ខេត្តបាត់ដំបង៖ ទំនប់សំណង់ធារាសាស្រ្ត «កង្ហត»ដែលកំពុងស្ថាបនាដោយក្រុមហ៊ុនចិន មួយនៅក្នុងឃុំកន្ទឺ២ ស្រុកបាណន់ អាចចាត់ទុក ថាជាសំណង់ដែលធំជាងគេក្នុងចំណោមទំនប់ ធារាសាស្រ្តនានាក្នុងប្រទេសកម្ពុជា។ នេះបើតាម ប្រសាសន៍លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានថ្លែងកាលពីថ្ងៃចន្ទសប្ដាហ៍មុនក្នុងឱកាសអញ្ជើញជាគណៈអធិបតីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៧ពីខេត្តបាត់ដំបងទៅកាន់ខេត្តប៉ៃលិន ។
លោកស ខេង ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋរាប់ពាន់នាក់ថា ទំនប់ទឹក«កង្ហត»ដ៏ធំសម្បើមនេះកំពុងស្ថាបនាដោយក្រុមហ៊ុនចិនមួយដែលត្រូវចំណាយថវិកាប្រមាណ៦០លានដុល្លារជាជំហានដំបូង ។ ប៉ុន្តែអាចចំណាយរាប់សិបលានដុល្លាបន្ថែមទៀត ដើម្បីឲ្យទំនប់នេះអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានប្រសិទ្ធភាព ។ លោកបានថ្លែងថា ទំនប់«កង្ហត»ជាសំណង់ធារាសាស្រ្តដ៏ធំជាងគេ ក្នុងចំណោមទំនប់ធារាសាស្រ្តនានាក្នុងប្រទេសកម្ពុជា ។
ប្រជាពលរដ្ឋភាគច្រើនក្នុងខេត្តបាត់ដំបង បានស្វាគមន៍ចំពោះការបង្កើតឲ្យមានប្រព័ន្ធប្រឡាយទឹកនេះដែលពួកគេសង្ឃឹមថា ប្រព័ន្ធទឹកនេះអាចធ្វើឲ្យពួកគេបង្កើនរបរកសិកម្មបានច្រើនផ្នែកទៀត ខណៈដែលកន្លងមកពួកគេធ្វើបានតែស្រូវវស្សាមួយមុខប៉ុណ្ណោះ ។ គ្មានទឹកសម្រាប់ធ្វើស្រែប្រាំងឬដាំដំណាំកសិកម្មផ្សេងៗទៀតបាន ។ ប្រជាកសិករម្នាក់នៅឃុំភ្នំសំពៅលោកជា វ៉ាន់ អាយុ៥១ឆ្នាំ បាននិយាយថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តនេះបានប៉ះពាល់ដីស្រែរបស់គាត់មួយចំនួនតែលោកមិនប្រកែកទេ ព្រោះវាធ្វើឲ្យគាត់អាចចំណេញផ្នែកកសិកម្មទៅអនាគត ។ គាត់ប្រាប់ថា ពេលដែលប្រព័ន្ធទឹកនេះដំណើរការគ្រួសារគាត់អាចប្រើប្រាស់ទឹកនេះបានយ៉ាងស្រូល ព្រោះប្រព័ន្ធទឹកនេះនៅជាប់ដីរបស់គាត់ទាំងសងខាង ដូច្នេះស្រែរបស់គាត់ដែលធ្លាប់តែធ្វើបានតែស្រូវវស្សាកន្លងមក និងអាចធ្វើស្រូវប្រាំងបាននៅពេលខាងមុខ ហើយក្រៅពីដំណាំស្រូវគាត់ក៏អាចយកទឹកនេះស្រោចស្រពដំណាំផ្សេងៗទៀតបានដែរ ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់ថា មិនមែនតែប្រជាពលរដ្ឋក្នុងស្រុក បាណន់មួយទេដែលប្រើប្រាសទឹកនេះ បានគឺប្រជាពលរដ្ឋនៅស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោលក៏អាចទាញទឹកនេះយកទៅប្រើប្រាស់បានដែរព្រោះយើងបានរៀបចំប្រព័ន្ធប្រឡាយ ដើម្បីទាញយកទឹកនេះពីតំបន់នោះជាច្រើនខ្សែ។ លោកបានបន្ថែមថា ប្រព័ន្ធប្រឡាយនេះមានប្រវែងរាប់រយគីឡូម៉ែត្រដែលមានប្រឡាយមេ និងប្រឡាយតូចៗផង ។ ដូច្នេះនេះជាការគិតគួរមួយរបស់រាជរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាទឹកសម្រាប់បង្កបង្កើនផលឲ្យបានគ្រប់វិស័យ ដល់ប្រជាកសិករយើង។
ទំនប់«កង្ហត»មានប្រវត្តិដើមតាំងពីសម័យកម្ពុជាប្រជាធិបតេយ្យ(របបខ្មែរក្រហម) ដែលរបបនេះបានប្រើប្រាស់មនុស្សរាប់ពាន់នាក់ដើម្បីស្ថាបនាទំនប់នេះឡើង ក្នុងគោលបំណងសម្រាប់ស្រោចស្របដំណាំកសិកម្មដូចគ្នាដែរ ។ សំណង់ នេះត្រូវបានគេស្ថាបនាទប់ស្ទាក់ទឹកដងស្ទឹងសង្កែ តែម្ដងដែលមានទីតាំងនៅចំណុច«កង្ហត» ស្ថិត ក្នុងភូមិទូលអណ្ដែត ឃុំកន្ទឺ២ ស្រុកបាណន់ ។
ដោយមានតម្រូវការចាំបាច់ផ្នែកកសិកម្ម រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចស្ថាបនាប្រព័ន្ធធារាសាស្រ្តនេះជាថ្មី ដើម្បីទាញយកទឹកសម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងមួយចំនួន ប្រើប្រាស់ ។ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធបើក ការដ្ឋានសាងសង់ទំនប់ទឹកដ៏ធំសម្បើមនេះឡើង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០១០កន្លងទៅ ដែល ទទួលការស្ថាបនាដោយក្រុមហ៊ុនចិនមួយ ។
មិនទាន់អាចសុំការពន្យល់បានទេពីក្រុមហ៊ុនចិនដែលទទួលការសាងសង់ទំនប់នេះអំពីថា តើសំណង់នេះមានទំហំប៉ុនណា និងមានកម្ពស់ប៉ុន្មាន? ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត លោកឡុង ផល្គុន ក៏មិនបានគណនាអំពីសំណង់ ដ៏ធំនេះដែរ ដោយលោកប្រាប់ថា ខាងមន្ទីររបស់ លោកមិនមានរបាយការណ៏ពីក្រុមហ៊ុនចិននេះ ទេ។ គេក៏មិនទាន់ដឹងថា សំណង់នេះនិងអាច បញ្ចប់ការសាងសង់នៅពេលណាដែរ៕
ចែករំលែកព័តមាននេះ