រាជធានីភ្នំពេញ ៖ អ្នកបើកបររថយន្ដកូរ៉ូឡាងោកមួយផាំងបើកភ្នែកវិញចាំងភ្លើងហ្វារថយន្ដធ្វើឱ្យជ្រុលចង្កូតទៅបុកក្បាលព្រួញចែកផ្លូវខូចខាតអស់៥កង់ កាលពីវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី២៩ មីនា តាមបណ្ដោយវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ដកូរ៉ូឡា ពណ៌ស បើកតាមវិថីព្រះមុនីវង្ស ពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចខាងលើជ្រុលទៅបុកក្បាលព្រួញចែកផ្លូវបណ្ដាលឱ្យខូចខាតអស់៥កង់។ បើតាមសម្ដីអ្នកបើកបររថយន្ដឱ្យដឹងថា គាត់បើករថយន្ដពីខេត្ដសៀមរាបមកអត់ងងុយដេកទេ លុះមកដល់ចំណុចកើតហេតុងោកមួយផាំងបើកភ្នែកឡើងចាំងនឹងភ្លើងហ្វារថយន្ដមើលអ្វីមិនឃើញក៏ជ្រុលចង្កូតទៅបុកក្បាលព្រួញចែកផ្លូវ បណ្ដាលឱ្យរលំខូចខាតតែម្ដង។ ចំណែករថយន្ដបែកកង់មុខខាងឆ្វេង និងផ្ទុះពោងសុវត្ថិភាព ។
ក្រោយពេលកើតហេតុរថយន្ដបង្កត្រូវសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីសងការខូចខាត ៕
ចែករំលែកព័តមាននេះ