ខេត្តប៉ៃលិន ៖ យុវជនម្នាក់បានរងរបួសធ្ងន់ខណៈកំពុងអង្គុយលេងកម្សាន្តនៅសួនកុមារនាចុងសប្តាហ៍ជាមួយបងប្អូនចំនួន៣នាក់ ស្រាប់តែត្រូវជនដៃដល់មួយក្រុមជិះម៉ូតូមកឈប់ក្បែរ រួចកាប់ពីក្រោយមួយកាំបិតចំពីលើក្បាលបណ្តាលឱ្យស្រាំលលាដ៍ និងដកស្នាប់ដៃដាល់ថែមចំគុម្ពត្រចៀកខាងឆ្វេងរយះហូរឈាមរួចរត់គេចបាត់ស្រមោល ។ ជនរងគ្រោះត្រូវបានបងប្អូនដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដេរអស់៦ថ្នេរ ឈ្មោះដូច សុខឌី អាយុ២១ឆ្នាំ រស់នៅភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២៤ មីនា នៅលើបរិវេណសួនកុមារទល់មុខសាលាខេត្ត ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ។
ឈ្មោះដូច ចិន្តា ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាប្អូនជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុពួកគេទាំងបីនាក់បងប្អូន ១-ឈ្មោះដូច សុខឌី ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាបងបង្កើត ២-ឈ្មោះហាវ ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាបងជីដូនមួយ និង៣-គឺរូបនាង បាននាំគ្នាជិះម៉ូតូមួយគ្រឿងពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ចេញពីផ្ទះ ដោយឌុបគ្នាមកដើរលេងកម្សាន្តថ្ងៃចុងសប្តាហ៍នៅសួនកុមារ ។ អង្គុយលេងលើឥដ្ឋការ៉ូនៅទីនោះរហូតដល់ម៉ោង១០និង៣០នាទីយប់ក៏បបួលគ្នាត្រឡប់ទៅផ្ទះវិញ ព្រោះខ្លាចឪពុកម្តាយស្តីបន្ទោស និងនៅយប់ជ្រៅខ្លាចក្រែងប៉ូលិសផាកពិន័យ កាលណានៅលេងទីនោះលើសពីម៉ោង១១យប់ ។ ប្រភពបានបន្តទៀតថា គ្រាន់តែនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែមានយុវជនមួយក្រុមមានគ្នា៥នាក់ក្នុងនោះរូបនាងស្គាល់តែម្នាក់គត់ជាជនដៃដល់គឺឈ្មោះធឿន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានឈប់ម៉ូតូ រួចដើរចុះដើរឡើងដោយពង្រាយគ្នាខាងណេះម្នាក់ ខាងណោះ២នាក់មើលទៅគួរឱ្យសង្ស័យ ។
ភ្លាមនោះជនដៃដល់ឈ្មោះធឿន បានដើរមកក្បែរពួកខ្លួនទាំង៣នាក់ ហើយទាញយកកាំបិតចេញពីចង្កេះកាប់ក្បាលបងប្រុសរបស់នាងមួយកាំបិត បណ្តាលឱ្យហូរឈាមពេញខ្លួន បន្ទាប់មកបានដកយកស្នាប់ដៃមកដាល់ត្រូវគុម្ពត្រចៀកខាងឆ្វេងបន្ថែមទៀត ។ ស្ថិតក្នុងស្ថានភាពស្លន់ស្លោរូបនាងមិនដឹងជាធ្វើយ៉ាងណាក៏ស្រែកឱ្យអ្នកដែលនៅក្បែៗនោះជួយតែគេមិនហ៊ានព្រោះជនដៃដល់មានគ្នាច្រើន ។ ក្រោយពីនាងស្រែកយំដោយឃើញបងប្រុសរងរបួសធ្ងន់ ទើបជនដៃដល់ទាំង៥នាក់នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ចំណែកបងប្រុសរបស់នាងត្រូវបានបងជីដូនមួយដឹកយកមកមន្ទីរពេទ្យបង្អែកខេត្ត ។
ជនរងគ្រោះបាននិយាយថា ខ្លួនមិនដែលមានទំនាស់អ្វីជាមួយជនដៃដល់ឈ្មោះធឿន នេះទេ ណាមួយខ្លួនក៏ស្គាល់ឈ្មោះធឿន នេះមិនច្បាស់ផងគ្រាន់តែដឹងថា ជនដៃដល់រូបនេះពីមុនរៀននៅសាលាជាមួយគ្នា តែក្រោយមកឈប់រៀនរៀងៗខ្លួន ហើយខ្លួនស្ទើរតែភ្លេចឈ្មោះគេបាត់ទៅហើយ ។ យុវជនរូបនេះបានបន្តទៀតថា ជនដៃដល់យកកាំបិតមកកាប់ខ្លួនប៉ុនប៉ងសម្លាប់តែម្តង តែសំណាងល្អពេលជនដៃលើកកាំបិតកាប់នោះខ្លួនបានឱនផុតបន្តិច ទើបបណ្តាលឱ្យចំក្បាល ។ តាមមើលទៅជនដៃដល់មិនមែនកាប់ក្បាលទេ គឺបម្រុងកាប់ផ្តាច់កឱ្យដាច់ស្លាប់តែម្តង ព្រោះកាំបិតរបស់គេនោះមុតខ្លាំងណាស់ ។ ក្រោយពីកាប់ខ្លួនរួចក្រុមជនដៃដល់បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
ទោះបីជាយ៉ាងណាក៏ដោយជនដៃដល់ម្នាក់ត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដូច្នេះមិនយូរមិនឆាប់នឹងត្រូវសមត្ថកិច្ចក្របួចបានទាំងអស់យកមកផ្តន្ទាទោសតាមច្បាប់៕
ចែករំលែកព័តមាននេះ