ខេត្តបន្ទាយមានជ័យ ៖ កូនប្រសាអគតិម្នាក់ពេលម៉ែក្មេកឡើងទៅលើផ្ទះរបស់ខ្លួនសាកថ្មទូរស័ព្ទ បែរជាចាប់គាត់រំលោភ តែមិនបានសំរេច ដោយគាត់ស្រែកឱ្យអ្នកជិតខាងជួយ និងប្តឹងកងរាជអាវុធហត្ថខេត្តឱ្យចាប់ខ្លួន។ សកម្មភាពនេះកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១១ នៅឃុំអូរសំព័រ ស្រុកម៉ាឡៃ។
លោកព្រហ្ម ថេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជនជាប់ចោទដែលត្រូវចាប់ឃាត់ខ្លួនឈ្មោះសយ តូ អាយុ២៦ឆ្នាំ ។ រីឯម្តាយក្មេកជាស្ត្រីរងគ្រោះអាយុ៤២ឆ្នាំ នៅផ្ទះក្បែរគ្នា ។ អ្នកទាំង២មានមុខរបរជាអ្នកធ្វើចំការដូចគ្នា។ មុនពេលកើតហេតុនាវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១១ ស្ត្រីជាម្តាយក្មេកបានយកទូរស័ព្ទទៅបញ្ចូលថ្មនៅលើផ្ទះរបស់កូនប្រសា ហើយស្រាប់តែគេចាប់អោបថើបគាត់ពីក្រោយ រួចរុញបញ្ចូលទៅក្នុងបន្ទប់ ចាប់ផ្តួលទៅលើគ្រែសំរាតសំលៀកបំពាក់ក្នុងបំណងចាប់រំលោភ ។ ពេលនោះស្ត្រីរងគ្រោះបានរើបំរះ និងស្រែកឱ្យគេឯងជួយទើបឮដល់កូនស្រីដែលជាប្រពន្ធរបស់បុរសជាប់ចោទ ស្ទុះរត់ឡើងមកជួយគាត់ទាន់ពេល។ បន្ទាប់មកស្ត្រីរងគ្រោះបានទូរស័ព្ទប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថស្នាក់ការលេខ៩៩៩ប្រចាំស្រុកម៉ាឡៃ ។ សមត្ថកិច្ចទៅដល់ផ្ទះកើតហេតុឃាត់ខ្លួនបុរសជាប់ចោទភ្លាម ។
លោកឱ បូរិន្ទ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ចជនជាប់ចោទឈ្មោះសយ តូ សារភាពថា គេប្រព្រឹត្តអំពើមិនគប្បីទៅលើម្តាយក្មេក ព្រោះតែស្រវឹងស្រាព្រិលភ្នែកមើលឃើញម្តាយក្មេកស្មានតែប្រពន្ធរបស់ខ្លួន។ លោកមេបញ្ជាការរងបានបញ្ជាក់បន្ថែមថា ផ្អែកតាមបណ្តឹងស្ត្រីរងគ្រោះ និងចំលើយសារភាពរបស់បុរសជាប់ចោទ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