រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តម៉ាកហ៊ីណូ ពណ៌លឿង ដឹកទំនិញមួយគ្រឿងបើកបុកអ្នកជិះកង់ បណ្តាលឱ្យដួលរួចកិនពីក្រោយធ្លាយពោះ នៅលើកំណាត់ផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១៣ កុម្ភៈ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីរងគ្រោះនេះឈ្មោះសុខ ណាវី អាយុ២២ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានជិះកង់លើកំណាត់ផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង ខណៈនោះមានរថយន្តម៉ាកហីុណូមួយគ្រឿងបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ស្របទិសគ្នាជាមួយស្ត្រីរងគ្រោះ ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបត់ស្តាំចូលបុរីប៉េងហ៊ួត ដោយមិនមើលឆ្វេងស្តាំ ទើបបណ្តាលឱ្យបុកស្ត្រីរងគ្រោះដែលកំពុងជិះកង់ដួល ហើយកិនចំពាក់កណ្តាលខ្លួនធ្លាយពោះស្លាប់ភ្លាមៗតែម្តង ។ ឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងដកហូតរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកសពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។ ចំពោះរណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីអ្នកបើកបររថយន្តគ្មានការប្រុងប្រយ័ត្នបត់រថយន្តចេញពីផ្លូវធំចូលផ្លូវតូចមិនគោរពសិទ្ធិអ្នកធ្វើដំណើរស្របទិសគ្នា ទើបបណ្តាលឱ្យមានគ្រោះថ្នាក់បែបនេះ៕
ចែករំលែកព័តមាននេះ