ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ និងផលប៉ះពាល់​នៃជំងឺស្រឺត

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្រឺត គឺជាភាសា​សាមញ្ញ​មួយដែល​ប្រជាជនខ្មែរច្រើន​តែប្រើ​នៅ​ ពេលដែលមានអារម្មណ៍ស្លុត ឬក៏រន្ធត់ ខណៈជួប​នឹងស្ថានភាព ឬហេតុការណ៍​អាក្រក់ណា​មួយ។ ជំងឺស្រឺតអាចធ្វើឱ្យលោកអ្នក​មានការ​រន្ធត់​ខ្លាំង បេះដូងដើរញាប់ ត្រជាក់​ចុងដៃ​ចុង​ជើង ឈាន​ទៅ​ដល់​ងងឹត​មុខ​ស្រវាំងភ្នែក ហើយ​អាច​ដួល​សន្លប់​

រាជធានីភ្នំពេញ ៖ ស្រឺត គឺជាភាសា​សាមញ្ញ​មួយដែល​ប្រជាជនខ្មែរច្រើន​តែប្រើ​នៅ​ពេលដែលមានអារម្មណ៍ស្លុត ឬក៏រន្ធត់ ខណៈជួប​នឹងស្ថានភាព ឬហេតុការណ៍​អាក្រក់ណា​មួយ។ ជំងឺស្រឺតអាចធ្វើឱ្យលោកអ្នក​មានការ​រន្ធត់​ខ្លាំង បេះដូងដើរញាប់ ត្រជាក់​ចុងដៃ​ចុង​ជើង ឈាន​ទៅ​ដល់​ងងឹត​មុខ​ស្រវាំងភ្នែក ហើយ​អាច​ដួល​សន្លប់​តែម្តង ។ ជំងឺ​នេះ​អាច​បង្ក​ឱ្យ​​មានផល​ប៉ះ​ពាល់​ជាច្រើន​ដល់អ្នក​ជំងឺ​​និង​អ្នក​​ដែល​នៅ​ជុំវិញ​ខ្លួន​ផងដែរ ។

លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកលវិទ្យា​នៃគ្លីនិកសាន់​រ៉ាយ​បានប្រាប់​កោះសន្តិភាព​ឱ្យដឹងថា សម្រាប់​អ្នកឯកទេសពាក្យថា ស្រឺតគឺមានន័យថា ជា​ជំងឺ​មួយក្នុងចំណោម​ជំងឺថប់​អារម្មណ៍ផ្សេងៗទៀត ​ហើយ​នៅក្នុង​ចំណោម​នៃ​ជំងឺថប់អារម្មណ៍នេះវា​មាន​ជំងឺ​ច្រើនណាស់ ប៉ុន្តែនៅក្នុងចំណោម​នោះ​វា​ក៏​មាន​​ជំងឺ​មួយដែល​លោកអ្នក​ហៅថា ជំងឺស្រឺត ឬស្លន់​ស្លោ ។ ​បុគ្គល​ម្នាក់​​ជួប​នឹង​មនុស្ស​ច្រើន ភ័យខ្លាច​ខ្លាំងអាចធ្វើឱ្យ​ស្លន់ស្លោ ភ័យខ្លាច បេះដូង​​ដើរញាប់ ត្រជាក់​ចុងដៃចុង​ជើង ហើយ​បង្កឱ្យទៅជាស្រឺតតែម្តង ។ ​ជំងឺ​​នេះវាចាប់ផ្តើម​ភ្លាមៗគ្មានការ​ព្រៀង​​​​​ទុកនោះទេ ធ្វើឱ្យបុគ្គល​នោះ​​ចាប់​ផ្តើម​រន្ធត់ បេះដូងដើរញាប់ ត្រជាក់ចុង​ដៃចុងជើង ហើយ​ក៏​ដួលតែម្តង ។ ជំងឺស្រឺតនេះ​អាច​ចែក​ជា​ច្រើន​កម្រិត​ គឺកម្រិត​ស្រាល កម្រិត​មធ្យម និង​កម្រិតធ្ងន់ធ្ងរ ទៅតាមសភាពរបស់​អ្នក​ជំងឺ​​។ ជំងឺនេះអាច​កើតមានញឹកញាប់​ជាង​គេ​ភាគច្រើន​​​ទៅ​លើ​ស្ត្រី​ភេទ​ហើយមូលហេតុដែល​បណ្តាលឱ្យកើតជំងឺនេះ​មាន​ដូចជា ៖
១-បញ្ហាសង្គម ៖ ជួបជាមួយបញ្ហា​ភ័យ​រន្ធត់​តក់ស្លុតដែលតែងកើតមាន​នៅក្នុង​ជីវិត​រ​បស់អ្នក​ជំងឺ​ផ្ទាល់ ហើយរឿងភ័យរន្ធត់តក់ស្លុត​នេះតែង​តែ​​កើត​មានញឹក​ញាប់ជាហូរ​ហែ ទោះបីជា​ហេតុ​ការណ៍នេះវាកន្លងផុតទៅច្រើនឆ្នាំ​ក៏ដោយ ប៉ុន្តែ​ខួរក្បាលបានថតទុកគ្រប់សកម្មភាព គ្រប់រូប​ភាពអាក្រក់ៗដែលកើតមានចំពោះ​បុគ្គល​នេះ​រហូត ។ ជួនកាលនៅពេលដែលបុគ្គ​ល​ម្នាក់​នេះ ជួបនឹង​ហេតុការណ៍​ភ័យរន្ធត់អ្វីមួយនោះ អារម្មណ៍ក៏គិតទៅរកហេតុ​ការណ៍ពីអតីត​ដូច​នេះ​វាងាយ​នឹងបង្កឱ្យ​កើត​មានស្រឺត​បំផុត ។
២-កត្តាជីវសាស្ត្រ ៖ ដោយសារកត្តា​ជីវ​សាស្ត្រនៅក្នុង​ខួរក្បាល មាន​បំលាស់ប្តូរ​នៅ​ក្នុង​ប្រព័ន្ធខួរក្បាល និងដោយសារ​ជាតិគីមី ឬក៏​អតុល្យ​ភាពនៃសារជាតិ​គីមីនៅក្នុង​ប្រព័ន្ធ​ប្រសាទក៏ជាដើមហេតុ បណ្តាលឱ្យមានលក្ខណៈ​ស្រឺតបានដែរ ។
៣-កត្តាចិត្តសាស្ត្រ ៖ បុគ្គលខ្លះមានកត្តា​ចិត្ត​សាស្ត្រទន់ខ្សោយ ដោយសារការលូតលាស់​ផ្នែក​ចិត្តសាស្ត្រពីនាយ​មិនប្រក្រតី ។ ដូចនេះ​ធ្វើ​ឱ្យ​បុគ្គល​ប្រភេទនេះឆាប់​ភ័យខ្លាច រន្ធត់ ឆាប់ស្រឺត និង​ឆាប់​តក់ស្លុតជាដើម ។
លោកសាស្ត្រាចារ្យវេជ្ជ​បណ្ឌិត បានបន្ថែម​ទៀតថា ចំពោះរោគសញ្ញា​នៃជំងឺ​ស្រឺតនេះមានពី​ប្រភេទ​ដូចជា ៖
