ខេត្តស្ទឹងត្រែង៖ ឃាតករដៃឆៅដែលបានបាញ់ប្រហារមន្ត្រីកងរាជអាវុធហត្ថស្រុកសៀមប៉ាង ចំនួនពីរនាក់បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង ខណ:ដែលមន្ត្រីកងរាជអាវុធហត្ថទាំងពីរនាក់នេះកំពុងសម្រាកនៅលើខ្ទម ក្នុងភូមិសែងម៉ា ឃុំស្រែសំបូរ ស្រុកសៀមប៉ាងកន្លងទៅ បានត្រូវសាលាដំបូងខេត្តបើកសវនាការកាត់ទោសកាលពីថ្ងៃទី២៨ កុម្ភៈកន្លងទៅ ប៉ុន្តែសាលក្រមសម្រេចត្រូវបានលើកពេលទៅថ្ងៃក្រោយ ពុំទាន់ប្រកាសទេ ។ ជាមួយនឹងការបាញ់សម្លាប់នោះ ស្ត្រីជាប្រពន្ធមន្ត្រីកងរាជអាវុធហត្ថម្នាក់ដែលស្លាប់ក៏បានលេបថ្នាំបំពុលកណ្តៀរប៉ង់ធ្វើអត្តឃាតឱ្យស្លាប់តាមប្តីក្រោយហេតុការណ៍នេះកើតឡើងជាងមួយសប្តាហ៍តែមិនបានសម្រេច។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យម្នាក់បានត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ខ្លួនកាលពីវេលាម៉ោង៨និង២០នាទី ថ្ងៃទី១៨ កុម្ភៈ ២០១១ នៅស្រុកលំផាត់ ខេត្តរតនគិរី ។ ជននេះត្រូវសង្ស័យថាបាន បាញ់ប្រហារមន្ត្រីកងរាជអាវុធហត្ថពីរនាក់បណ្តាលឲ្យស្លាប់កាលពីថ្ងៃទី១៣ កក្កដា ២០១១ វេលា រំលងអធ្រាត្រហើយរត់គេចខ្លួនទៅសម្ងំនៅស្រុកកំណើតរបស់ប្រពន្ធ ។ ដោយមានការតាមដានស្រាវជ្រាវរបស់កម្លាំងកងរាជអាវុធហត្ថ ជនសង្ស័យត្រូវបានឃាត់ខ្លួនខណ:កំពុងហូបអាហារពេលព្រឹកតាមដងផ្លូវមួយជិតកំពង់ចម្លងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បន្ទាប់ពីលោកអធិការនគរបាលស្រុកលំផាត់ហៅតាមទូរស័ព្ទមកបំភ្លឺលើករណីឃាតកម្មក្នុងខេត្តស្ទឹងត្រែង ហើយក៏ត្រូវកម្លាំងកងរាជអាវុធហត្ថចាប់បញ្ជូនតាមរថយន្តមកដល់ខេត្តស្ទឹងត្រែងដើម្បីសាកសួរបន្ត ។
លោក ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ក្រោយពីមានករណីឃាតកម្មលើមន្ត្រីកងរាជអាវុធហត្ថចំនួនពីរនាក់កាលពីថ្ងៃទី១៣ កក្កដា ២០១១ វេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រក្នុងភូមិសែងម៉ា ឃុំស្រែសំបូរ ស្រុកសៀមប៉ាង កើតឡើង លោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី សៀ សម្បត្តិ ចាត់កម្លាំងជំនាញមួយក្រុមដឹកនាំដោយលោកវរសេនីយ៍ទោគង់ សត្ថារិន នាយរងការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះស្រាវជ្រាវដោយសហការជាមួយកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងរហូតឈានដល់កំណត់មុខសញ្ញាបាន ។ នៅថ្ងៃទី១៨ កក្កដា ២០១១ វេលាម៉ោង ៨និង២០នាទីព្រឹក កម្លាំងជំនាញបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះកេង តេង ហៅផន អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិលន់ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ជននេះត្រូវបានចាប់ខ្លួននៅចំណុចកំពង់ចម្លងភូមិថ្មី(ឡឥដ្ឋ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ជាស្រុកកំណើតប្រពន្ធទីពីររបស់ខ្លួន ។
តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា មូលហេតុដែលនាំឲ្យឈានទៅដល់ការបាញ់ប្រហារលើជនរងគ្រោះទាំងពីរនាក់គឺដោយសាររឿងគំនុំខឹងនឹងការបង្ក្រាបបទល្មើសព្រៃឈើកន្លងមក ហើយបានរៀបចំគម្រោងការទុកជាមុនរយៈពេលកន្លះខែមកហើយ ក្រោយពីបាញ់សម្លាប់រួច ខ្លួនបានយកអាវុធជនរងគ្រោះមួយដើមម៉ាកអាកា៤៧ ទៅកប់ដីលាក់ទុកនៅក្រោយផ្ទះម្តាយរបស់ខ្លួនក្នុងភូមិលន់ ឃុំសេកុង ស្រុកសៀមប៉ាង ។
លោកមេបញ្ជាការបន្តថា ចំណែកអាវុធមួយដើមទៀតដែលជារបស់ជនសង្ស័យប្រើប្រាស់ធ្វើសកម្មភាពបាញ់ជនរងគ្រោះ មន្ត្រីកងរាជអាវុធហត្ថកំពុងស្រាវជ្រាវបន្ត ។ ជនសង្ស័យរូបនេះមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារនិងពាក់ព័ន្ធករណីប្លន់ជាច្រើនដងនៅចន្លោះឆ្នាំ១៩៨៥ និងឆ្នាំ១៩៨៦ហើយត្រូវបាននគរបាលឃាត់ខ្លួនពីរឿងកែច្នៃអាវុធខ្លីម៉ាកកា៥៩ធ្វើពីដីដំបូក តែក្រោយពេលចាប់ខ្លួនជននេះបានកាច់ខ្នោះរត់គេចខ្លួន ។
នៅឆ្នាំ១៩៨៧ ជននេះបានធ្វើសកម្មភាពប្លន់ផ្ទះជនជាតិនៅភូមិបានហួយ ឃុំសេកុង ស្រុកសៀមប៉ាង ជាមួយបក្សពួកចំនួន៦នាក់ប្រដាប់ដោយអាវុធអាកា៤៧ ចំនួន៣ដើម បន្ទាប់មកត្រូវនគរបាលចាប់ខ្លួនទាំងអស់គ្នាដាក់ពន្ធនាគារខេត្តស្ទឹងត្រែងចំនួន៦ឆ្នាំ ។ នៅឆ្នាំ១៩៩៥ ជននេះនិងបក្សពួក២នាក់ទៀត បានធ្វើសកម្មភាពលួចម៉ាស៊ីនទូកនៅភូមិ បានហួយ ឃុំសេកុង ហើយត្រូវនគរបាលខេត្តចាប់ខ្លួនទាំង០៣នាក់ រួចដោះលែងវិញបន្ទាប់ពីបង់ប្រាក់ម្នាក់៥០ម៉ឺនរៀល ។ នៅឆ្នាំ១៩៩៨និងឆ្នាំ១៩៩៩ បានធ្វើសកម្មភាពលួចក្របីចំនួន១៥ក្បាលនៅភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន ដែលមានបក្សពួកចំនួន៨នាក់ ក្រោយពីយកទៅលក់នៅប្រទេសឡាវក៏បានប្រាក់ចែកគ្នាម្នាក់៥.០០០បាត ក្នុងនោះក៏មានចំណែកឈ្មោះហ្វង អតីតអធិការនគរបាលស្រុកសៀមប៉ាង បានទទួល៥.០០០បាតដែរ ។ ចាប់ពីពេលនោះមកជនសង្ស័យរូបនេះ បានទៅយកប្រពន្ធឈ្មោះមុត ផន (ជាប្រពន្ធទី២) រស់នៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី រហូតមកទល់នឹងបច្ចុប្បន្ន។
