយពីគន្លងសាសនាសមតែស្លាប់អ៊ីចឹង ហើយរ៉ូណា អាមៀរ ក៏សមតែស្លាប់ដូចគ្នា ព្រោះពូកែណាស់ខាងកាន់ជើងក្មេងស្រីក្រៅគន្លងសាសនាអ៊ិស្លាម ។
គេដឹងថា ចាប់ពីឆ្នាំ២០០២ដល់ឆ្នាំ២០១០ នៅប្រទេសកាណាដា មាននារី១២នាក់ត្រូវសម្លាប់ដើម្បីកិត្តិយស ។ រឿងក្តីមួយដែលកាត់ទោសជាសាធារណៈកាលពីឆ្នាំ២០១០ គឺរឿងក្តីជនជាប់ចោទអម្បូរប៉ាគីស្ថានឈ្មោះមូហាមេដ ប៉ាវេស រឹតកសម្លាប់កូនស្រីរបស់ខ្លួនឈ្មោះអាត់សា ព្រោះតែនាងមិនចូលចិត្តពាក់ស្បៃបាំងមុខ មិនចូលចិត្តប្រើសម្លៀកបំពាក់ប្រពៃណីស្រី្តប៉ាគីស្ថាន និងមានមិត្តជាស្រីសាសន៍ផ្សេង មិនមែនស្រីប៉ាគីស្ថាន ។ កូនប្រុសអាយុ២៩ឆ្នាំម្នាក់របស់ប៉ាវេស ទទួលទោសជាមួយឪពុកព្រោះរួមដៃជាមួយឪពុករឹតកនាងអាក់សា រហូតដល់ដាច់ខ្យល់ស្លាប់ ។សវនាការតុលាការលើកនេះមិនខុសពីសវនាការឆ្នាំ២០១០ កាត់ទោសឪពុកកូនប៉ាវេសឡើយ ។ ការកាត់ទោសសាហ្វៀ រួមជាមួយប្រពន្ធទីពីរ និងកូនអាយុ២០ឆ្នាំ បង្កើតឱ្យមានការជជែកដេញដោលយ៉ាងតឹងតែងជុំវិញគោលនយោបាយពហុវប្បធម៌របស់កាណាដាក្នុងរយៈពេល៤០ឆ្នាំកន្លងមក ។ មនុស្សមួយចំនួននិយាយថា អាជ្ញាធរអនុគ្រោះដល់ភាពខុសគ្នានៃវប្បធម៌ខ្លាំងពេក ទើបកើតមានអំពើឃោរឃៅលើមនុស្សស្រីធ្ងន់ ។
ថ្មីៗនេះរដ្ឋាភិបាលកាណាដា បានពិនិត្យឡើងវិញពីហេតុការណ៍អាក្រក់នានាកន្លងមក ហើយប្រកាសម៉ឺងម៉ាត់ថានឹងមិនបន្ធូរដៃដាច់ខាតចំពោះវប្បធម៌ប្រឆាំងមនុស្សជាតិ មានដូច«សម្លាប់មនុស្សដើម្បីកិត្តិយស» កាត់ប្រដាប់ភេទនារី អាពាហ៍ពិពាហ៍បង្ខិតបង្ខំ ឬអំពើហិង្សាប្រឆាំងនារីជាដើម ៕
ចែករំលែកព័តមាននេះ