រាជធានីភ្នំពេញ ៖ ទីបំផុតទៅប្រធានស្តីទីគណបក្សសមរង្ស៊ី លោក គង់ គំា នៅតែមិនអាចកាន់តំណែងជាអនុប្រធានទី២ ព្រឹទ្ធសភា បាននោះទេ បន្ទាប់ពីបរាជ័យ នៅក្នុងការបោះឆ្នោតកាលពីព្រឹកថ្ងៃទី២៤ មីនា ២០១២ ។ នៅក្នុងលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃម្សិលមិញផងដែរ សម្តេចជា ស៊ីម បានបន្តកាន់តំណែងជាប្រធានព្រឹទ្ធសភាដដែល លោកសាយ ឈុំ ជាអនុប្រធានទី១ព្រឹទ្ធសភា និងលោកទេព ងន ត្រូវបន្តកាន់តំណែងជាអនុប្រធានទី២ព្រឹទ្ធសភា ។
គួរបញ្ចាក់ថា ព្រឹទ្ធសភានីតិកាលទី៣ បានបើកសម័យប្រជុំលើកដំបូងរបស់ខ្លួនកាលពីព្រឹកថ្ងៃទី២៤ មីនា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់សម្តេចប្រធានរដ្ឋសភា ហេង សំរិន សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និង អង្គទូតបណ្តាប្រទេសជាមិត្តប្រចាំកម្ពុជាជាច្រើនរូប ។ បន្ទាប់ពីព្រះមហាក្សត្រកម្ពុជា នរោត្តមសីហមុនី បានបញ្ចប់ព្រះរាជសុន្ទរកថាសម័យប្រជុំបានបន្តដោយក្នុងនោះមានការប្រកាសសុពលភាពសមាជិកព្រឹទ្ធសភា និងរៀបចំការបោះឆ្នោតជ្រើសតំាងប្រធានព្រឹទ្ធសភា អនុប្រធានទី១ និងទី២នៃព្រឹទ្ធសភា ។ នៅរសៀលថ្ងៃដដែលនោះដែរ ប្រធាន អនុប្រធានព្រឹទ្ធសភាទាំង២ និងសមាជិកសមាជិកាព្រឹទ្ធសភាទំាងអស់បានទៅស្បថចូលកាន់មុខតំណែងនៅក្នុងព្រះបរមរាជវំាងនៅចំពោះមុខព្រះភ័ក្ត្រព្រះមហាក្សត្រកម្ពុជា និងព្រះសង្ឃរាជទំាង២គណៈ ។
សូមបញ្ជាក់ផងដែរថា សមាជិកព្រឹទ្ធសភានីតិកាលទី៣នេះ មានចំនួន៦១រូប ក្នុងនោះ ៥៧រូប បានមកពីការបោះឆ្នោតអសាកលកាលពីថ្ងៃទី២៩ មករាកន្លងមកនេះ ដោយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងអ្នកតំណាងរាស្រ្តក្នុងតំណែង ។ ២រូបជ្រើសតំាងឡើងដោយព្រះមហាក្សត្រកម្ពុជា គឺលោកអ៊ុំ ម៉ាន្នូរិន និងលោក អ៊ៀវ ប៉ុណ្ណកា និង២រូបទៀតជ្រើសតំាងឡើងដោយរដ្ឋសភាតាមរយៈការបោះឆ្នោតកាលពីថ្ងៃទី១២ មីនា កន្លងមកនេះ ដែលបានទៅលើសម្តេចព្រះរាម នរោត្តម បុបា្ផ ទេវី និងសម្តេច
ស៊ីសុវត្ថិជីវ័ន្ត មុនីរក្ស ។ គួរបញ្ជាក់ផងដែរថា អាណត្តិរបស់ព្រឹទ្ឋសភាមានរយៈពេល៦ឆ្នាំ ៕
ចែករំលែកព័តមាននេះ