គួររំលឹកថា មន្ត្រីកងរាជអាវុធហត្ថពីរនាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ដោយសារតែការបាញ់ប្រហារពីសំណាក់ជនមិនស្គាល់មុខកាលពីវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រថ្ងៃទី១៣ កក្កដា ក្នុងខ្ទមមួយកន្លែងនៅភូមិសែងម៉ា ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខណ:មន្ត្រីកងរាជអាវុធហត្ថទាំងពីរនាក់នោះចុះបង្ក្រាបបទល្មើសព្រៃឈើ ។ មន្ត្រីកងរាជអាវុធហត្ថដែលត្រូវបានបាញ់ប្រហារស្លាប់លើខ្ទមនេះម្នាក់ឈ្មោះប៊ុន វិនវីឡា អាយុ២២ឆ្នាំ មានស្រុកកំណើតភូមិហាងឃូសូន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ជាមន្ត្រីកងរាជអាវុធហត្ថស្រុកសៀមប៉ាង និងម្នាក់ទៀតឈ្មោះច័ន្ទ បូហេង អាយុ២១ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសទើប នឹងផ្លាស់ពីភ្នំពេញមក ហើយទៅសហការជាមួយមន្ត្រីកងរាជអាវុធហត្ថស្រុកសៀមប៉ាង ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជាមន្ត្រីកងរាជអាវុធហត្ថទាំងពីរនាក់បានជិះទូកតាមដងទន្លេពីស្រុកសៀមប៉ាងមកដល់ភូមិកើតហេតុខាងលើ ក៏សុំខ្ទមអ្នកភូមិសម្រាកដើម្បីចាំបង្ក្រាបបទល្មើសព្រៃឈើតែដោយយប់កាន់តែជ្រៅទើបសុំខ្ទមគេដេក ។ លុះដល់វេលារំលងអធ្រាត្រស្រាប់តែឮស្នូរគ្រាប់កាំភ្លើងផ្ទុះផ្ទួនៗគ្នាចំនួនប្រាំគ្រាប់ហើយជនដៃដល់បានជិះទូកមួយគ្រឿងទៀតត្រឡប់ឡើងទៅស្រុកសៀមប៉ាងវិញ ។ ស្ថិតក្នុងហេតុការណ៍ដ៏តានតឹងនេះស្រាប់តែពីរថ្ងៃក្រោយមកមានហេតុការណ៍ភ្ញាក់ផ្អើលមួយទៀតដោយស្ត្រីជាប្រពន្ធមន្ត្រីកងរាជអាវុធហត្ថឈ្មោះប៊ុន វីនវីឡា ដែលត្រូវឃាតករសម្លាប់ គឺអ្នកស្រីឆិន ស្រីចាន់ អាយុ២០ឆ្នាំ បានយកថ្នាំបំពុលកណ្តៀរមកលាយជាមួយនំបុ័ងហូប ដើម្បីធ្វើអត្តឃាតតាមប្តីតែការប៉ងសម្លាប់ខ្លួននេះមិនបានសម្រេចទេដោយក្រុមគ្រួសារសាច់ញាតិនិងគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ។
ក្រោយការស៊ើបអង្កេតយ៉ាងដុតដៃដុតជើងដ៏ក្តៅគគុកនោះ ឃាតករត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវវែកមុខរកឃើញ ហើយនាំខ្លួនទៅរកទីតាំងលាក់អាវុធដែលយកមកធ្វើសកម្មភាពបាញ់ប្រហារលើមន្ត្រីកងរាជអាវុធហត្ថខាងលើនិងធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