១-ផ្នែករាងកាយ ៖ វាស្តែងឱ្យដឹង​តាម​រយៈ​អាការ​ដូចជាឈឺក្បាល ស្រវាំងភ្នែក រោយ.ក ស្ងួតមាត់ ថប់ដង្ហើម បេះដូងដើរ​ញាប់ ត្រជាក់​ចុងដៃចុងជើង តឹង​ណែន​ដើម​ទ្រូង​ ជួន​កាល​ចុក​ឆ្អល់​នៅ​ក្នុង​ពោះ ហើយសញ្ញានេះ​វា​កើត​ឡើង​យ៉ាង​រហ័ស​​បំផុត ។
២-អារម្មណ៍ ៖ ធ្វើឱ្យអារម្មណ៍​អ្នកជំងឺភាំងៗ​មួយរំពេច ធ្វើឱ្យអ្នកជំងឺលែងស្គាល់លែងស្តាប់​អ្នកដែលនៅជុំវិញខ្លួន ធ្វើឱ្យការតាំង​អារម្មណ៍​មិន​បានល្អ ចងចាំក៏មិនបាន បាត់​បង់​ការ​ប្រុង​ប្រយ័ត្ន​​ ធ្វើឱ្យភ័យរន្ធត់ខ្លាំងរហូតដល់គិតថា ខ្លួន​ឯង​អាចនឹងស្លាប់​ ដែល​នេះគឺជា​សញ្ញាដែល​ទាក់​ទង​ទៅនឹងអារម្មណ៍ ។
ជាការពិត​ណាស់ជំងឺស្រឺតនេះពិតជា​មាន​ផល​ប៉ះពាល់​ជាច្រើន​ដល់អ្នកជំងឺដូចជា ៖
-បើសិនជាអ្នកកើតជំងឹស្រឺតញឹក​ញាប់​នោះ​អាចជាដើមហេតុបង្ក​ឱ្យ​​កើតមានជំងឺបេះដូង នៅ​ពេលដែល​ជួប​រឿងរន្ធត់អ្វីមួយ អ្នកជំងឺអាច​មាន​គ្រោះថ្នាក់​ដល់ជីវិត ។
-ចំពោះក្រុមគ្រួសារ ឬបងប្អូន​ដែលតែងតែ​ឃើញអ្នកជំងឺស្រឺត​រហូត​ដល់​ដួលសន្លប់​បែបនេះ អ្នកដែលនៅជុំវិញ​អ្នកជំងឺ អាចមានការភ័យ​ស្លន់​ស្លោរន្ធត់តាមអ្នកជំងឺដែរ ហើយក៏អាចកើត​មាន​ជំងឺ​ស្រឺតដូចគ្នាបានផងដែរ ។

ដូច្នេះយើងត្រូវដឹងថា​ បញ្ហាជំងឺផ្លូវ​ចិត្តកើត​ចេញពីបញ្ហាសង្គម​ បញ្ហាជី​វីសាស្ត្រ និងបញ្ហា​ចិត្តសាស្ត្រ ។ ដើម្បីការពារខ្លួន​ឱ្យចៀស​ផុតពី​ការកើតមានជំងឺ​ស្រឺតនេះ លោកអ្នកត្រូវ​ដឹងថា ស្រឺតកើតឡើងដោយសារ​បុព្វហេតុអ្វី​​? គឺកើត​ឡើងដោយសារជួបរឿងអាក្រក់ ជួបរឿងភ័យ​​រន្ធត់​តក់ស្លុតនៅក្នុងជីវិត ។ ដូច្នេះបើ​ជា​លោក​អ្នក​អាចចៀស​វាងបាន គួរតែចៀស​វាង​​ដើម្បីកុំ​ឱ្យ​អារម្មណ៍ប្រឈមទៅនឹងភាព​តក់​ស្លុត រន្ធត់​ញឹក​ញាប់ពេក ។ ជាពិសេសបើ​សិន​ជា​កើត​​មាន​អាការស្រឺតញឹក​ញាប់ ឬជា​ប្រចាំ​ត្រូវ​តែ​ប្រញាប់​ទៅ​ជួបពិភាក្សាជាមួយអ្នកជំនាញ​ឱ្យ​បាន​ទាន់​ពេល​វេលា ទើបជាការប្រសើរ ៕