រាជធានីភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿងដេញធាក់គ្នាតាមផ្លូវសាធារណៈ ហើយគេចពីម៉ូតូទៅចូលកង់មុខរថយន្ដបណ្ដាលឱ្យរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង៩និង៥នាទីយប់ ថ្ងៃទី២១ កុម្ភៈ ២០១២ ត្រង់ចំណុចមុខក្លោងទ្វារវត្ដដំបូកខ្ពស់ នៅលើកំណាត់ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមស្ទាវមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង ក្នុងនោះម៉ូតូស្មាស់ពណ៌ទឹកប៊ិច ជិះគ្នា២នាក់ និងម៉ូតូឌ្រីមសេ១១០ ស៊េរី២០១២ ពណ៌ខ្មៅ ជិះគ្នា៣នាក់ ដេញតាមធាក់ម៉ូតូស្មាស់ និងមានកាន់ខ្សែក្រវាត់នៅនឹងដៃ បើកតាមផ្លូវលេខ២៧១ ពីកើតទៅលិច។ ខណៈមកដល់មុខក្លោងទ្វារវត្ដដំបូកខ្ពស់ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកបើកពីមុខរថយន្ដតូយ៉ូតា ពណ៌ខ្មៅ ពីលិចទៅកើតក្នុងទិសដៅបញ្ច្រាសគ្នា ។
ប្រភពព័ត៌មានបន្ដទៀតថា ស្របពេលនោះស្រាប់តែម៉ូតូឌ្រីមសេ១១០ ស៊េរី២០១២ បានធាក់ម៉ូតូស្មាស់មួយជើង ជ្រុលចូលគំនូសខាងឆ្វេង បណ្តាលឱ្យម៉ូតូស្មាស់បើកគេចនឹងម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកនោះជ្រុលទៅបុកកង់មុខចំហៀងខាងឆ្វេងរថយន្តពេញទំហឹង បណ្ដាលឱ្យមនុស្ស២នាក់ផ្លោងទៅបោកនឹងកញ្ចក់រថយន្ដរងរបួសធ្ងន់ ។ ចំណែកម៉ូតូស្មាស់ប៉ើងប្រមាណ៦ម៉ែត្របាក់ខ្ទេចកង់មុខទាំងស្រុង ។ ជនរងគ្រោះត្រូវរថយន្ដសាមុយដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀតទាំងពីរនាក់ ។
ប្រភពបន្តឱ្យដឹងទៀតថា ជនរងគ្រោះទាំង២នាក់ម្នាក់ឈ្មោះកែវ ចាន់ឆៃយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រងរបួសមុខនិងក្បាលធ្ងន់ធ្ងរ ចំណែកជនរងគ្រោះអង្គុយពីក្រោយឈ្មោះឡុង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាមិត្ដភក្ដិស្នាក់នៅជិតគ្នារងរបួសបាក់មេជើងទាំងពីរ និងរយះឆ្អឹងជំនីរ ៕
ចែករំលែកព័តមាននេះ