ខេត្តកំពង់ចាម ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលចម្ការកៅស៊ូជប់បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះឈិន សុខគង់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅឃុំជប់ ស្រុកត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៣ កុម្ភៈ ២០១២ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ជាប់ចោទពីបទរំលោភសេពសន្ថវៈលើក្មេងស្រីជំទង់ម្នាក់ អាយុ១៧ឆ្នាំ រស់នៅឃុំ-ស្រុកជាមួយគ្នា ។
លោកវរសេនីយ៍ទោ សាន សុភា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១៣ កុម្ភៈ ស្រ្តីឈ្មោះចន គន្ធា អាយុ៣៤ឆ្នាំ រស់នៅឃុំជប់ បានប្រើប្អូនស្រីឲ្យឌុបក្មួយទៅរៀននៅវិទ្យាល័យសម្តេចម៉ែ រហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹក មិនឃើញត្រឡប់មកផ្ទះវិញ ។ ដោយមានការសង្ស័យក្រែងមានបញ្ហាអ្វីកើតឡើងស្ត្រីជាបងក៏ប្រញាប់ជិះម៉ូតូ១ គ្រឿងទៀតទៅតាមរកប្អូនស្រី។ លោកវរសេនីយ៍ទោ សាន សុភា ប្រាប់បន្តថា ពេលដែលបងស្រីកំពុងតែដើរតាមរកប្អូន ស្រាប់តែប្រទះឃើញប្អូនឈ្មោះ «ស.ច.រ» ស្ថិតនៅផ្ទះរបស់ឈ្មោះស៊ាន ចាន់ថុល នៅឃុំជប់ កំពុងដេកនៅលើប៉ៅអ៊ី រំពេចនោះស្រាប់តែឃើញជនសង្ស័យឈ្មោះឈិន សុខគង់ ត្រូវជាកូនម្ចាស់ផ្ទះបានស្ទុះងើនលើកខោរត់ចេញទៅតាមទ្វារក្រោយយ៉ាងប្រញាប់ ។ ឃើញសភាពបែបនេះ ស្រ្តីជាបងបានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចម្ការកៅស៊ូជប់ដើម្បីអន្តរាគមន៍ ដោយចោទឈ្មោះឈិន សុខគង់ ថា បានរំលោភប្អូនស្រីរបស់ខ្លួន និងទាមទារជំងឺចិត្ត១ម៉ឺនដុល្លារ។ ក្រោមការតាមប្រមាញ់របស់កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យមកសួរនាំ និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីចាត់ការ ។
បើទោះជាជនសង្ស័យឆ្លើយដោះសារយ៉ាងណា សមត្ថកិច្ចបានរកឃើញវត្ថុតាងនៅកន្លែងកើតហេតុ គឺខោរបស់ក្មេងស្រីជំទង់មានប្រឡាក់ទឹកកាម ហើយក៏បានបញ្ជូនក្មេងស្រីទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែកខេត្ត ៕
ចែករំលែកព័តមាននេះ